សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានទទួលជួប សវនាការជាមួយ ឯកឧត្តម សីវ៉ង់ វ៉ាសឺម៉ង់ អនុប្រធានរដ្ឋសភានៃសាធារណរដ្ឋបារាំង


សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួប សវនាការជាមួយ ឯកឧត្តម សីវ៉ង់ វ៉ាសឺម៉ង់ (Sylvain WASSERMAN) អនុប្រធានរដ្ឋសភានៃសាធារណរដ្ឋបារាំង នៅព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៨ នៅវិមានរដ្ឋសភាក្នុងឱកាសដែលឯកឧត្តម ដឹកនាំគណៈប្រតិភូ មកបំពេញទស្សនកិច្ចផ្លូវការនិងមិត្តភាពនៅព្រះរាជាណាចក្រកម្ពុជា។

សម្តេចប្រធានរដ្ឋសភា បានកត់សម្គាល់ឃើញថាទំនាក់ទំនងការទូតកម្ពុជា-បារំាង បានកកើតឡើងតំាងពីឆ្នាំ១៩៥២។ បារំាងជាប្រទេសដែលផ្តល់ជំនួយសំខាន់មួយ ដល់កម្ពុជា ពិសេសបារំាងបានដើរតួនាទីយ៉ាងសកម្មនៅក្នុងការស្វែងរកសន្តិភាពឲ្យកម្ពុជា រហូតបង្កើតបានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ១៩៩១។ សម្តេចបានគូសបញ្ជាក់ថា រហូតមក កម្ពុជា-បារំាង បានផ្លាស់ប្តូរដំណើរទស្សនកិច្ចពីគ្នាទៅវិញ ទៅមកទាំងក្នុងក្របខណ្ឌនីតិប្រតិបត្តិ និងនីតិប្បញ្ញតិ។

ឯកឧត្តម សីវ៉ង់ វ៉ាសឺម៉ង់ បានគូសបញ្ជាក់ថាដំណើរទស្សនកិច្ចរបស់ឯកឧត្តមនៅក្នុងឱកាសនេះ ក្នុងគោល បំណងពង្រឹងពង្រីកវិស័យការទូតសភាជាមួយកម្ពុជាហើយឯកឧត្តម បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការ និងចំណងមិត្តភាពរវាងប្រទេស កម្ពុជា-បារំាង ដែលជាចំណងមិត្តភាពជិតស្និទ្ធ ជឿជាក់និងបើកចំហរ។ តាមរយៈចំណងមិត្តភាពដ៍ល្អនេះ បានជំរុញឲ្យមានគម្រោងវិនិយោគ ទេសចរនិងជំនួយជាច្រើនរបស់បារំាងមកកាន់កម្ពុជា។

ឯកឧត្តមអនុប្រធានរដ្ឋសភាបារំាង បានវាយតម្លៃខ្ពស់ពីកិច្ចសហប្រតិបត្តិការផ្នែកវប្បធម៌នៃប្រទេសទំាងពីរ។ នៅកម្ពុជាមានពលរដ្ឋនិងមន្រ្តីរាជការជាច្រើននៅតែប្រើប្រាស់ភាសាបារំាង។ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានលើកឡើងផងដែរពីការគំាទ្រគ្នាទៅវិញទៅមករវាងសភាប្រទេសទាំងពីរ ទាំងក្នុងក្របខ័ណ្ឌទ្វេរភាគីនិងពហុភាគី។

ចំពោះទំនាក់ទំនងផ្នែកពាណិជ្ជកម្ម រវាងប្រទេស ទាំងពីរវិញ សម្តេចបានលើកឡើងថា មានការរីកចំរើនជាលំដាប់ ពោលគឺទំហំទឹក ប្រាក់វិនិយោគបានកើនដល់ជាង ១ពាន់លានដុល្លារ។ កម្ពុជាបាននាំចេញអង្ករច្រើន ក្នុងលំដាប់ទី២ ទៅកាន់ប្រទេសបារាំង គឺប្រមាណជិត ៨ម៉ឺនតោន។

សម្តេចប្រធានរដ្ឋសភា បានផ្តាំផ្ញើដល់អនុប្រធានរដ្ឋសភាប្រទេសបារំាង ជួយគំាទ្រនិងជំរុញ អ្នកវវិនិយោគ អ្នកទេសចរបារំាង មកវិនិយោគនិងទស្សនាកម្ពុជាឲ្យកាន់តែច្រើនបន្ថែមទៀត៕