អាងប្រព្រឹត្តកម្មទឹកកខ្វក់ចំនួន៤កន្លែងនឹងសាងសង់ឡេីងនៅតាមឆ្នេរក្នុងខេត្តព្រះសីហនុ ដេីម្បីបញ្ចៀសការបង្ហូរទឹកកខ្វក់ទៅក្នុងសមុទ្រ។
ការសម្រេចសាងសង់បានធ្វេីឡេីងនៅក្នុងជំនួបដោះស្រាយបញ្ហាទឹកកខ្វក់ក្នុងខេត្តព្រះសីហនុរវាងឧបនាយករដ្ឋមន្ដ្រី ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូនីយកម្ម និងសំណង់ និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជា ជាមួយតំណាងតំណាងក្រុមហ៊ុន និងម្ចាស់សណ្ឋាគារធំៗក្នុងខេត្តព្រះសីហនុនៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៨នេះ។
ឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា បានបញ្ជាក់ថា គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា បានចុះសិក្សា និងវិភាគទីតាំងផ្ទាល់ ដោយបានដោះស្រាយផលប៉ះពាល់ជាមួយអ្នកពាក់ព័ន្ធ និង បានរៀបចំប្លង់ស្ថានីយ ប្លង់បណ្តាញប្រព័ន្ធទុយោបូមទឹកកខ្វក់ និងលូបេតុងមុខកាត់១ម៉ែត្រ ព្រមទាំងបានរៀបចំឯកសារបច្ចេកទេសលម្អិត ដើម្បីធានាការអនុវត្តឲ្យបានត្រឹមត្រូវ និងរលូន។
បន្ទាប់ពីពិភាក្សាបានសម្រេចរៀបចំ និងចុះកិច្ចសន្យាសាងសង់អាងប្រព្រឹត្តកម្មទឹកកខ្វក់ចំនួន៤ទីតាំង ដោយទី១៖ នៅឆ្នេរឯករាជ្យ, ទី២៖ នៅអូរចន្លោះក្រុមហ៊ុនសុខា, ទី៣៖ នៅអូរសំអាត និងទី៤៖ នៅឆ្នេរអូរឈើទាល ព្រមទាំងការរៀបចំបណ្តាញលូប្រវែង៩១៩ម៉ែត្រ។
ជាការកត់សម្គាល់ការសម្រេចសាងសង់ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់នៅតំបន់ឆ្នេរ នាក្រុងព្រះសីហនុ ខេត្តព្រះសីហនុនេះ បានធ្វើឡើងក្រោយផ្ទុះការប្រតិកម្ម ជាបន្ដបន្ទាប់ពីមហាជន ជុំវិញការបង្ហូរទឹកកខ្វក់ចេញពីអាហារដ្ឋាន តាមកន្លែងកម្សាន្ដផ្សេងៗ និងលំនៅឋានរបស់ប្រជាពលរដ្ឋជាដើម ចូលទៅក្នុងសមុទ្រ។
ការបង្ហូរទឹកកខ្វក់នេះ នឹងបណ្ដាលឲ្យមានការប៉ះពាល់យ៉ាងខ្លាំង ដល់សោភណ្ឌឆ្នេរដ៏ស្រស់ស្អាតរបស់កម្ពុជា ដែលជាហេតុនាំឲ្យមានការជះឥទ្ធិពលមិនល្អផងដែរ ដល់ការទាក់ទាញភ្ញៀវទេសចរជាតិ និងអន្ដរជាតិ ទៅកម្សាន្ដនៅតំបន់ទាំងអស់នោះ។
ជាមួយការសម្រេចសាងសង់អាងប្រព្រឹត្តកម្មទឹកកខ្វក់នេះ ម្ចាស់សណ្ឋាគារ និងសំណង់ខ្នាតធំ ក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ បានរួមចំណែកជាថវិកាសរុបចំនួន៣,១០០,០០០(បីលានមួយរយពាន់) ដុល្លារសហរដ្ឋអាមេរិក។ សប្បុរសជនទាំងនោះរួមមាន៖
១៖ អ្នកឧកញ៉ា លី យ៉ុងផាត់ អគ្គនាយកក្រុមហ៊ុន ហេរ៉ូឃីង អាហរ័ណ នីហរ័ណ ៥០០,០០០ដុល្លារ
២៖ អ្នកឧកញ៉ា កុក អាន ៥០០,០០០ដុល្លារ
៣៖ អ្នកឧកញ៉ា សុខ គង់ ប្រធានក្រុមហ៊ុន សុខ គង់ អាហរ័ណ នីហរ័ណ ៥០០,០០០ដុល្លារ
៤៖ ឧកញ៉ា ហូលិក តាន់ឌីហ្សូណូ នាយកក្រុមហ៊ុន ហូលីដេ ភែលេស ៥០០,០០០ដុល្លារ
៥៖ ឧកញ៉ា អ៊ែក ប៉ង និងសណ្ឋាគារ ស៊ីហ៊ូ រីសត ៥០០,០០០ដុល្លារ
៦៖ ឧកញ៉ា អ៊ូ ឆាយ ក្រុមហ៊ុន HEIN LI PROPERTIES CO.,LTD. និង ក្រុមហ៊ុន SHU JIAN TIAN YU DEVELOPMENT CO.,LTD. ៦០០,០០០ដុល្លារ៕