គណៈកម្មាធិការសិទ្ធិមនុស្សប្រាប់ លោកស្រី រ៉ូណាស្មីត ពីមូលដ្ឋានគ្រឹះសិទ្ធិមនុស្ស


     កម្ពុជាបានប្រាប់អ្នករាយការណ៍ពិសេសនៃអង្គការសហប្រជាជាតិ ទទួលបន្ទុកផ្នែកសិទ្ធិមនុស្ស លោកស្រី រ៉ូណាស្មីត ថា កម្ពុជាត្រូវការសន្តិភាពជាចាំបាច់ ក្នុងការធ្វើអោយមាននិរន្តរភាពសិទ្ធិមនុស្ស ។

     ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សរបស់រាជរដ្ឋាភិបាល លោក កែវ រ៉េមី បានស្នើ លោកស្រី រ៉ូណា ស្មីត ត្រូវផ្តល់យុត្តិធម៌ជូនប្រជាពលរដ្ឋកម្ពុជា… ដល់រាជរដ្ឋាភិបាលកម្ពុជា ចំពោះស្ថានភាពសិទ្ធិមនុស្ស ដោយសង្កត់ធ្ងន់ថា សន្តិភាពគឺជាមូលដ្ឋានគ្រឹះនៃសិទ្ធិមនុស្ស។ ប្រសាសន៍របស់ប្រធានគណៈកម្មាធិការសិទ្ធិមនុស្ស របស់រាជរដ្ឋាភិបាល បានធ្វើក្នុងឱកាសជួបជាមួយនឹង លោកស្រី រ៉ូណា ស្មីត កាលពីម្សិលមិញក្នុងស្ថានការណ៍ដែល គណបក្សប្រឆាំងតែងតែនិយាយចោទប្រកាន់ អំពីការរំលោភសិទ្ធិមនុស្សនៅកម្ពុជា។

     សូមជំរាបថា សន្តិភាពពិតប្រាកដដែលកម្ពុជាទទួលបានក្រោយឆ្នាំ ១៩៩៨ បានរងការអុកឡុកពីល្បិចដឹកនាំនយោបាយរបស់មេដឹកនាំគណបក្សសង្គ្រោះជាតិ ដែលញុះញង់រកការធ្វើបាតុកម្ម ដើម្បីរករូបភាពហិង្សាបន្ទោសចោទប្រកាន់ដាក់លើរាជរដ្ឋាភិបាលគ្រប់គ្រងប្រទេស។ សម្តីញុះញង់រកការធ្វើបាតុកម្មវេលាចុងក្រោយនេះ បានប្រតិកម្មតបទៅវិញពីរាជរដ្ឋាភិបាល ដែលប្រកាន់វិធានការណ៍រារាំង មិនអោយមានអំពើចលាចល និងអស្ថិរភាព។ គណបក្សសង្គ្រោះជាតិ បានប្រើប្រាស់ការបន្តឹងវិធានការណ៍ដើម្បីសេចក្តីសុខសាន្តនោះ ថាជាអំពើរំលោភសិទ្ធិមនុស្ស។

     ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សរបស់រាជរដ្ឋាភិបាល លោក កែវ រ៉េមី បានប្រាប់បេសកជនពិសេសនៃអង្គការសហប្រជាជាតិ ទទួលបន្ទុកផ្នែកសិទ្ធិមនុស្សកាលពីម្សិលមិញថា អ្វីដែលរាជរដ្ឋាភិបាលកម្ពុជាត្រូវបន្តធ្វើគឺ ស្ថិរភាព និងនិរន្តរភាពនៃសន្តិភាព បើពុំដូច្នោះទេ សិទ្ធិមនុស្សនឹងត្រូវសូន្យសុងដូចសម័យ នៃអតីតរបបប៉ុលពតជាមិនខាន។

hr-13-10-16-2-copy

hr-13-10-16-3-copy