កិច្ចប្រជុំត្រៀមរៀបចំសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ ២០១៨ និងលើកទិសដៅការងារ ឆ្នាំ២០១៩ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន


ថ្ងៃចន្ទ ១១រោច ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៨ ឯកឧត្តម តូច ចាន់កុសល រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រៀមរៀបចំសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ ២០១៨ និងលើកទិសដៅការងារឆ្នាំ២០១៩ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដោយមានការ ចូលរួមពីមន្ត្រីជាន់ខ្ពស់ក្រសួង។

កិច្ចប្រជុំនេះបានពិភាក្សាលើរបាយការណ៍វឌ្ឍនភាពនៃការត្រៀមរៀបចំនៅតាមអនុគណៈកម្មការជំនាញ នីមួយៗ គំរូរបាយការណ៍ ប្រធានបទសម្រាប់ធ្វើបទអន្តរាគមន៍ពីសំណាក់មន្ទីរ និងអង្គភាពក្រោមឱវាទ ក្រសួង និងការតាំងពិព័រណ៌រូបភាពបង្ហាញពីសមិទ្ធផលសម្រេចបានក្នុងឆ្នាំកន្លងមកផងដែរ។

ឯកឧត្តមរដ្ឋលេខាធិការ បានជំរុញឱ្យមន្ត្រីក្រោមឱវាទខិតខំប្រឹងប្រែងត្រៀមរៀបចំសន្និបាតក្នុងឆ្នាំនេះឱ្យ មានលក្ខណៈប្រសើរ និងទាន់ពេលវេលាតាមការគ្រោងទុក៕