ជំនួបរវាង ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ ជាមួយរដ្ឋមន្ត្រីកិច្ចការឥស្លាមអារ៉ាប៊ីសាអូឌីត ដើម្បីពង្រឹងកិច្ចសហប្រតបត្តិការវិស័យអប់រំ និងមនុស្សធម៌លើវិស័យនានាទៀតនៅកម្ពុជា


ក្រុងរីយ៉ាដ: ក្នុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសអារ៉ាប៊ីសាអូឌីតនេះផងដែរ មុននឹងសន្និសីទអន្តរជាតិ នឹងត្រូវចាប់ផ្តើមនៅថ្ងៃទី១២ ខែធ្នូ នេះ ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស នៅព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៨​ បានបន្តជួបសំណេះសំណាលជាមួយ ឯកឧត្តម Sheikh Abdullatif bin Abdulaziz Al-Sheikh រដ្ឋមន្ត្រីកិច្ចការឥស្លាម នៅទីស្តីការក្រសួង ទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត។ ជំនួបនេះ ធ្វើឡើងដើម្បីពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើកិច្ចការឥស្លាម ជាពិសេសវិស័យអប់រំ និង​ មនុស្សធម៌ផងដែរ។

ឯកឧត្តម ទេសរដ្ឋមន្ត្រី បានជម្រាបអំពីសុខដុមបនីយកម្ម គ្រប់ជាតិសាសន៍ និងសាសនានៅកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​ និយាយដោយឡែក សម្រាប់វិស័យឥស្លាម ក៏ត្រូវបានប្រមុខរាជរដ្ឋាភិបាលគិតគូរប្រកបដោយការយកចិត្តទុកដាក់គ្រប់ជ្រុងជ្រោយ។ លោកក៏បានកោតសរសើរដល់រាជរដ្ឋាភិបាលអារ៉ាប៊ីសាអូឌីត ដែលជានិច្ចកាលតែងតែបានចូលរួមក្នុងវិស័យមនុស្សធម៌នៅកម្ពុជា ក៏ដូចជាការផ្តល់អាហាររូបករណ៍រៀងរាល់ឆ្នាំជាច្រើនកន្លែងដល់និស្សិតខ្មែរឥស្លាម ដើម្បីបានបន្តការសិក្សានៅប្រទេសអារ៉ាប៊ីសាអូឌីត ហើយលោកក៏ស្នើឲ្យបន្តកិច្ចសហការផ្តល់ជំនួយមនុស្សធម៌នេះអោយកាន់តែច្រើនថែមទៀតផងដែរ។

ឯកឧត្តម រដ្ឋមន្ត្រីកិច្ចការឥស្លាម Abdullatif Al-Sheikh បានកោតសរសើរពីការដឹកនាំប្រកបដោយភាពឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន ហើយលោកតែងតែរំលឹកអំពីកេរ្ត៍ឈ្មោះបោះសម្លេងពីការដឹកនាំដ៏ល្អរបស់សម្តេច ដែលពិភពលោក មិនសរសើរមិនបាន ហើយក៏កាន់តែមិនអាចលាក់បាំងបានទៀតផង។

តាំងនាមក្រសួងកិច្ចការឥស្លាម លោកសន្យាថានៅតែបន្តផ្តល់លទ្ធភាពដែលអាចធ្វើទៅបាន ហើយព្យាយាមអោយបានកាន់តែច្រើន ទាំងការឧបត្ថម្ភដល់តំណាងអ្នកឃោសនិកអប់រំ និងមនុស្សធម៌ផ្សេងៗ ដើម្បីសហការចូលរួមលើកកំពស់ធនធានមនុស្ស និងកាត់បន្ថយភាពក្រីក្រ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា។

ក្នុងឱកាសនេះដែរ លោកក៏បានរំលឹកអំពីការចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការថែរក្សាសុខសន្តិភាពនេះអោយនៅគង់វង្ស ព្រោះគ្មានកត្តាណាមួយដែលមានតម្លៃជាងកត្តាសន្តិភាពនោះទេ ប្រទេសដែលមានសុខសន្តិភាព គឺការអភិវឌ្ឍន៍លើគ្រប់វិស័យនឹងកើតមានជាបន្តបន្ទាប់៕