សិក្ខាសាលាស្តីពី​សេចក្តីព្រាងផែនការសកម្មភាពជាតិស្តីពី​ការគាំពារ​ និងអភិវឌ្ឍន៍កុមារតូច​ ឆ្នាំ២០១៩-២០២៣


សៀមរាប​៖​ ក្នុងគោលដៅជម្រុញអោយ​ ពិភពលោកមួយដែលកុមារគ្រប់រូបទទួលបានការអភិវឌ្ឍសក្តានុពលពេញលេញ​ ក្រសួង​អប់រំ​យុវជន​ និង​កីឡា​ បានរៀបចំសិក្ខាសាលាស្តីពី​សេចក្តីព្រាងផែនការសកម្មភាពជាតិស្តីពី​ការគាំពារ​ និងអភិវឌ្ឍន៍កុមារតូច​ ឆ្នាំ២០១៩-២០២៣​ ដេីម្បី​ផ្សព្វផ្សាយ​ ប្រជុំពិភាក្សា​ ប្រមូលធាតុចូល​ ឈានទៅរកការបង្កេីតផែនការសកម្មភាពជាតិស្តីពី​ការគាំពារ​ ​និងអភិវឌ្ឍន៍កុមារតូច​។

កម្មវិធី​នេះ​បាន​ប្រព្រឹត្ត​ទៅក្រោម​អធិបតីភាព ឯកឧត្តម​បណ្ឌិត​សភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា ចាប់ពី​ថ្ងៃអង្គារ​ ៤កេីត​ ដល់​ថ្ងៃ​ពុធ ៥​កើត ខែ​មិគសិរ ឆ្នាំ​ច សំរឹទ្ធិស័ក ព.ស.២៥៦២ នៅ​សណ្ឋាគារ​ Angkor Era ខេត្ត​សៀម​រាប។

ក្នុងឱកាសនោះ​ ឯកឧត្តមរដ្ឋមន្ត្រី​ បានមានប្រសាសន៍​ថា​ ការគាំពារកុមារតូច​ ជាតួនាទីនៃអន្តរក្រសួង​ ដែលទាមទាឲ្យមានការចូលរួម​យ៉ាងយកចិត្តទុកដាក់​ ដេីម្បីជំរុញឲ្យការអនុវត្តផែនការសកម្មភាពកុមារតូច​ បានគ្រប់ជ្រុងជ្រោយ​ ប្រកបដោយប្រសិទ្ធិភាព​ បណ្តុះកុមារ​ឲ្យក្លាយជាពលរដ្ឋពេញលេញ​ ចូលរួមអភិវឌ្ឍសេដ្ឋកិច្ច​ និងសង្គមជាតិ៕