ជំនួបពិភាក្សាការងាររវាង ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ជាមួយលោកស្រី Sunniya Durrani Jamal ប្រធានតំណាងធនាគារអភិវឌ្ឍន៌អាស៊ីADBប្រចាំកម្ពុជា


ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិតទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ ជួបលោកស្រី
ប្រធានតំណាងធនាគារអភិវឌ្ឍន៌អាស៊ីប្រចាំកម្ពុជា
​ក្នុងជំនួបពិភាក្សាការងាររវាង ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម ជាមួយលោកស្រី Sunniya Durrani Jamal ប្រធានតំណាងធនាគារអភិវឌ្ឍន៌អាស៊ីADBប្រចាំកម្ពុជា នាព្រឹកថ្ងៃច័ន្ទ ១២​រោជ ខែកក្តិក ឆ្នាំច សំរិទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ០៤​ខែ ធ្នូ ឆ្នាំ ២០១៨ ដៃគូសន្ទនាបានសម្តែងនូវទឹកចិត្តរីករាយនិងវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃកិច្ចសហការដ៏ល្អរវាងក្រសួងឧស្សាហកម្ម និងសិប្បកម្ម ជាមួយធនាគារអភិវឌ្ឍន៌អាស៊ី ADB នាពេលកន្លងមក ។ ក្នុងនោះ ឯកឧត្តមកិត្កិសេដ្ឋាបណ្ឌិតទេសរដ្ឋមន្ត្រី បានចាត់ទុកធនាគារអភិវឌ្ឍន៌អាស៊ី ជាដៃគូអភិវឌ្ឍន៌ដ៏ប្រសើរជាមួយកម្ពុជា តាមរយៈការផ្តល់កម្ចីអភិវឌ្ឍន៌ កម្ចីឥណទាន និងជំនួយបច្ចេកទេសជាដើម ។
​នៅក្នុងជំនួបនោះផងដែរ ដោយចាត់ទុកទឹកស្អាតជាវិស័យអាទិភាពមួយរបស់រាជរដ្ឋាភិបាល ជាពិសេសមានការយកចិត្តទុកដាក់ខ្ពស់ពីប្រមុខរាជរដ្ឋាភិបាល សម្តេចអគ្គមហាសេនាបតិតេជោ ហ៊ុន សែន ដែលចង់ឲ្យប្រជាពលរដ្ឋមានប្រព័ន្ធទឹកស្អាតប្រើប្រាស់ ដើម្បីជៀសផុតពីជំងឺដង្កាត់ផ្សេងៗ និងចូលរួមកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិតទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បានលើកឡើងពីទស្សនៈវិស័យរបស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ទាក់ទងនិងការអភិវឌ្ឍន៌លើវិស័យទឹកស្អាតដើម្បីសម្រេចបានតាមគោលដៅអភិវឌ្ឍន៌របស់រាជរដ្ឋាភិបាលក៏ដូចជាគោលដៅអភិវឌ្ឍន៌ប្រកបដោយចិរភាពរបស់អង្គការសហប្រជាជាតិផងដែរ ។ ក្នុងនោះ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត បានលើកឡើងពីកំណែទម្រង់បន្តបន្ទាប់របស់ក្រសួង ដូចជា ​ការពន្យាការផ្តល់អជ្ញាប័ណ្ណដល់ប្រតិបត្តិករទឹកស្អាតឯកជន ពី០៣ ឆ្នាំ ដល់ ២០ ឆ្នាំ-ការបញ្ចុះថ្លៃទឹក និងយន្តការត្រួតពិនិត្យគុណភាពទឹកជាដើម ។ ប៉ុន្តែអ្វីដែលឯកឧត្តម ចង់សង្កត់ធ្ងន់ថែមទៀត ហើយក៏បានស្នើឲ្យ ADB ពិនិត្យពិចារណាជួយគាំទ្រ​ផងដែរនោះ គឺ៖ក្រសួងមានគោលដៅមិនត្រឹមអនុវត្តការផ្គត់ផ្គង់ទឹកស្អាតដល់ខ្នងផ្ទះប្រជាពលរដ្ឋ​ក្នុងតំបន់ទីប្រជុំជនឲ្យបាន៩០% ក្នុងឆ្នាំ២០១៥ ប៉ុណ្ណោះទេ ។ តែយើងត្រូវយកចិត្តទុកដាក់​ចំពោះតំបន់ជនបទ​ រឺតំបន់ដាច់ស្រយាលផងដែរ តាមមធ្យោបាយផ្សេងៗ ដូចជាបង្កើតស្ថានីយ៌ទឹកស្អាតខ្នាតតូច សម្រាប់ផ្គត់ផ្គង់ចែកចាយដល់ពួកគាត់ជាដើម ជាពិសេសប្រជាពលរដ្ឋរស់នៅតាមបណ្តាយតាមដងទន្លេមគង្គ ។ ជាមួយគ្នានេះ ឯកឧត្តមក៏បានស្នើឲ្យមានការជួយផ្នែកបណ្តុះបណ្តាលធនធានមនុស្ស និងផ្តល់សារៈសំខាន់ចំពោះអ្នកវិនិយោគក្នុងស្រុក ធ្វើយ៉ាងណាឲ្យពួកគាត់មានឱកាសវិនិយោគហើយ និងអាចទទួលបានកម្ចីហិរញ្ញវត្ថុសម្រាប់ពង្រីកអាជីវកម្មរបស់ខ្ឡួនផងដែរ។
​លោកស្រី Sunniya Durrani Jamal ប្រធានតំណាងធនាគារអភិវឌ្ឍន៌អាស៊ីADBប្រចាំកម្ពុជា បានចាត់ទុកជំនួបថ្ងៃនេះ ប្រកបដោយលទ្ធផលផ្លែផ្កា ហើយADB នៅតែរក្សាដៃគូដ៏ល្អ សម្រាប់ដំណើរការអភិវឌ្ឍន៌នៅកម្ពុជានិយាយជារួម​និងនិយាយដោយឡែកជាមួយក្រសួងឧស្សាហកម្ម និងសិប្បកម្ម ។ ក្នុងនោះលោកស្រីមើលឃើញពីសារៈសំខាន់នៃវិស័យទឹកស្អាត និងការអភិវឌ្ឍន៌ធនធានមនុស្ស ។