ដំណើរ​ទស្សនកិច្ច​លោកជំទាវ​អគ្គនាយិកា​អង្គការ​យូណេស្កូ ពិនិត្យ​​​ថ្នាក់​អក្ខរកម្ម ក្នុង​រោងចក្រ​ ថប់សាមីត


រាជធានី​ភ្នំពេញ៖ លោកជំទាវ Audrey Azoulay អគ្គនាយិកា​អង្គការ​យូណេស្កូ បាន​បំពេញ​ទស្សនកិច្ច​នៅ​រោងចក្រ​ថប់សាមីត ដើម្បី​ពិនិត្យ​​ពី​ការ​អនុវត្ត​កម្មវិធី​ និង​​វឌ្ឍនភាព​នៃ​ថ្នាក់​អក្ខរកម្ម​នៅ​តាម​រោងចក្រ ដែល​គម្រោង​នេះ​ត្រូវ​បាន​បង្កើត​ឡើង​ ក្នុង​​ទិស​ដៅ​លើក​កម្ពស់​ឱកាស​រៀន​សូត្រ​ពេញ​មួយ​ជីវិត​ ​សម្រាប់​កម្មករ កម្មការនី ដែល​ពុំ​ចេះ​អក្សរ។ ​​​​

​ទស្សនកិច្ច​នេះ​​អម​ដំណើរ​ដោយ​​ឯកឧត្តម​បណ្ឌិត​សភាចារ្យ ណាត ប៊ុនរឿន រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា នា​ថ្ងៃ​ព្រហស្បតិ៍ ១៤​រោច ខែ​កត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស.​២៥៦២ នៅ​ក្នុង​រោងចក្រ ​ថប់​សាមីត ​ស្ថិត​នៅ​ក្នុង​​សង្កាត់កំបូល​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ រាជធានី​ភ្នំពេញ។ ​ក្រសួង​អប់រំ យុវជន និង​កីឡា កំពុង​សហការ​ជាមួយ​អង្គការ យូណេស្កូ ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​រួម​គ្នា​ដើម្បី​លុបបំបាត់​អនក្ខរភាព នៅ​ក្នុង​ប្រទេស​កម្ពុជា​ សំដៅ​ជួយ​លើក​កម្ពស់​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​៕ ​​​