ភ្នំពេញ ថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៦–ប្រធានរដ្ឋសភាកម្ពុជាបានលើកឡើងថា ដំណើរទស្សនកិច្ ចរបស់ប្រមុខរដ្ឋាភិបាល ចិនឯកឧត្តម ស៊ី ជីនពីង (Xi Jinping) មកកម្ពុជានៅថ្ងៃទី១៣ ខែតុលា ស្អែកនេះ នឹងធ្វើឱ្យ កិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរឈានដល់កម្រិតខ្ពស់ ក្នុងការជួយពង្រឹង ទំនាក់ទំនងការទូត និងសេដ្ឋកិច្ចនៃប្រទេសទាំងពីរឈានដល់កម្រិតកំពូល។
ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានក្រោយជំនួបរវាងសម្តេចអគ្គមហោពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងឯកឧត្តម Xiong Bo ឯកអគ្គរដ្ឋទូតថ្មីនៃ សាធារណរដ្ឋ ប្រជាមានិតចិនប្រចាំកម្ពុជា នាព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៦ នៅវិមានរដ្ឋសភា ឯកឧត្តម កែវ ពិសិដ្ឋ នាយកខុទ្ទកាល័យ និងជាអ្នកនាំពាក្យ សម្ដេចប្រធានរដ្ឋសភា បានលើកឡើងថា សម្ដេចពញាចក្រី ហេង សំរិន បានស្វាគមន៍យ៉ាងកក់ក្តៅ បំផុតចំពោះដំណើរទស្ស កិច្ចរបស់ប្រមុខរដ្ឋចិននៅកម្ពុជានាពេលនេះ។
សម្តេចប្រធានរដ្ឋសភាចាត់ទុកថា វត្តមានប្រមុខរដ្ឋចិននៅកម្ពុជានឹងជំរុញ ឱ្យទំនាក់ទំនង
កិច្ចសហប្រតិបត្តិការ រវាងកម្ពុជា-ចិន ឈានដល់កម្រិតខ្ពស់បំផុតដែលមិនធ្លាប់មានពីមុនមកនៅក្នុង ដំណាក់កាលថ្មីមួយ។
ឯកឧត្តម Xiong Bo ឯកអគ្គរដ្ឋទូតថ្មីនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា បានមានប្រសាសន៍ថា ដំណើរទស្សនកិច្ចរបស់ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីចិនមកកម្ពុជា នឹងធ្វើឱ្យទំនាក់ទំនង កិច្ចសហប្រតិបត្តិការរវាងចិន-កម្ពុជាកាន់តែមានការរីកចម្រើននិងផ្តល់ផ្លែផ្កា។
គួរបញ្ជាក់ថា ប្រធានាធិបតីចិន ឯកឧត្តម ស៊ី ជីនពីង នឹងមកទស្សនកិច្ចផ្លូវរដ្ឋនៅ ព្រះរាជាណាចក្រ កម្ពុជា តាមការគ្រោងទុកនៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦ ដែលដំណើរទស្សនកិច្ចនេះ គឺតបតាម ការអញ្ជើញរបស់ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃ ព្រះរាជាណាចក្រកម្ពុជា។
ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋមកកាន់កម្ពុជានេះ ឯកឧត្តម ស៊ី ជីនពីង នឹងចូលក្រាបបង្គំគាល់ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេច ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាពសេចក្តីថ្លៃថ្នូរ និង សុភមង្គលនៅក្នុងព្រះបរមរាជវាំង។
បន្ទាប់មក ឯកឧត្តម ស៊ី ជិនពីង ក៏នឹងជួបពិភាក្សាទ្វេភាគី ជាមួយសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងនោះ ភាគីទាំងពីរ នឹងមានការចុះហត្ថលេខា លើកិច្ចព្រមព្រៀងពង្រឹង កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរផងដែរ៕