រដ្ឋសភាបើកកិច្ចប្រជុំពេញអង្គ អនុម័តវិសោធនកម្មច្បាប់ ដែលអាចបើកផ្លូវឱ្យអតីតថ្នាក់ដឹកនាំ CNRP មានសិទ្ធិធ្វើនយោបាយឡើងវិញ


(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៨នេះ រដ្ឋសភា បានចាប់ផ្តើមបើកសម័យប្រជុំពេញអង្គ ដើម្បីបោះឆ្នោតអនុម័តលើសេចក្តីស្នើច្បាប់ស្តីពី វិសោធនកម្មច្បាប់គណបក្សនយោបាយ ដែលអាចបើកផ្លូវឱ្យអតីតថ្នាក់ដឹកនាំគណបក្សសង្រ្គោះជាតិ មានសិទ្ធិពេញលេញក្នុងការធ្វើនយោបាយឡើងវិញ។ កិច្ចប្រជុំនេះ ធ្វើឡើងក្រោមអធិបតីភាព សម្តេច ហេង សំរិន ប្រធានរដ្ឋសភា។

សេចក្តីស្នើច្បាប់ស្តីពី វិសោធនកម្មច្បាប់គណបក្សនយោបាយ ត្រូវបានចុះហត្ថលេខា ដោយតំណាងរាស្រ្តចំនួន៨៧រូប ដើម្បីធ្វើវិសោធនកម្ម ទៅលើមាត្រា៤៥ថ្មី (ស្ទួន) នៃច្បាប់ស្តីពីគណបក្សនយោបាយ ដោយបន្ថែមនូវវាក្សខណ្ឌមួយថ្មីក្នុងមាត្រា៤៥ថ្មី (ស្ទួនមួយ) ដូចតទៅ៖

«បុគ្គលត្រូវបានតុលាការសម្រេចហាមឃាត់ការ ធ្វើសកម្មភាពនយោបាយ មិនអាចបង្កើតគណបក្សនយោបាយ ឬចូលរួមក្នុងគណបក្សនយោបាយណាមួយ ឬឈរឈ្មោះឲ្យគេបោះឆ្នោត ឬធ្វើសកម្មភាពណា មួយគាំទ្រ ឬប្រឆាំងគណបក្សណាមួយបានឡើយ។ បុគ្គលដែលបានតុលាការ សម្រេចហាមឃាត់ការធ្វើសកម្មភាពនយោបាយនេះ នឹងអាចទទួលបានវិញនូវសិទ្ធិនយោបាយពេញលេញដោយពេញច្បាប់ បន្ទាប់ពីផុតរយៈពេលនៃការហាមឃាត់ដែលកំណត់ដោយសាលដីការបស់តុលាការកំពូល ឬក្នុងករណីដែលបុគ្គលនោះត្រូវបានផ្តល់នីតិសម្បទាឡើងវិញដោយព្រះមហាក្សត្រ តាមសំណើរបស់នាយករដ្ឋមន្រ្តី តាមសេចក្តីស្នើសុំរបស់រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ»

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា សេចក្តីស្នើច្បាប់នេះ ធ្វើឡើងមិនតម្រូវចំពោះតែគណបក្សណាមួយនោះទេ ប៉ុន្តែជាការសម្តៅអនុវត្តចំពោះគណបក្សនយោបាយទាំងអស់នៅកម្ពុជា ដែលអាចនឹងកើតឡើងរឿងនេះនៅថ្ងៃណាមួយ។

សម្តេចបានលើកឡើងយ៉ាងដូច្នេះថា៖ «មិនមែនសម្តៅទៅលើគណបក្សនយោបាយណាមួយ ឬក្រុមណាមួយទេ ក៏ប៉ុន្តែធ្វើនេះ គឺសម្តៅលើបក្សនយោបាយទាំងអស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ព្រោះថានៅក្នុងច្បាប់ស្តីពីពន្ធនាគារ អនុញ្ញាតឱ្យនាយករដ្ឋមន្រ្តី សុំលើកលែងទោសឱ្យទណ្ឌិតនៅពេលណាក៏បាន ហ្នឹងគឺទាក់ទងជាមួយនឹងច្បាប់អ្នកជាប់គុក គឺបើកផ្លូវឱ្យនាយកស្នើសុំទៅព្រះមហាក្សត្រ ដើម្បីរាជទានទោស នៅពេលណាក៏បានដែរ ប៉ុន្តែច្បាប់ស្តីពីបក្សនយោបាយ ដែលបក្សនយោបាយនោះត្រូវរំលាយ ហើយមេដឹកនាំរបស់ពួកគេត្រូវបានហាមឃាត់សិទ្ធិធ្វើនយោបាយ មិនមែនច្រកណាមួយបើកផ្លូវឱ្យនាយករដ្ឋមន្រ្តីធ្វើការសុំលើកលែងទេ ហើយជាផ្លូវច្បាប់ សាលក្រមតុលាការកំពូលបិទផ្លូវតវ៉ា។ ដូច្នេះមានន័យថា អត់មានច្រកចេញតែម្តង បើចង់ឱ្យកាត់ឡើងវិញ គឺផ្ទុយនឹងសាលក្រមតុលាការកំពូល»

ទោះជាយ៉ាងនេះក្តី លោក កឹម សុខា អតីតប្រធាន អតីតគណបក្សសង្រ្គោះជាតិ និង លោក​គង់ គាំ បានប្រកាសគាំទ្រចំពោះការរៀបចំសេចក្តីស្នើច្បាប់នេះ។

សូមបញ្ជាក់ថា ការរៀបចំសេចក្តីស្នើច្បាប់នេះ បានធ្វើឡើងបន្ទាប់ពី រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីថ្លែងការណ៍សំខាន់មួយ សម្រួលដល់ស្ថានការណ៍អ្នកនយោបាយក្រុមប្រឆាំង ដែលត្រូវតុលាការហាមឃាត់សិទ្ធិធ្វើនយោបាយកន្លងទៅ ក៏ដូចជាសម្រួលដល់ប្រព័ន្ធផ្សព្វផ្សាយបរទេសនៅកម្ពុជា អង្គការសង្គមស៊ីវិល និងសហជីពជាដើម។

រាជរដ្ឋាភិបាលបានអំពាវនាវ ដល់តុលាការឱ្យពន្លឿននីតិវិធីចំពោះបុគ្គលដែលជាប់ពាក្យបណ្តឹងនៅតុលាការ ឬត្រូវបានគេចោទប្រកាន់ស្របតាមនីតិវិធីថែមទៀត ដើម្បីការពារសិទ្ធិពួកគេដែលធានាដោយរដ្ឋធម្មនុញ្ញ។ ជាមួយគ្នានេះ រាជរដ្ឋាភិបាលក៏បានបើកឱកាសឱ្យវិទ្យុសំឡេងសហរដ្ឋអាមេរិក (VOA) វិទ្យុអាស៊ីសេរី (RFA) បើកការិយាល័យនៅក្នុងប្រទេសកម្ពុជាផងដែរ ហើយសម្រាប់កាសែត Cambodia Daily រាជរដ្ឋាភិបាលក៏បានបង្ហាញឆន្ទៈអនុញ្ញាតឱ្យបើកដំណើរការឡើងវិញ បើសិនជាបង់ពន្ធជូនរដ្ឋរួចរាល់។

ក្រៅពីបោះឆ្នោតអនុម័តលើ សេចក្តីស្នើច្បាប់ស្តីពី វិសោធនកម្មច្បាប់គណបក្សនយោបាយនេះ នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៨ រដ្ឋសភាក៏នឹងបោះឆ្នោតអនុម័តលើសេចក្តីព្រាងច្បាប់ស្តីពី បរធនបាលកិច្ចផងដែរ៕