ឯកឧត្តមទេសរដ្ឋមន្រ្តីអញ្ជើញជាអធិបតីក្នុងកម្មវិធីសិក្ខាសាលាបូកសរុប វគ្គបណ្ដុះបណ្ដាលគ្រូបង្គោលសុវត្ថិភាពកុមារតាមវត្តអារាមស្ដីពី កិច្ចការពារកុមារតាមវត្តអារាម


ព្រឹកថ្ងៃពុធ ៥ កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ ២០១៨ ឯកឧត្តម ហ៊ឹម ឆែម ទេសរដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា បានអញ្ជើញជាអធិបតីរួមជាមួយសម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតីកត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្តេចព្រះមហាសង្ឃរាជនៃគណៈធម្មយុត្តិកនិកាយ និងសម្ដេចព្រះមហាសុមេធាធិបតី នន្ទ ង៉ែត សម្ដេចព្រះសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជាក្នុងកម្មវិធី សិក្ខាសាលាបូកសរុប វគ្គបណ្ដុះបណ្ដាលគ្រូបង្គោលសុវត្ថិភាពកុមារតាមវត្តអារាមស្ដីពី កិច្ចការពារកុមារតាមវត្តអារាម ដែលមានសិក្ខាកាមចូលរួមសរុបចំនួន ១៣០អង្គ/នាក់ នៅអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ។

ឆ្លៀតឱកាសនោះផងដែរ ឯកឧត្តមទេសរដ្ឋមន្រ្តី បានមានប្រសាសន៍កោតសរសើរចំពោះគណៈសង្ឃនាយកទាំងពីរគណៈ សម្របសម្រួលដោយក្រសួងធម្មការ និងសាសនា ក្រោមកិច្ចឧបត្ថម្ភគាំពារទាំងស្មារតី និង សម្ភារៈរបស់អង្គការUNICEFប្រចាំនៅកម្ពុជា បានសហការរៀបចំសិក្ខាសាលាដ៏មានសារៈសំខាន់ ស្របនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលដឹកនាំដោយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។

ទន្ទឹមនឹងនោះដែរ ឯកឧត្តមទេសរដ្ឋមន្រ្តី ក៏បានមានប្រសាសន៍បញ្ជាក់ជូន អំពីគោលនយោបាយឈ្នះៗ របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បាននាំមកឲ្យប្រទេស និងប្រជាជនកម្ពុជា នូវសន្តិភាព និងការអភិវឌ្ឍន៍គ្រប់វិស័យ និងសូមចងចាំថារាជរដ្ឋាភិបាលគោរពសិទ្ធិសេរីភាពខាងជំនឿនិងសាសនាលើកស្ទួយព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋនិងបង្កលក្ខណៈសម្បត្តិល្អដល់សកម្មភាពនៃសាសនាផ្សេងៗទៀតដោយផ្អែកលើមូលដ្ឋានថែរក្សាសាមគ្គីរវាងប្រជាជន ស្ថិរភាពនយោបាយនិងសណ្តាប់ធ្នាប់សង្គមដោយរារាំងការរើសអើងនិងការបែងចែកក្នុងសង្គមដែលបណ្តាលមកពីភាពខុសគ្នាខាងជំនឿនិងសាសនា។សិក្ខាសាលានេះ គឺជាយន្ដការមួយផ្ដល់ឱកាសឱ្យគ្រប់ភាគីពាក់ព័ន្ធដែល យាង និមន្ដ អញ្ជើញចូលរួមផ្ដល់មតិយោបល់ ផ្លាស់ប្ដូរយុទ្ធសាស្ដ្រ កែលម្អចំណុចអវិជ្ជមានស្វែងរកចំណុចវិជ្ជមាន និងផលលំបាកក្នុងការអនុវត្តការងារកន្លងមកសម្រាប់អនុវត្តបន្ដនៅពេលខាងមុខឱ្យប្រព្រឹត្តិទៅកាន់តែ ល្អប្រសើរឡើង ដើម្បីចូលរួមទប់ស្កាត់រាល់អំពើហិង្សាគ្រប់រូបភាពពិសេស គឺការថែរក្សាឱ្យបាននៅសុវត្ថិភាព កុមារតាមវត្តអារាម ចាប់ពីជំហានដំបូងនេះ និងបន្ដឱ្យគ្រប់វត្តអារាមនៅទូទាំងព្រះរាជាណាចក្រកម្ពុជា ក្នុងកិច្ច សហប្រតិបត្តិការរបស់គណៈសង្ឃទាំងពីរគណៈ និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធគ្រប់ទិសទី ដើម្បីរួមចំណែកអភិវឌ្ឍន៍ជាតិជាមួយរាជរដ្ឋាភិបាលស្របតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ត្រង់មាត្រា៤៣ បានចែងថា៖ ប្រជាជនខ្មែរទាំងពីរភេទមានសិទ្ធពេញទីខាងជំនឿសេរីភាពខាងជំនឿសាសនា និងការប្រតិបត្តិខាងផ្លូវសាសនា ត្រូវបានរដ្ឋធានាក្នុងលក្ខណ្ឌដែលមិនប៉ះពាល់ដល់ជំនឿឬសាសនាដ៏ទៃដល់សណ្ដាបធ្នាប់និង សន្ដិសុខសាធារណៈ។