ឯកឧត្ដមរដ្ឋមន្ត្រី ត្រាំ អ៊ីវតឹក អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយប្រកាសរួមស្តីពី ការដាក់ឱ្យប្រើប្រាស់ទិន្នន័យសេវាទូរគមនាគមន៍និងព័ត៌មានវិទ្យារបស់មជ្ឈមណ្ឌលគ្រប់គ្រងទិន្នន័យសេវាទូរគមនាគមន៍និងព័ត៌មានវិទ្យា


ព្រឹកថ្ងៃពុធ ០៥កើត ខែមិគសិរ ឆ្នាំច ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨ នៅទីស្ដីការក្រសួង ឯកឧត្ដម ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយប្រកាសរួមលេខ១៣៥ ប.ទ.ប្រក ចុះថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៨ រវាងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និង ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ស្តីពី “ការដាក់ឱ្យប្រើប្រាស់ទិន្នន័យសេវាទូរគមនាគមន៍និងព័ត៌មានវិទ្យារបស់មជ្ឈមណ្ឌលគ្រប់គ្រងទិន្នន័យសេវាទូរគមនាគមន៍និងព័ត៌មានវិទ្យា(DMC)” ។ កិច្ចប្រជុំមានការអញ្ជើញចូលរួមពី ឯកឧត្ដម លោកជំទាវ ជាថ្នាក់ដឹកនាំ មន្ត្រីរាជការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ តំណាងមកពីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ព្រមទាំងអស់លោក លោកស្រីតំណាងប្រតិបត្តិករទូរគមនាគមន៍ ក្រុមហ៊ុនផ្ដល់សេវាអុីនធឺណិត សរុបប្រមាណ ១៥០នាក់។

មានប្រសាសន៍ទៅកាន់អង្គប្រជុំ ឯកឧត្ដមរដ្ឋមន្ត្រី ត្រាំ អ៊ីវតឹក បានលើកឡើងថា ប្រកាសរួមរវាងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នេះ បង្កើតឡើងតម្រូវឱ្យប្រតិបត្តិករទាំងអស់ដែលកំពុងធ្វើប្រតិបត្តិការខាងវិស័យទូរគមនាគមន៍ និងអុីនធឺណិតនៅក្នុងព្រះរាជាណាចក្រកម្ពុជា មានកាតព្វកិច្ចត្រូវភ្ជាប់មកមជ្ឈមណ្ឌលគ្រប់គ្រងទិន្នន័យសេវាទូរគមនាគមន៍និងព័ត៌មានវិទ្យា (DMC) ដែលជាមជ្ឈមណ្ឌលគ្រប់គ្រងទិន្នន័យសេវាទូរគមនាគមន៍និងព័ត៌មានវិទ្យា របស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។ ទិន្នន័យដែលប្រមូលបានដោយ DMC នេះ គឺជាទិន្នន័យផ្លូវការរបស់រាជរដ្ឋាភិបាលដើម្បីគណនាចំណូលសារពើពន្ធ និងចំណូលមិនមែនសារពើពន្ធ ព្រមទាំងកាតព្វកិច្ចហិរញ្ញវត្ថុនានារបស់ប្រតិបត្តិករទូរគមនាគមន៍ និងបុគ្គលពាក់ព័ន្ធនឹងវិស័យទូរគមនាគមន៍កំពុងប្រកបអាជីវកម្មនៅព្រះរាជាណាចក្រកម្ពុជា ដែលបានកំណត់ក្នុងច្បាប់ និងបទប្បញ្ញត្តិផ្សេងៗទៀត៕