វេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី២ ឆ្នាំ២០១៨ នៅស្រុកស្វាយលើ


នៅថ្ងៃសុក្រទី១៤ខែធ្នូ ឆ្នាំ២០១៨នេះ នៅស្រុកស្វាយលើ ខេត្តសៀមរាប មានប្រារព្ធធ្វើវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី២ឆ្នាំ២០១៨ ក្រោមអធិបតីភាពឯកឧត្តម អ៉ឹង ហឿន ប្រធានក្រុមប្រឹក្សាខេត្ត លោក ពិន ប្រាកដ អភិបាលរងនៃគណៈអភិបាលខេត្ត ដោយមានការនិមន្ត អញ្ជើញចូលរួមពីអស់ លោក លោកស្រីជាថ្នាក់ដឹកនាំមន្ទីរ តំណាងអង្គការសង្គមស៊ីវិល សិស្សានុសិស្ស អាជ្ញាធរ និង ប្រជាពលរដ្ឋមកពីស្រុកជីក្រែង ស្រុកសូទ្រនិគម និង ស្រុកស្វាយលើ ចំនួន៧៨០ នាក់ ស្រ្តី ២០៨នាក់ ។

វេទិកានេះមានគោលបំណង ដើមី្បផ្តល់ឱកាសជូនដល់បងប្អូនប្រជាពលរដ្ឋ អ្នកពាក់ព័ន្ធទាំងអស់ ដែលបាន មកពីក្រុង ស្រុកទាំងបី បានស្វែងយល់ពីស្ថានភាពទូទៅនៃការអភិវឌ្ឍខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និង បញ្ហាប្រឈមដែលកើតកន្លងមក ហើយវេទិកានេះ នឹងផ្តល់ឱកាស ក្នុងការបញ្ចេញមតិយោបល់របស់ខ្លួនពាក់ព័ន្ធនឹងកង្វល់ សំណូមពរ តម្រូវការជាក់ស្តែងក្នុងមូលដ្ឋាន ។

ក្នុងវេទិកានេះក៏មានលើកនូវសំណួរ និងសំណូមពររបស់សមាជិក អង្គវេទិកាជាលាយល័ក្ខអក្សរដាក់ប្រអប់បានលើកឡើង ពាក់ព័ន្ធទៅនឹងការងារសេដ្ឋកិច្ច ,សង្គមកិច្ច ,ការងារគ្រប់គ្រងដីធ្លីនិងបរិស្ថាន ព្រមទាំងរដ្ឋបាល សន្តិសុខ សណ្តាប់ធ្នាប់ រួមមាន១៩សំណួរនិងសំណូមពរ ។

បន្ទាប់ពីការបកស្រាយបំភ្លឺរបស់បណ្តាមន្ទីរ អង្គភាពពាក់ព័ន្ធ និង អាជ្ញាធរមូលដ្ឋាន ទៅនឹងរាល់សំណួរផ្ទាល់មាត់ដែលអង្គវេទិ កាលើកឡើងមាន១២សំណួរ និងសំណូមពររួចមក មានមតិបូកសរុបនិងបិទអង្គវេទិកានោះឯកឧត្តម អ៉ឹង ហឿន ក៏បានធ្វើការថ្លែងអំណរគុណ ដល់បងប្អូនដែលបានចំណាយពេលចូលរួម ក្នុងអង្គវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី២ ឆ្នាំ២០១៨ ដែលបានធ្វើឲ្យយើង យល់កាន់តែច្បាប់រាល់ការអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាល ក៏ដូចអាជ្ញាធរ ខេត្ត ស្រុក និង ដឹងពីទុក្ខកង្វល់របស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន និង តម្រូវការចាំបាច់របស់ប្រជាពលរដ្ឋផងដែរ ។

ឯកឧត្តម អ៉ឹង ហឿន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះវាគ្មិនតំណាងមន្ទីរ-អង្គភាពនានា ជុំវិញខេត្ត ដែលបានធ្វើការបកស្រាយបំភ្លឺ ឆ្លើយតបទៅនឹងសំណួរ កង្វល់របស់បងប្អូនប្រជាពលរដ្ឋ ។ អង្គវេទិកាសូមរក្សាសិទ្ធិរក្សាទុកសំណួរ និង កង្វល់ ដែល អង្គវេទិកានាពេលនេះ ពុំទាន់អាចបកស្រាយបំភ្លឺបាន ក្រុមប្រឹក្សាខេត្ត នឹងយកសំណួរ និង កង្វល់ទាំងនេះ ទៅពិនិត្យ ពិភាក្សា ក្នុងក្របខណ្ឌក្រុមប្រឹក្សាខេត្តហើយនឹងធ្វើការឆ្លើយតប និង ជម្រាបជូនដំណឹងជា លាយលក្ខណ៏អក្សរ ដល់ម្ចាស់សំណួរ បងប្អូនប្រជាពលរដ្ឋ តាមកាលវេលាសមគួរ តាមរយៈមេឃុំ ក្រុមប្រឹក្សាឃុំ តាមមូលដ្ឋានដែលបងប្អូនរស់នៅ ៕