កម្មសិក្សានៅប្រព័ន្ធធារាសាស្ត្រ កង្ហត ក្នុងខេត្តបាត់ដំបង


និស្សិត និងសាស្ត្រាចារ្យ មកពីមហាវិទ្យាល័យវិស្វកម្មធារាសាស្ត្រ និងវារីអគ្គិសនី នៃសាកលវិទ្យាល័យ វូហាន សាធារណរដ្ឋប្រជាមានិតចិន, វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា​ ( ITC ), សាកលវិទ្យាល័យកសិកម្មចំការដូង និងមន្ត្រីនៃកម្មវិធីខ្សែសង្វាក់តម្លៃផលិតកម្មកសិកម្មកម្ពុជា ( CAVAC ) បានចុះធ្វើកម្មសិក្សានៅប្រព័ន្ធធារាសាស្ត្រ កង្ហត ស្ថិតក្នុងខេត្តបាត់ដំបង នាថ្ងៃទី ១២​ ខែធ្នូ ឆ្នាំ ២០១៨ នេះ ។

សូមបញ្ជាក់ជូនថា ប្រព័ន្ធធារាសាស្ត្រ កង្ហត គឺជាប្រព័ន្ធស្រោចស្រពដ៏មានសក្តានុពលមួយ នៅក្នុងខេត្តបាត់ដំបង ។ ប្រព័ន្ធធារាសាស្ត្រនេះ ត្រូវបានស្ថាបនាឡើងនៅអំឡុងឆ្នាំ ២០០៩-២០១៣ ដោយថវិកាកម្ចីសម្បទានពីសាធារណរដ្ឋប្រជាមានិតចិន ។ ប្រព័ន្ធនេះ មានសំណង់ទ្វារមេកាត់ស្ទឹងសង្កែ ស្ថិតនៅឃុំត្បែងមានជ័យ ស្រុកបាណន់ និងមានប្រព័ន្ធប្រឡាយស្រោចស្រព និងដោះទឹក ដែលដើរតួនាទីយ៉ាងសំខាន់ ពិសេសការផ្តល់ទឹកបម្រើដល់ការងារបង្កបង្កើនផលរបស់បងប្អូនប្រជាកសិករ លើផ្ទៃដីប្រមាណ ៧០.០០០ ហិកតា នៅក្នុងស្រុកក្រុង ចំនួន ០៥ រួមមាន ស្រុកបាណន់ មោងឫស្សី គាស់ក្រឡ សង្កែ និងក្រុងបាត់ដំបង ។