ឯកឧត្តម ជុំ កុសល«ខ្ញុំស្នើសុំឱ្យសហការីកាសែតកោះសន្តិភាព ស្តាប់ប្រសាសន៍សម្តេចតេជោ ហ៊ុន សែន ឱ្យច្បាស់ឡើងវិញ និងកែតម្រូវចំណងជើងអត្ថបទរបស់ខ្លួន»


(ភ្នំពេញ)៖ ឯកឧត្តម ជុំ កុសល ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជារដ្ឋលេខាធិការក្រសួងព័ត៌មាន នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ បានស្នើឱ្យកាសែតកោះសន្តិភាព កែតម្រូវអត្ថបទរបស់ខ្លួនក្រោមចំណងជើងថា «រឿងក្តីមេសហជីព សម្តេចតេជោហ៊ុនសែនស្នើឱ្យបញ្ឈប់ក្តីក្តាំទាំងអស់នៅតុលាការ» ដើម្បីបញ្ចៀសការយល់ច្រឡំ។ សម្រាប់ចំណងជើងអត្ថបទនេះ លោក​អះអាងថា គឺសរសេរខុសឆ្គង ដោយមិនបានយល់ច្បាស់ពីប្រសាសន៍សម្តេចតេជោ ហ៊ុន សែន។

ឯកឧត្តម ជុំ កុសល បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ខ្ញុំស្នើសុំឱ្យសហការីកាសែតកោះសន្តិភាព ស្តាប់ប្រសាសន៍សម្តេចតេជោ ហ៊ុន សែន ឱ្យច្បាស់ឡើងវិញ និងកែតម្រូវចំណងជើងអត្ថបទរបស់ខ្លួន ដែលបានសរសេរថា « រឿងក្តីមេសហជីព សម្តេចតេជោហ៊ុនសែនស្នើឱ្យបញ្ឈប់ក្តីក្តាំទាំងអស់នៅតុលាការ » លើកទី៥១ លេខ9554 ចេញផ្សាយថ្ងៃព្រហស្បតិ៍ទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ»

ឯកឧត្តមបានបន្ថែមថា ការសរសេរចំណងជើងបែបនេះគឺមានន័យថា អ្នកសរសេរស្តាប់ប្រសាសន៍សម្តេចតេជោហ៊ុន សែន មិនច្បាស់ ហើយចេះតែសរសេរទាំងខុសឆ្គង ដែលជាហេតុនាំឱ្យមានការយល់ច្រឡំចំពោះសំណើរបស់សម្តេចចំពោះករណីក្តីរបស់មេសហជីពដែលកំពុងតែស្ថិតនៅក្នុងដំណើរនៃនីតិវិធីរបស់តុលាការ ដែលមើលទៅគឺហាក់បីដូចជាសម្តេចតេជោលោកស្នើត្រង់ទៅតុលាការអោយបញ្ឈប់រឿងក្តីក្តាំតែម្តង ! ។

ឯកឧត្តមអះអាងថា «ប្រសាសន៍ពិតរបស់សម្តេចគឺ លោកបានស្នើឱ្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ:សហការជាមួយក្រសួងយុត្តិធម៌ ដើម្បីពន្លឿននីតិវិធីឱ្យបានឆាប់រហ័សស្របតាមបទប្បញ្ញតិជាធរមានប៉ុណ្ណោះ លោកមិនបានស្នើឲ្យបញ្ឈប់រឿងក្តីក្តាំទាំងអស់របស់មេសហជីព នៅក្នុងតុលាការដូចការសរសេរចំណងជើងរបស់កាសែតកោះសន្តិភាពនោះឡើយ»

ឯកឧត្តមសង្ឃឹមថា កាសែតកោះសន្តិភាពនឹងពិនិត្យហើយកែតម្រូវឡើងវិញនូវ ចំណងជើងអត្ថបទរបស់ខ្លួនអោយត្រឹមត្រូវតាមប្រសាសន៍ដើមដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ដែលបានថ្លែងកាលពីថ្ងៃទី២៨ ខែ វិច្ឆិកា ឆ្នាំ២០១៨មកនេះ ដើម្បីកុំមានការភាន់ច្រឡំថា សម្តេចតេជោបញ្ជាត្រង់ទៅតុលាការ៕