រាជធានីភ្នំពេញ៖ អគ្គនាយកដ្ឋានឧត្តមសិក្សា បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយគម្រោងកែលម្អការអប់រំឧត្តមសិក្សា ក្នុងគោលបំណងផ្សព្វផ្សាយគម្រោងឱ្យបានទូលំទូលាយដល់ស្ថាប័ន និងអង្គភាពពាក់ព័ន្ធនានាបានជ្រាប និងចូលរួមសហការដើម្បីធានាឱ្យបាននូវនិរន្តភាពនៃការអភិវឌ្ឍស្ថាប័ន និងអង្គភាពនាពេលអនាគត។
សិក្ខាសាលានេះត្រូវបានរៀបចំឡើង ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នាព្រឹកថ្ងៃចន្ទ ១១រោច ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ នៅសណ្ឋាគារកាំបូឌីយ៉ាណា។ ក្នុងឱកាសនោះឯកឧត្តមបណ្ឌិត បានមានប្រសាសន៍ថា គម្រោងកែលម្អការអប់រំឧត្តមសិក្សាផ្តោតជាចម្បងលើការលើកកម្ពស់គុណភាពនៃការបង្រៀន ការរៀន និងការស្រាវជ្រាវ ការបង្កើនកាលានុវត្តភាព និងសមធម៌នៃការចូលរៀនរបស់និស្សិត ការពង្រឹងប្រព័ន្ធធានាគុណភាពអប់រំ និងការពង្រឹងអភិបាលកិច្ច ព្រមទាំងការគ្រប់គ្រងនៅឧត្តមសិក្សា៕