ចិនគាំទ្រ ចំពោះកិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីការពារអធិបតេយ្យភាព ឯករាជ្យភាព និងរក្សាស្ថេរភាពនយោបាយ


ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន បានបញ្ជាក់សារជាថ្មី នូវការគាំទ្រយ៉ាងម៉ឺងម៉ាត់ ចំពោះកិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីការពារអធិបតេយ្យភាព ឯករាជ្យភាព និងរក្សាស្ថេរភាព នយោបាយរបស់កម្ពុជា។ ចំណែកប្រមុខដឹកនាំ រាជរដ្ឋាភិបាលកកម្ពុជា បានបញ្ជាក់សារជាថ្មី នូវការប្តេជ្ញារបស់ខ្លួន ចំពោះគោលនយោបាយ ចិនតែមួយ ទទួលស្គាល់រដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន ជារដ្ឋាភិបាលចិន ស្របច្បាប់តែមួយគត់។ជាមួយគ្នានេះ ភាគីចិនបានកោតសរសើរកម្ពុជា ដែលបានដើរតួនាទីសំខាន់ ក្នុងការជំរុញទំនាក់ទំនង អាស៊ាន-ចិន និងកិច្ចសហប្រតិបត្តិការ អាស៊ីបូព៌ា និងបានវាយតម្លៃខ្ពស់ ចំពោះការយោគយល់ និងការគាំទ្ររបស់ភាគីកម្ពុជា។
ការថ្លែងបញ្ជាក់របស់ប្រមុខដឹកនាំ ប្រទេសទាំងពីរ បានធ្វើឡើង នៅក្នុងដំណើរទស្សនកិច្ច ជាផ្លូវរដ្ឋ របស់លោក ស៊ី ជីនភីង ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន នៅកម្ពុជា រយៈពេលពីថ្ងៃ ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៦។ ដោយដំណើរទស្សនកិច្ចនេះ បានបញ្ចប់ទៅ ដោយជោគជ័យ។ នេះជាព្រឹត្តិការណ៍សំខាន់ នៃទំនាក់ទំនងទ្វេភាគី និងបានធ្វើឲ្យមិត្តភាព ជាប្រពៃណី រវាងកម្ពុជា និងចិន កាន់តែរឹងមាំបន្ថែមទៀត ព្រមទាំងលើកកម្ពស់ កិច្ចសហប្រតិបត្តិការ នៃភាពជាដៃគូយុទ្ធសាស្ត្រ គ្រប់ជ្រុងជ្រោយ នៃប្រទេសទាំងពីរ ទៅកំរិតខ្ពស់ថ្មីមួយទៀត។
សេចក្តីថ្លែងការណ៍រួម រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន ដែលក្រសួងការបរទេស និងសហប្រត្តិការអន្តរជាតិ បានផ្សព្វផ្សាយ កាលពីថ្ងៃទី១៤ ខែតុលា បានឲ្យដឹងថា ភាគីទាំងពីរ បានឯកភាពគ្នា បន្តបង្កើនការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការ លើកិច្ចការបរទេស ការពារជាតិ ព្រមទាំងការអនុវត្តច្បាប់ និងការពង្រឹងសន្តិសុខ។ ភាគីទាំងពីរ បានឯកភាពគ្នា អនុវត្តពិធីសារ ស្តីពីកិច្ចសហប្រតិបត្តិការ រវាងក្រសួងការបរទេសទាំងពីរ និងកិច្ចព្រមព្រៀង ស្តីពីការបង្កើន កិច្ចសហប្រតិបត្តិការ ក្នុងស្ថានភាពថ្មី ដែលចុះហត្ថលេខា ក្នុងឱកាសទស្សនកិច្ចនេះ ព្រមទាំងពង្រឹងការប្រាស្រ័យទាក់ទង និងការសម្របសម្រួល គ្រប់កម្រិត។ ភាគីទាំងពីរ នឹងរក្សាទំនាក់ទំនង គ្រប់កម្រិត រវាងកងទ័ពនៃប្រទេសទាំងពីរ ធ្វើឲ្យកាន់តែស៊ីជម្រៅ នូវកិច្ចសហប្រតិបត្តិការ លើវិស័យបណ្តុះបណ្តាល កងទ័ព និងមន្ត្រីយោធា ការធ្វើសមយុទ្ធយោធា និងសម្ភារៈឡូជីស្ទីក ជាដើម ព្រមទាំងបង្កើន កិច្ចសហប្រតិបត្តិការ លើកិច្ចការសន្តិសុខ ពហុភាគី។
ភាគីទាំងពីរ នឹងធ្វើការរួមគ្នា ដើម្បីប្រយុទ្ធប្រឆាំង ឧក្រិដ្ឋកម្មឆ្លងដែន ការជួញដូរមនុស្ស ការចាប់ជំរិតតាមប្រព័ន្ធ ទូរគមនាគមន៍ ភេរវកម្ម ការជួញដូរថ្នាំញៀន និងបង្កើនកិច្ចសហប្រតិបត្តិការ លើការកសាងសមត្ថភាព ផែ្នកអនុវត្តច្បាប់ ព្រមទាំងការផ្លាស់ប្តូរ ការឧបត្ថម្ភគ្នា លើផ្នែកស៊ើបអង្កេតបទល្មើស ធ្វើការរួមគ្នា ដើម្បីថែរក្សាសន្តិសុខជាតិ ក្នុងប្រទេសទាំងពីរ និងស្ថេរភាពតំបន់ ។
ភាគីទាំងពីរ យល់ឃើញថា បញ្ហាសមុទ្រចិនខាងត្បូង មិនមែនជាបញ្ហា រវាងចិន និងអាស៊ាននោះទេ។ បញ្ហានេះ គួរតែត្រូវដោះស្រាយ តាមរយៈ ការពិគ្រោះយោបល់ ជាលក្ខណៈមិត្តភាព និងការចរចា ដោយសន្តិវិធី ដែលធ្វើឡើង ដោយរដ្ឋអធិបតេយ្យ ដែលពាក់ព័ន្ធផ្ទាល់។ ចិន និងអាស៊ាន គួរតែបន្តអនុវត្ត ឲ្យបានពេញលេញ និងមានប្រសិទ្ធភាព នូវសេចក្តីថ្លែងការណ៍ ស្តីពីការប្រតិបត្តិ របស់ភាគី នៅសមុទ្រចិនខាងត្បូង (DOC) និងជំរុញឲ្យ«ក្រមប្រតិបត្តិ នៅសមុទ្រចិនខាងត្បូង» សម្រេចឲ្យបានឆាប់ ដោយឈរលើគោលការណ៍ កុងសង់ស៊ីស ទៅវិញទៅមក តាមរយៈការពិគ្រោះយោបល់។ ចិន និងអាស៊ាន គួរតែជំរុញកិច្ចសហប្រតិបត្តិការ ជាក់ស្តែង ឲ្យកាន់តែសកម្ម និងរួមគ្នាថែរក្សាសន្តិភាព និងស្ថេរភាព នៅសមុទ្រចិនខាងត្បូង ដើម្បីធ្វើឲ្យតំបន់នេះ ជាតំបន់សមុទ្រ ដែលមានសន្តិភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការ ។
ភាគីចិន បានបញ្ជាក់សារជាថ្មី នូវការគាំទ្រយ៉ាងម៉ឺងម៉ាត់ ចំពោះកិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីការពារអធិបតេយ្យភាព ឯករាជ្យភាព និងរក្សាស្ថេរភាព នយោបាយរបស់កម្ពុជា។ ភាគីកម្ពុជា បានបញ្ជាក់សារជាថ្មី នូវការប្តេជ្ញារបស់ខ្លួន ចំពោះគោលនយោបាយ ចិនតែមួយ ទទួលស្គាល់រដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន ជារដ្ឋាភិបាលចិន ស្របច្បាប់តែមួយគត់ ហើយតៃវ៉ាន់ ជាផ្នែកមួយ ដែលមិនអាចកាត់ផ្តាច់ បានរបស់ចិន ប្រឆាំងការប្រកាសឯករាជ្យ របស់តៃវ៉ាន់ ទោះក្នុងទម្រង់ណាក៏ដោយ ព្រមទាំងការបន្តគាំទ្រ ការអភិវឌ្ឍដោយសន្តិភាព និងបុព្វហេតុដ៏ធំធេង ក្នុងការបង្រួបបង្រួម ប្រទេសចិន ដោយសន្តិវិធី។ ភាគីចិន សូមវាយតម្លៃខ្ពស់ ចំពោះការយោគយល់ និងការគាំទ្ររបស់ភាគីកម្ពុជា៕
ប្រភពៈ www.cen.com.kh

foreign-15-10-2016-1

foreign-15-10-2016-2

foreign-15-10-2016-3

foreign-15-10-2016-4

foreign-15-10-2016-5