រដ្ឋសភាកម្ពុជា ធ្វើម្ចាស់ផ្ទះកិច្ចប្រជុំសភាតំបន់អាស៊ី-ប៉ាស៊ីហ្វិក លើកទី២៧


រដ្ឋសភាកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំលើកទី២៧ នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក នៅក្នុងខេត្តសៀមរាប នៅក្នុងខែមករា ខាងមុខនេះ។

កិច្ចប្រជុំប្រចាំឆ្នាំលើកទី២៧ នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក ដែលកម្ពុជាធ្វើម្ចាស់ផ្ទះនឹងចាប់ផ្តើមពីថ្ងៃទី១៤ ដល់ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩ នៅសណ្ឋាគារសុខាសៀមរាប ក្រោមប្រធានបទស្តីពី «ពង្រឹងភាព ជាដៃគូសភា ដើម្បីសន្តិភាព សន្តិសុខ និងការអភិវឌ្ឍប្រកបដោយចីរភាព»

ថ្លែងក្នុងកិច្ចប្រជុំពិភាក្សាស្តីពីការរៀបចំ និងចូលរួមកិច្ចប្រជុំប្រចាំឆ្នាំលើកទី២៧ នៃវេទិកាសភាតំបន់អាស៊ី-ប៉ាស៊ីហ្វិក នាព្រឹកថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៨ នៅវិមានរដ្ឋសភា ឯកឧត្តម ឡេង ប៉េងឡុងអគ្គ លេខាធិការដ្ឋានរដ្ឋសភា បានលើកឡើងថា មកដល់ពេលនេះក្រុមការងារដែលទទួលខុសត្រូវតាមផ្នែកបានរៀបចំកិច្ចរបស់ខ្លួនរួចហើយ ។

ឯកឧត្តមថ្លែងឱ្យដឹងថាកិច្ចប្រជុំនេះ នឹងមានប្រទេសចូលរួម១៧ ហើយមានប្រទេស៩ បានបញ្ជាក់ពីបេក្ខភាពចូលរួមដែលមានប្រតិភូ សមាសភាព៩០រូប និងប្រទេស៨ទៀតកំពុងរៀបចំបញ្ជូនសមាសភាពមកសភាកម្ពុជា ។ ឯកឧត្តមក៏បានលើកឡើងថា អ្នកជំនាញជប៉ុន ក៏បានស្នើឲ្យប្រទេសកម្ពុជា ដែលជាម្ចាស់ជ្រើសរើសសមាជិកជំនួសសមាជិកគណៈកម្មការប្រតិបត្តិការ នូវក្រុមសមាជិកគណៈកម្មការប្រតិបត្តិសភាតំបន់អាស៊ី- ប៉ាស៊ីហ្វិកចំនួន៤ផងដែរបានចប់អាណត្តិផងដែរ។

ឯកឧត្តម ឡេង ប៉េងឡុង ក៏បានឲ្យដឹងថា ប្រទេសដែលធ្វើជាម្ចាស់ផ្ទះនៃវេទិកាសភាតំបន់អាស៊ីបន្ទាប់ពីកម្ពុជា គឺប្រទេសអូស្ត្រាលី។

លោកជំទាវ ឃួន សុដារី អនុប្រធានទី២ នៃរដ្ឋសភា បានលើកឡើងថា កិច្ចដែលក្រុមការងារ ត្រូវរៀបចំគឺត្រូវធ្វើយ៉ាងណាឲ្យបានចប់សព្វគ្រប់នៅក្នុងខែធ្នូនេះ។ លោកជំទាវក៏បានលើកចំណុចសំខាន់ចំនួន៣ ក្នុងកិច្ចប្រជុំផងដែរគឺ១៖ កិច្ចការងាររបស់ស្ត្រី ២៖ កិច្ចការងាររួមនៃកិច្ចប្រជុំរបស់ APPF និង៣៖ កិច្ចការងាររបស់ACC ជាមួយAPPF។

សូមជម្រាបថា វេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក មានឈ្មោះជាភាសាអង់គ្លេស «The Asia Pacific Parliamentary Forum» បានបង្កើតឡើងនៅទីក្រុងតូក្យូ ប្រទេសជប៉ុន ក្នុងឆ្នាំ១៩៩៣។ សភាកម្ពុជា បានចូលជាសមាជិកពេញសិទ្ធិនៃវេទិកាសភានេះ កាលពីឆ្នាំ១៩៩៥។ បច្ចុប្បន្ន (APPF) មានសមាជិកពេញសិទ្ធិចំនួន២៧ប្រទេស៕