ឯកឧត្ដមរដ្ឋមន្ត្រី ត្រាំ អុីវតឹក អញ្ជើញដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាលមូលនិធិកាតព្វកិច្ចសេវាសកលទូរគមនាគមន៍ (ក.ស.ទ-USO) លើកទី៨


រសៀលថ្ងៃពុធ ០៥កើត ខែមិគសិរ ឆ្នាំច ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨ នៅទីស្ដីការក្រសួង ឯកឧត្ដម ត្រាំ អុីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងជាប្រធានក្រុមប្រឹក្សាភិបាល បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាលមូលនិធិកាតព្វកិច្ចសេវាសកលទូរគមនាគមន៍ (ក.ស.ទ-USO) លើកទី៨ ដើម្បីពិនិត្យ និងពិភាក្សាអំពី៖ (១).របាយការណ៍ហិរញ្ញវត្ថុមូលនិធិ ក.ស.ទ.ឆ្នាំ២០១៧ និងរបាយការណ៍វឌ្ឍនភាពនៃការអនុវត្តគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍នៅក្នុងតំបន់អាទិភាព។ (២).ពិនិត្យនិងអនុម័តលើសេចក្តីព្រាងណែនាំស្តីពីលក្ខខណ្ឌ បែបបទ និងនីតិវិធីនៃការស្នើសុំអនុវត្តគម្រោងអនុវត្តកម្មវិធីកាតព្វកិច្ចសេវាសកលវិស័យទូរគមនាគមន៍ដោយប្រតិបត្តិករទូរគមនាគមន៍ និងបុគ្គលមានគុណវុឌ្ឍិផ្សេងទៀត ដើម្បីផ្តល់ ពង្រឹង និងពង្រីកសេវាទូរគមនាគមន៍ និងសេវាបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មានទំនើប និងល្បឿនលឿននៅតំបន់អាទិភាព៕