ស្ថានីយបូមទឹក ហ៊ុន សែន ទី ៤៩ និងទី ៥០ ស្ថិតនៅក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង គ្រោងនឹងបញ្ចប់ការសាងសង់នាពេលឆាប់ៗខាងមុខនេះ


ឆ្លើយតបទៅនឹងតម្រូវការចាំបាច់របស់បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងក្រុងស្ទឹងត្រែង ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានផ្តល់ស្ថានីយបូមទឹក ចំនួន ០២ កន្លែង (ស្ថានីយបូមទឹកទី ៤៩ និងទី ៥០) សម្រាប់បូមរំដោះជំនន់ទឹកភ្លៀង ដែលតែងតែបង្កការលំបាក និងរំខានដល់ការរស់នៅប្រចាំថ្ងៃរបស់បងប្អួនប្រជាពលរដ្ឋនៅរដូវវស្សា ពេលមានភ្លៀងធ្លាក់ខ្លាំងម្តងៗ ធ្វើឱ្យលិចលង់ផ្ទះសម្បែង លិចផ្លូវ និងបង្កឲ្យមានមហន្តរាយផ្សេងៗទៀត។ គម្រោងសាងសង់ស្ថានីយទាំង ០២ ខាងលើនេះ ត្រូវបានអនុវត្តការងារដោយក្រុមមន្រ្តីបច្ចេកទេសជំនាញ របស់ក្រសួងធនធានទឹក និងឧតុនិយម ដោយមានការចូលរួមសហការពីមន្ទីរធនធានទឹក និងឧតុនិយមខេត្ត ព្រមទាំងមានការយកចិត្តទុក ដាក់ចូលរួមសម្របសម្រួលពីអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ។ គិតរហូតមកដល់ពេលបច្ចុប្បន្ននេះ ការសាងសង់ស្ថានីយទាំង ០២ ខាងលើ សម្រេចការងារបានប្រមាណ ៩៥% ហើយគ្រោងនឹងដាក់ឲ្យដំណើរការនាពេលឆាប់ៗខាងមុខ ។