ឯកឧត្តមទេសរដ្ឋមន្រ្តី អូស្មាន ហាស្សាន់ ជួបពិភាក្សាការងារជាមួយមូលនិធិ SFDជំរុញលក្ខណ្ឌយោគយល់ដើម្បីទទួលបានហិរញ្ញប្បទានសម្បទានដល់កម្ពុជា


ទីក្រុងរីយ៉ាដ៖ ក្នុងដំណើរទស្សនកិច្ច ទៅកាន់ទីក្រុង ម៉ាក្កះ ប្រទេសអារ៉ាំប៊ីសាអូឌីត ដើម្បីទៅចូលរួម សន្និសីទអន្តរជាតិ ស្តីអំពី “សាមគ្គីភាពឥស្លាម មុននឹងចាប់សន្និសីទនេះ នៅឯទីក្រុងរីយ៉ាដ នារសៀលថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៨ ឯកឧត្តមទេសរដ្ឋមន្រ្តី អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស បានអញ្ជើញជួបពិភាក្សាការងារជាមួយ លោក Eng. Yousef Ibrahim Al-Bassam អនុប្រធានមូលនិធិអារ៉ាប៊ីសាអូឌីតសម្រាប់ការអភិវឌ្ឍ(SFD) ។ តាមការបញ្ជាក់របស់លោកទេសរដ្ឋមន្រ្តីបានអោយដឹងថា ជំនួបនេះ ធ្វើឡើងក្នុងគោលបំណងស្វែងយល់អោយកាន់តែស៊ីជម្រៅ និងជំរុញអំពីលក្ខណ្ឌលើកលែងផ្សេងៗរបស់ SFD ដល់កម្ពុជា ដើម្បី បានទទួលកម្ចីសម្បទានពីមូលនិធិនេះ ក្នុងគម្រោងអភិវឌ្ឍន៍វិស័យនានា ។

លោក Eng. Yousef Ibrahim បានសម្តែងនូវកិច្ចស្ចាគមន៍យ៉ាងកក់ក្តៅរបស់ ឯកឧត្តមទេសរដ្ឋមន្រ្តី និងសហការី ដែលបានអញ្ជើញជួបសម្តែងការគួរសម ជាពិសេសគឺការពិភាក្សាទៅលើគម្រោងសម្បទាននេះ តបនឹងកំណើនសេដ្ឋកិច្ចជាវិជ្ជមានរបស់កម្ពុជាដល់ទៅជាង ៧ភាគរយកំឡុងពេលជាង ២ទស្សវត្សមកនេះ លោកនឹងពិនិត្យមើលពីលទ្ធភាពសម្រួលលក្ខណ្ឌមួយចំនួទៀត តាមលទ្ធភាពដែលអាចធ្វើបាន ដើម្បីឈានដល់ការផ្តល់កម្ចីសម្បទាននេះ មកកាន់កម្ពុជាបានជោគជ័យ។
គួរបញ្ជាក់ថា មូលនិធិអារ៉ាប៊ីសាអូឌីតសម្រាប់ការអភិវឌ្ឍ (SFD) ជាស្ថាប័នសាធារណៈ ក្រោមការដឹកនាំរបស់ឥស្សរជនជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលអារ៉ាប៊ីសាអូឌីត មានកញ្ចប់ថវិកាឯករាជ្យ ដែលមានដើមទុនសរុបប្រមាណ ៩ពាន់លានដុល្លារអាមេរិក ។ មូលនិធិ SFD បង្កើតឡើងនៅថ្ងៃទី ០១ ខែកញ្ញា ឆ្នាំ១៩៧៤ និងបានផ្តើមអនុវត្តការសកម្មភាព នៅថ្ងៃទី០១ ខែមិនា ឆ្នាំ១៩៧៥ ដែលផ្តោតសំខាន់ទៅលើការផ្តល់ផ្តល់ហិរញ្ញប្បទានសហប្រតិបត្តិការ ទៅលើគម្រោងអភិវឌ្ឈន៍វិស័យជាអាទិភាពនានា នៅតាមបណ្តាប្រទេសចំនួន ៨២ នៅលើពិភពលោក លើគម្រោងអភិវឌ្ឍន៍ចំនួន ៦០៩ គម្រោង សរុបជាទឹកប្រាក់ឥណទានប្រមាណជាង ១៣ពាន់លានដុល្លាអាមេរិក រួចហើយ ក្នុងនោះប្រទេសនៅអាស៊ីចំនួន ២៩ (អាស៊ានចំនួន៦ ប្រទេស) ដែលទទួលផលពីឥណទាននេះ សរុបប្រមាណជាង ៥៧៧ លានដុល្លារ ដូចជា៖ ឥណ្ឌូណេស៊ី វៀតណាម ម៉ាឡេស៊ី ថៃ និងហ្វីលីពីន ។

គណៈប្រតិភូមូលនិធិ SFD ក៏ធ្លាប់បានមកទស្សនកិច្ចសិក្សាពីគម្រោងផ្តល់កម្ចីហិរញ្ញប្បទាននៅកម្ពុជាផងដែរ កាលពីដើមឆ្នាំ២០១៨ ពីថ្ងៃទី២៥-២៧ ខែមករា ក្នុងឱកាសនោះ គណៈប្រតិភួក៏បានអញ្ជើញជួបពិភាក្សាការងារជាមួយ ឯកឧត្តមបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឯកឧត្តមឧកញ៉ា អូស្មាន ហាស្សាន់ ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស ឯកឧត្តម ហ៊ឹម ឆែម ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា ឯកឧត្តម ពេជ សោភ័ន រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឯកឧត្តម អេង ហួត តំណាង ឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តី ក្រសួងសុខាភិបាល និងឯកឧត្តម អ៊ឹម សួរ អគ្គលេខាធិការរងតំណាង ឯកឧត្តមឈៀង យ៉ាណារ៉ា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC)ផងដែរ។