ពិធីសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការ ផ្លូវបេតុងមួយខ្សែក្នុងខេត្តសៀមរាប


កាលពីថ្ងៃអាទិត្យ ថ្ងៃទី១៦​ ខែធ្នូ​ ឆ្នាំ២០១៨​នេះ នៅស្រុកក្រឡាញ់បានរៀបចំពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវ​ផ្លូវបេតុងមួយខ្សែ​ដែលមានទទឹង៥ម៉ែត្រ ប្រវែង​ ១,៥០០ម៉ែត្រ ស្ថិតនៅភូមិផ្លាំង​ ឃុំស្រណាល​ ស្រុកក្រឡាញ់​ ខេត្តសៀមរាប ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមអ្នកឧកញ៉ា សៀង​ ណាំ​ តំណាងរាស្រ្តមណ្ឌលសៀមរាប​ និងជាប្រធានក្រុមការងារថ្នាក់ខេត្តចុះជួយស្រុកក្រឡាញ់​ ឯកឧត្តម​ទៀ​ សីហា​ អភិបាល​ នៃគណៈអភិបាលខេត្តសៀមរាប​។

ក្នុងពិធីនេះដែរក៏មានការអញ្ជើញចូលរួមពីសមាជិក​ សមាជិកាក្រុមប្រឹក្សាខេត្ត​ ក្រុមប្រឹក្សាស្រុក នាយក​ នាយករងរដ្ឋបាល​ នាយកទីចាត់ការសាលាខេត្ត​ អភិបាល​ អភិបាលរង​ស្រុក​ក្រឡាញ់ ប្រធាន​ អនុប្រធានមន្ទីរ​ អង្គភាព​ ​មន្ត្រីរាជការក្នុងស្រុក​ និងបងប្អូនប្រជាពលរដ្ឋផងដែរ។​

បន្ទាប់ពីឯកឧត្តមអ្នកឧកញ៉ាចុះពិនិត្យឃើញថា ផ្លូវនេះមានការលំបាកក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋដែលរស់នៅទីនេះទើបឯកឧត្តម​អ្នកឧកញ៉ាសាងសង់ផ្លូវបេតុងមួយខ្សែដែលមានទទឹង៥ម៉ែត្រ ប្រវែង​ ១,៥០០ម៉ែត្រ ស្ថិតនៅភូមិផ្លាំង​ ឃុំស្រណាល​ ស្រុកក្រឡាញ់​ ខេត្តសៀមរាបនេះ​ជូនបងប្អូនប្រជាពលរដ្ឋងាយស្រួលក្នុងការធ្វើដំណើរទៅវិញទៅមកក៏ដូចជាងាយស្រួលក្នុងការដឹកជញ្ជូនកសិផលទៅរកទីផ្សារ។

ក្នុងឱកាសនោះដែរ​ ឯកឧត្តមអ្នកឧកញ៉ា​ រួមជាមួយឯកឧត្តម​ លោក​ លោកស្រីជាសប្បុរសជន​ បាននាំយកថវិកា​ សម្ភារ និងគ្រឿងឧបភោគ​ បរិភោគមួយចំនួនទៀត​ជូនដល់បងប្អូនផងដែរ។