ទំនាក់ទំនងរវាងប្រទេសកម្ពុជា និងចិន


ភ្នំពេញ ថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៦ —  ប្រទេសកម្ពុជា និងចិន ជាប្រទេសជិតខាងល្អដែលមានប្រវត្តិទំនាក់ទំនងជាប្រពៃណី និងជាមេត្រីភាពតាំងពីយូរយារណាស់មកហើយ។ រហូតមកដល់ពេលនេះការផ្លាស់ប្តូរទំនាក់ទំនងទេ្វភាគីនេះ មានរយៈពេលជាង២០០០ឆ្នាំ ដោយបានបន្តនូវប្រវត្តិរឿងរ៉ាវជាគំរូល្អៗជាច្រើនក្នុងប្រវត្តិសាស្រ្ត ដែលត្រូវបានកូនចៅជំនាន់ក្រោយអនុវត្តបន្តពីមួយជំនាន់ទៅមួយជំនាន់ទៀត ។ នៅខែមេសា ឆ្នាំ១៩៥៥ ព្រះករុណាព្រះបាទសម្តេច ព្រះនរោត្តម សីហនុ និងលោកចូវ អ៊ីនឡាយ នាយករដ្ឋមន្រ្តីចិន បានជួបគ្នានៅក្នុងសន្និសីទអាស៊ីអាហ្រ្វីកនៅទីក្រុងបានឌុង ដែលប្រការនេះបានក្លាយទៅជាទីចាប់ផ្តើមថ្មីនៃទំនាក់ទំនងមេត្រីភាពរវាងប្រទេសចិននិងកម្ពុជា។ នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ១៩៥៨ ប្រទេសកម្ពុជា និងចិន បានចាប់ផ្តើមមានទំនាក់ទំនងការទូតជាផ្លូវការ។ ចាប់តាំងពីមានចំណងទាក់ទងការទូតរយៈពេលជាងពាក់កណ្តាលសតវត្សរ៍កន្លងមកនេះ មិត្តភាពជាប្រពៃណីរវាងប្រទេសកម្ពុជា និងចិន ដែលត្រួសត្រាយដោយថ្នាក់ដឹកនាំជំនាន់មុន និងថ្នាក់ថ្នមថែរក្សាយ៉ាងយកចិត្តទុកដាក់ដោយថ្នាក់ដឹកនាំជំនាន់ក្រោយៗរបស់ប្រទេសកម្ពុជា និងចិន ត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយឥតឈប់ឈរ។ ភាគីទាំងពីរមានកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយគ្នាលើគ្រប់វិស័យដូចជា ផ្នែកនយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម វប្បធម៌មនុស្សជាតិ ព្រមទាំងកិច្ចការក្នុងតំបន់ និងអន្តរជាតិ ដោយទទួលបាននូវសមិទ្ធិផលយ៉ាងច្រើនទៀតផង ។
ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ជាមិត្តភក្តិចាស់របស់ប្រជាជនចិន។ ថ្នាក់ដឹកនាំជំនាន់មុនៗរបស់ប្រទេសចិន សុទ្ធតែបានរឹតចំណងមិត្តភាពយ៉ាងជ្រាលជ្រៅជាមួយនឹងព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហនុ ដោយបានរួមវិភាគទានដែលមិនអាចបំភ្លេចបានក្នុងការបណ្តុះបណ្តាលបុព្វហេតុមិត្តភាពរវាងប្រទេសកម្ពុជា និងចិន។ ជាច្រើនទសវត្សរ៍កន្លងមកនេះ ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ បានប្រកាន់ខ្ជាប់នូវគោលនយោបាយរាប់អានជាមួយប្រទេសចិនព្រមទាំងបានស្នាក់នៅក្នុងប្រទេសចិនអស់រយៈពេលជាយូរទៀតផង ។ គួរឲ្យសោកស្តាយបំផុត គឺនៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២ ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ទ្រង់បានយាងចូលទិវង្គតនៅក្រុងប៉េកាំង ប្រទេសចិន។ នាពេលនោះថ្នាក់ដឹកនាំប្រទេសសចិន បានរៀបចំពិធីរំលែកទុក្ខចំពោះការយាងចូលទិវង្គតរបស់ព្រះអង្គដោយឡែកនៅក្រុងប៉េកាំង ព្រមទាំងរៀបចំចាត់បញ្ជូនយន្តហោះពិសេសដើម្បីអមដំណើរព្រះមជ្ឈូសារបស់ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ យាងត្រឡប់ទៅកាន់រាជធានីភ្នំពេញវិញ។ នៅខែកុម្ភៈ ឆ្នាំ២០១៣ លោក ចា ឈាងលីន ប្រធានសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិន ក៏បានអញ្ជើញទៅចូលរួមក្នុងព្រះរាជពិធីបូជាសពព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ នៅព្រះរាជាណាចក្រកម្ពុជា ផងដែរ។
ប្រទេសកម្ពុជា ជាដៃគូសហប្រតិបត្តិការដ៏សំខាន់របស់ប្រទេសចិន។ ថ្នាក់ដឹកនាំជាន់ខ្ពស់រវាងប្រទេសទាំងពីរតែងតែមានទំនាក់ទំនងគ្នាទៅវិញទៅមកជាញឹកញាប់។ នៅខែធ្នូ ឆ្នាំ២០១០ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញមកបំពេញទស្សនកិច្ចនៅប្រទេសចិន ហើយប្រទេសទាំងពីរ បានបង្កើនទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការជាយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ។ ការប្រាស្រ័យទាក់ទងគ្នា ការសម្របសម្រួល និងកិច្ចសហប្រតិបត្តិការក្នុងកិច្ចការអន្តរជាតិ និងក្នុងតំបន់រវាងប្រទេសទាំងពីរកាន់តែមានភាពជិតស្និទ្ធពីមួយថ្ងៃទៅមួយថ្ងៃ។ ដោយឈរលើមតិឯកភាពរួមផ្នែកនយោបាយកម្រិតខ្ពស់ ភាគីទាំងពីរមានការយោគយល់គ្នា គោរពគ្នា និងផ្តល់ការគាំទ្រដល់គ្នាទៅវិញទៅមក រួមគ្នាគាំពារស្ថានការណ៍នៃទំនាក់ទំនងរវាងចិន និងអាស៊ាន ព្រមទាំងសុខសន្តិភាព និងស្ថិរភាពក្នុងតំបន់ផងដែរ ។
រហូតមកដល់ពេលបច្ចប្បន្ន ប្រទេសទាំងពីរ កម្ពុជា និងចិន ទទួលបាននូវសមិទ្ធិផលជាផ្លែផ្កាយ៉ាងច្រើនសម្បូរបែប។ ប្រទេសចិនជាដៃគូពាណិជ្ជកម្មធំទីមួយ និងជាប្រទេសប្រភពនៃទុនបរទេសធំបំផុតរបស់ប្រទេសកម្ពុជា។ ឆ្នាំ២០១៥ ទំហំពាណិជ្ជកម្មទ្វេភាគីមានដល់ទៅ៤.៣២០ លានដុល្លារអាមេរិក។ នៅឆមាសទី‌១ ឆ្នាំ ២០១៦ ទំហំពាណិជ្ជកម្មរវាងប្រទេសកម្ពុជា និងចិន មានដល់ទៅ ២.៣៤០ លានដុល្លារអាមេរិក កើនឡើង ១០,២% បើប្រៀបធៀបនឹងដំណាក់កាលដូចគ្នានៅឆ្នាំទៅមិញ។ ប្រទេសទាំងពីរមានជំនឿចិត្តថា នឹងសម្រេចគោលដៅដែលមានទំហំពាណិជ្ជកម្មទ្វេភាគីចំនួន ៥.០០០ លានដុល្លារអាមេរិកក្នុងឆ្នាំ២០១៧។ គិតរហូតដល់ខែមិថុនា ឆ្នាំ២០១៦ ប្រាក់វិនិយោគទុនដោយផ្ទាល់របស់ប្រទេសចិននៅកម្ពុជាសរុបលើសពី ១២.០០០ លានដុល្លារអាមេរិក ។
ការផ្លាស់ប្តូរខាងវប្បធម៌មនុស្សជាតិរវាងប្រទេសទាំងពីរត្រូវពង្រីកដោយឥតឈប់ឈរ ។ ចាប់ពីខែមករា ដល់ខែកក្កដា ឆ្នាំ២០១៦ ចំនួនភ្ញៀវទេសចរចិនដែលធ្វើទេសចរណ៍នៅកម្ពុជាមានដល់ទៅ ៤៤,៤៩ម៉ឺននាក់ ដែលកើនឡើង ១២,៤% បើប្រៀបធៀបនឹងដំណាក់កាលដូចគ្នានៅឆ្នាំទៅមិញ។ ជារៀងរាល់ថ្ងៃមានជើងយន្តហោះចំនួន៣៥ ធ្វើការហោះហើរទៅមករវាងប្រទេសចិន និងកម្ពុជា ហើយក្នុងនោះមានទីក្រុងរបស់ប្រទេសចិនជាង១០ ដែលមានជើងហោះហើរមកកាន់កម្ពុជាដោយផ្ទាល់។ ជាមួយគ្នានេះដែរ ទ្រង់ទ្រាយនៃការចាត់បញ្ជូនផ្លាស់ប្តូរនិស្សិតឲ្យបន្តការសិក្សា និងការបណ្តុះបណ្តាលធនធានមនុស្សរវាងប្រទេសទាំងពីរត្រូវបានពង្រីកដោយឥតឈប់ឈរ។ ស្របពេលជាមួយគ្នានេះ វិទ្យុអន្តរជាតិចិនបានបង្កើតវិទ្យុមិត្តភាពកម្ពុជា-ចិនដែលជាវិទ្យុFM ប្រចាំនៅរាជធានីភ្នំពេញ និងខេត្តសៀមរាបជាបន្តបន្ទាប់ ដែលបានបង្កើតជាស្ពានសម្រាប់ការយោគយល់គ្នារវាងប្រជាជននៃប្រទេសទាំងពីរ។ កន្លងមក កម្មវិធីផ្សាយរបស់វិទ្យុមិត្តភាពកម្ពុជា-ចិន បានទទួលការស្វាគមន៍ និងស្រឡាញ់ចូលចិត្តយ៉ាងខ្លាំងពីប្រិយមិត្តអ្នកស្តាប់ខ្មែរ ។
មិនថាស្ថិតនៅក្នុងកាលៈទេសៈណា ភាគីចិនតែងតែផ្តោតការយកចិត្តទុកដាក់ទៅលើទំនាក់ទំនង       ជាមួយប្រទេសកម្ពុជាដោយផ្តល់ការជ្រោមជ្រែងគាំទ្រដល់ប្រទេសកម្ពុជាក្នុងការដើរតាមមាគ៌ាអភិវឌ្ឍន៍ ដោយសមស្របនឹងស្ថានភាពរបស់ប្រទេសខ្លួន។ ជាពិសេសផ្តល់ការគាំទ្រដល់ប្រទេសកម្ពុជាក្នុងការរក្សាស្ថិរភាព និងពន្លឿនការអភិវឌ្ឍ ធ្វើឲ្យកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយរវាងប្រទេសកម្ពុជា និងចិនឲ្យកាន់តែមានភាពស៊ីជម្រៅដោយមិនងាករេ។ ព្រមជាមួយគ្នានេះ សហគ្រាសចិនបានជួយកសាងស្ពាន និងផ្លូវថ្នល់នៅប្រទេសកម្ពូជា ដោយបានរួមវិភាគទានក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងកែលម្អជីវភាពរស់នៅរបស់ប្រជាជន នៃប្រទេសកម្ពុជាផងដែរ។ ដោយសារកសិកម្មកម្ពុជានៅមានភាពទន់ខ្សោយបន្តិច ប្រទេសចិនបានផ្តល់ការជួយឧប្ថតម្ភគ្រប់បែបយ៉ាងលើវិស័យកសិកម្មដល់កម្ពុជា ដែលក្នុងនោះរួមមានទាំងបច្ចេកទេសដាំដំណាំ ប្រព័ន្ធធារាសាស្រ្ត និងការនាំចេញអង្ករជាដើមដោយបានផ្តល់នូវការជួយជ្រោមជ្រែងយ៉ាងជាក់ស្តែងដល់កសិករកម្ពុជា ។
ដោយឡែកភាគីកម្ពុជា ក៏បានផ្តោតសំខាន់ដល់ការអភិវឌ្ឍទំនាក់ទំនងជាមួយប្រទេសចិនផងដែរ ដោយបានផ្តល់ការគាំទ្រយ៉ាងម៉ឺងម៉ាត់ដល់ភាគីចិនក្នុងបញ្ហាធំៗនិងសំខាន់ៗ ដែលប្រទេសចិនយកចិត្តទុកដាក់បំផុតដូចជា បញ្ហាសមុទ្រចិនខាងត្បូង និងបញ្ហាតៃវ៉ាន់ជាដើម។ កាលពីថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៥ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថនរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានយាងចូលរួមក្នុងមហាសន្និបាតរំលឹកខួបទី៧០ឆ្នាំនៃការទទួលជ័យជម្នះក្នុងសង្រ្គាមប្រឆាំងនឹងជប៉ុនរបស់ប្រជាជនចិន និងសង្រ្គាមប្រឆាំងនឹងហ្វាស៊ីសពិភពលោក។ ប្រទេសកម្ពុជា បានគាំទ្រនូវគំនិតផ្តួចផ្តើមអំពីយុទ្ធសាស្រ្ត ”ខ្សែក្រវាត់មួយ និងផ្លូវមួយ” និងចូលរួមយ៉ាងសកម្មជាមួយធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ីដែលលើកឡើងដោយប្រទេសចិន។ ជាពិសេសសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ក៏បានអញ្ជើញចូលរួមក្នុងពិព័រណ៍ពាណិជ្ជកម្មចិន-អាស៊ានជារៀងរាល់ឆ្នាំ និងវេទិកាអាស៊ីប៉ូអាវ ផងដែរ។ កាលពីខែមីនា ឆ្នាំ២០១៦កន្លងទៅនេះ សម្តេចតេជោបានអញ្ជើញចូលរួម ក្នុងសន្និសីទថ្នាក់ដឹកនាំលើកដំបូងស្តីពី យន្តការនៃកិច្ចសហប្រតិបត្តិការទន្លេឡានឆាង និង ទន្លេមេគង្គនៅប្រទេសចិន។ ម្យ៉ាងទៀត ភាគីកម្ពុជាក៏បានរួមសហការជាមួយភាគីចិនក្នុងការបង្រ្កាបលើករណីបោកបញ្ឆោតតាមបណ្តាញអ៊ីនធើណេត និងទូរគមនាគមន៍ និងផ្តល់ការគាំទ្រយ៉ាងម៉ឺងម៉ាត់ដល់ប្រទេសចិនក្នុងការរួមសហការតាមដានចាប់ខ្លួនមន្រ្តីស៊ីសំណូក ដែលរត់គេចខ្លួននៅឯនាយសមុទ្រទៀតផង។ មិនត្រឹមតែប៉ុណ្ណោះ ក្នុងខណៈដែលប្រទេសចិនកើតនូវគ្រោះមហន្តរាយធម្មជាតិ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហនុ បានបរិច្ចាគប្រាក់ជាច្រើនលើកដល់តំបន់រងគ្រោះរបស់ប្រទេសចិន។ នៅខែកក្កដា ឆ្នាំ២០១៦ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវរៈរាជមាតាជាតិខ្មែរ បានបរិច្ចាគប្រាក់ដល់តំបន់រងគ្រោះដោយសារទឹកជំនន់នៅប្រទេសចិនផងដែរ។ ជាមួយគ្នានេះគ្រប់មជ្ឈដ្ឋានក្នុងសង្គមកម្ពុជាបានយកចិត្តទុកដាក់ដល់តំបន់រងគ្រោះដោយធម្មជាតិរបស់ប្រទេសចិន និងបានផ្តល់ការជួយជ្រោមជ្រែងបានទាន់ពេលវេលាទៀតផង។ ព្រមជាមួយគ្នានេះដែរ ភាគីកម្ពុជាក៏បានដើរតួនាទីជាវិជ្ជមានក្នុងការគាំពារ និងជំរុញការអភិវឌ្ឍទំនាក់ទំនងរវាងចិន-អាស៊ាន ទៀតផង។
កាលពីខែធ្នូ ឆ្នាំ២០០៩ ឯកឧត្តម ស៊ី ជីនភីង ប្រធានរដ្ឋចិនដែលកាលនេះលោកជាអនុប្រធានរដ្ឋចិន បានអញ្ជើញមកបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជា។ ដោយឡែកសម្រាប់ដំណើរទស្សនកិច្ចរបស់ឯកឧត្តម ស៊ី ជីនភីង លើកនេះ គឺជាទស្សនកិច្ចលើកដំបូងដែលថ្នាក់ដឹកនាំសំខាន់ៗរបស់ប្រទេសចិននិងអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា ក្រោយពីចាប់ផ្តើមបង្កើតក្រុមថ្នាក់ដឹកនាំអាណត្តិថ្មីរបស់ប្រទេសចិន កាលពីខែវិច្ឆិកា ឆ្នាំ២០១២។ ដំណើរទស្សនកិច្ចលើកនេះ មានសារៈសំខាន់ខ្លាំងណាស់សម្រាប់ពង្រឹង និងពង្រីកមិត្តភាពជាប្រពៃណីរវាងប្រទេសទាំងពីរ កម្ពុជា និងចិន ហើយក៏នឹងអាចជំរុញធ្វើឲ្យកិច្ចសហប្រតិបត្តិការ ជាយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ មានភាពកាន់តែស៊ីជម្រៅថែមទៀតផង។ ក្នុងអំឡុងពេលបំពេញទស្សនកិច្ចនេះដែរ ឯកឧត្តម ស៊ី ជីនភីង ប្រធានរដ្ឋចិន នឹងចូលថ្វាយបង្គំគាល់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសួរសុខទុក្ខសម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវរៈរាជមាតាជាតិខ្មែរ ព្រមទាំងជួបធ្វើកិច្ចសន្ទនាជាមួយនឹងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងចូលរួមក្នុងពិធីចុះហត្ថលេខាលើឯកសារស្តីពីកិច្ចសហប្រតិបត្តិការទ្វេភាគី ក្នុងន័យជំរុញឲ្យយុទ្ធសាស្រ្តអភិវឌ្ឍន៍របស់ប្រទេសកម្ពុជា និងចិន តភ្ជាប់គ្នាយ៉ាងរឹងមាំ និងធ្វើឲ្យកិច្ចសហប្រតិបត្តិការជាក់ស្តែងលើគ្រប់វិស័យកាន់តែមានភាពស៊ីជម្រៅ ហើយទទួលបាននូវសមិទ្ធិផលថ្មីៗថែមទៀត ៕

king-1

king-2