ពិធី​ប្រារព្ធ​ទិវា​ពិភព​លោក​លាង​សម្អាត​ដៃ និង​ទិវា​អនាម័យ នៅ​តាម​គ្រឹះស្ថាន​សិក្សា ក្រោម​ប្រធាន​បទ “ខ្ញុំឆ្លាត! ខ្ញុំ​លាង​ដៃ​នឹង​សាប៊ូ”


កំពង់ឆ្នាំង៖ ក្រសួង​អប់រំ យុវជន និងកីឡា តែងតែ​យកចិត្តទុកដាក់​គាំទ្រ​ការ​ថែទាំ​សុខភាព​សំខាន់​សម្រាប់​តាមគ្រឹះស្ថានសិក្សា ការ​ធ្វើអនាម័យ ការលាងសម្អាតដៃ មុនពេល​បរិភោគអាហារ ដោយ​ផ្តោតលើអាហារមានជីវជាតិ បន្លែ ផ្លែឈើ ដែល​មាន​អនាម័យ ប្រកប​ដោយ​វីតាមីន។ ការ​អនុវត្ត​ការ​លាងដៃ​នៅសាលារៀន នឹង​ធ្វើឲ្យ​កុមារ​មានការ​ផ្លាស់ប្តូរ​ទម្លាប់ ទៅ​រក​របៀប​រស់នៅ​ដែល​មាន​អនាម័យ​ល្អប្រសើរ​នៅតាមគ្រួសារ ។

ទិវា​ពិភពលោក​លាង​សម្អាត​ដៃ​ និង​ទិវា​អនាម័យ​នៅ​តាម​គ្រឹះស្ថាន​សិក្សា ត្រូវ​បាន​ប្រារព្ធ​នៅ​បរិវេណ​​សាលាបឋមសិក្សា​គិរីសុវណ្ណវង្ស ខេត្ត​កំពង់ឆ្នាំង ក្រោម​អធិបតីភាព​លោក​ជំទាវ ទន់ សាអ៊ីម អនុ​រដ្ឋលេខាធិការ ដែល​ជា​តំណាង​ដល់​ខ្ពង់ខ្ពស់​របស់ ឯកឧត្តម​បណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រី​ក្រសួងអប់រំ យុវជន និងកីឡា ព្រម​ទាំង​មាន​ការ​អញ្ជើញ​ចូលរួម​ពី​មន្ត្រី​អប់រំ​ថ្នាក់​ជាតិ ថ្នាក់​ក្រោម​ជាតិ តំណាង​ក្រសួង​អភិវឌ្ឍន៍​ជនបទ ក្រសួង​សុខាភិបាល អាជ្ញាធរ​ដែន​ដី មាតាបិតា​សិស្ស ដៃ​គូ​អភិវឌ្ឍន៍ និង​សិស្សានុសិស្ស​ជា​ច្រើន​រូប​ទៀត នា​ព្រឹក​ថ្ងៃសៅរ៍ ៨កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ។