ការជួយវះកាត់ជំងឺភ្នែកឡើងបាយរបស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ដខេត្ដហាយណាន គឺបាននាំមកនូវពន្លឺជាថ្មីដល់ប្រជាពលរដ្ឋកម្ពុជា


ខេត្ដកំពង់ចាម ថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៦– បន្ទាប់ពីបានមកពិនិត្យព្យាបាលវះកាត់ភ្នែក ឡើងបាយជូនប្រជាពលរដ្ឋ កម្ពុជាប្រកបដោយជោគជ័យលើកទី១រួចមក ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ខេត្តហាយណាន បានបន្តធ្វើការពិនិត្យព្យាបាលវះកាត់ជំងឺភ្នែកឡើង បាយជូនប្រជាពលរដ្ឋ ក្រីក្រកម្ពុជាជាលើកទីពីរ ដែលសកម្មភាពនេះ ប្រធានសមាគមមិត្ដភាពកម្ពុជា ចិន ចាត់ទុកថា បាននាំមកនូវពន្លឺជាថ្មីដល់ប្រជាពលរដ្ឋកម្ពុជា។
ក្នុងក្នុងពិធីបើកការពិនិត្យ វះកាត់ជំងឺភ្នែកឡើងបាយជូនប្រជាពលរដ្ឋកម្ពុជា នៅខេត្ដកំពង់ចាម ជាលើកទីពីរ របស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ដខេត្ដហាយណាន នៃសាធារណរដ្ឋប្រជាមានិតចិន នាព្រឹក ថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៦ នៅមន្ទីរពេទ្យខេត្ដកំពង់ចាម ឯកឧត្ដម ឯក សំអុល ប្រធានសមាគម មិត្តភាពកម្ពុជា-ចិន បានបញ្ជាក់ថា ការចុះមកពិនិត្យវះកាត់ជំងឺភ្នែកឡើងបាយជូនប្រជាជនកម្ពុជា នៅ ក្នុងខេត្ដកំពង់ចាមជាលើកទីពីររបស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ដខេត្ដហាយណាននាពេលនេះ គឺជាការជួយ ដល់អ្នក ដែលមានជំងឺឱ្យជាសះស្បើយអាចមើលឃើញឡើងវិញ ដើម្បីផ្ដល់ភាពងាយស្រួល និងការ ប្រកបមុខរបររកស៊ី ពិសេសការនាំមកនូវពន្លឺជាថ្មីចំពោះប្រជាពលរដ្ឋកម្ពុជា។
ឯកឧត្តមបានបន្ដថា ក្នុងនាមសមាគមមិត្តភាពកម្ពុជា-ចិនយល់ឃើញថា បេសកកម្មរបស់ ក្រុមគ្រូពេទ្យខេត្តហាយណាន នៅលើទឹកដីខេត្តកំពង់ចាមនេះ គឺជាការអនុវត្តជាក់ស្តែង នូវគំនិតផ្តួច ផ្តើមយុទ្ធសាស្ត្ររបស់ប្រធានាធិបតីចិន ស៊ី ជិនពីង (Xi Jinping) ដែលបានដាក់ចេញនូវ «ខ្សែក្រវាត់មួយ ផ្លូវមួយ» ហើយកម្ពុជាជាប្រទេស មួយស្ថិតនៅក្នុងខ្សែក្រវាត់សេដ្ឋកិច្ចផ្លូវសូត្រ និងលើផ្លូវសូត្រសតវត្សរ៍ទី២១ ផងដែរ។
ឯកឧត្តម លន់ លឹមថៃ អភិបាលខេត្តកំពង់ចាម បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលនៃប្រទេសចិន រដ្ឋាភិបាលខេត្តហាយណាន ដែលបានបង្កលក្ខណៈបញ្ជូនក្រុមគ្រូពេទ្យស្ម័គ្រចិត្ត មកព្យាបាលវះកាត់ភ្នែក ឡើងបាយជូនប្រជាជនកម្ពុជាដោយឥតគិតថ្លៃ ដែលនេះគឺជាការបញ្ជាក់ ឱ្យឃើញពីការបង្កើននូវ ចំណងសាមគ្គីភាព ភាតរភាពរវាងកម្ពុជា-ចិន កាន់តែរឹងមាំខ្លាំងក្លាថែមទៀត ក៏ដូចជាការជួយសម្រួល ដល់ការលំបាករបស់ប្រជាពលរដ្ឋកម្ពុជា។
ឯកឧត្ដមបានចាត់ទុកថា សកម្មភាពនេះ បានឆ្លុះបញ្ចាំងឱ្យឃើញអំពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ កាន់តែរឹងមាំបន្ថែមទៀត រវាងខេត្ដកំពង់ចាម និងខេត្ដហាយណាន ដែលជាខេត្ដចង សម្ព័ន្ធមេត្រីភាពជាមួយគ្នា។
លោក វ៉ាង សីង (Wang sheng) តំណាងគណៈប្រតិភូ ក្រុមគ្រូពេទ្យស្ម័គ្រចិត្ដខេត្ដហាយណាន បានលើកឡើងថា ទំនាក់ទំនងរវាងប្រទេសចិន និងកម្ពុជា គឺផ្ដោតសំខាន់លើភាពស្និទ្ធស្នាលគ្នាទៅ វិញទៅមករវាងប្រជាជន និងប្រជាជន ហើយអត្ថន័យ នៃការចាប់ផ្តើម ដំណើរនៃពន្លឺហាយណាន-កម្ពុជា គឺដើម្បីជំរុញនូវមិត្តភាព និងការស្វែងយល់រវាង ប្រជាជន និងប្រជាជននៃប្រទេសទាំងពីរចិន និងកម្ពុជា។
លោកបន្ថែមទៀតថា ខេត្ដកំពង់ចាម គឺជាខេត្តបងប្អូនជាមួយនឹងខេត្ដហាយណាន ហើយចាប់ពីរាប់អាន គ្នានៅឆ្នាំ២០០៧មក បានធ្វើការទំនាក់ទំនងសហការគ្នានៅលើវិស័យជាច្រើន ទទួលបានផ្លែផ្កាគួរ ឱ្យកត់សម្គាល់។
លោកវេជ្ជបណ្ឌិត គីមសួរ ភីរុណ ប្រធានមន្ទីរពេទ្យខេត្តកំពង់ចាម បានបង្ហាញថា កាល ពីថ្ងៃទី៣០ ខែសីហា ដល់ថ្ងៃទី៥ខែកញ្ញា ឆ្នាំ២០១៦កន្លងទៅ មន្ទីរពេទ្យខេត្តកំពង់ចាមបានសហការ ជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្តខេត្តហាយណាន ប្រទេសចិនលើកទី១ ដោយធ្វើការពិនិត្យព្យាបាល និងវះកាត់ជំងឺ ភ្នែកឡើងបាយជូនប្រជាពលរដ្ឋទទួលបានលទ្ធផលគួរជាទីពេញចិត្ត ក្នុងនោះមានអ្នក ជំងឺភ្នែកបានមកពិនិត្យសរុប៧១៣នាក់ ជ្រើសរើសអ្នកជំងឺឡើងបាយភ្នែក២៣៣នាក់ និងធ្វើការវះកាត់ ភ្នែកឡើងបាយបានចំនួន១៥៣នាក់ ប្រកបដោយលទ្ធផលល្អប្រសើរ។
លោកវេជ្ជបណ្ឌិតបានបន្តថា ចំពោះការវះកាត់ លើកទី២នេះ ចាប់ផ្តើមពីថ្ងៃទី១០ រហូតដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៦ ដោយទទួល អ្នកជំងឺមក ពិគ្រោះបាន១៤៦នាក់ និងកំពុងធ្វើការវះកាត់ បានចំនួន៨២នាក់ និងកំពុងបន្តធ្វើការវះកាត់ ជាបន្ត បន្ទាប់ទៀតរហូតដល់ថ្ងៃបញ្ចប់។
អ្នកស្រី ហេង ណារ៉ាត អាយុ ៦៥ឆ្នាំ ជាប្រជាពលរដ្ឋមកពីភូមិទី១១ ក្រុងកំពង់ចាម ខេត្ត កំពង់ចាម បានឱ្យដឹងថា អ្នកស្រីមានជំងឺភ្នែកស្រវាំងមើលមិនឃើញប្រហែលមួយឆ្នាំកន្លងមកហើយ ប៉ុន្ដែបន្ទាប់ ពីធ្វើការវះកាត់ភ្នែកជាមួយក្រុមគ្រូពេទ្យចិនរួចកាលពីថ្ងៃម្សិលមិញ រហូតដល់ពេលនេះ ត្រូវបានគ្រូពេទ្យ បកចេញ គឺអាចមើលឃើញវិញដូចធម្មតា។
អ្នកស្រីបានបង្ហាញក្ដីសប្បាយរីករាយចំពោះការ វះកាត់ភ្នែកឱ្យមើលឃើញឡើងវិញរបស់ក្រុមគ្រូពេទ្យ ខេត្តហាយណាន ដែលបានជួយពិនិត្យ និងព្យាបាលជំងឺភ្នែកដល់ប្រជាជនកម្ពុជា ហើយស្នើ ឱ្យក្រុមគ្រូ ពេទ្យប្រទេសចិនបន្ដសកម្មភាពមកលើកក្រោយៗទៀត៕

kg-cham-4

kg-cham-5

kg-cham-3

kg-cham-2

kg-cham-1

kg-cham-6