ការរាយការណ៌ពីប្រតិកម្មរំខានរបស់ឱសថ​ (ហ្វាម៉ាកូវីជីឡង់)​ គឺជាការចូលរួមពង្រឹងការងារគ្រប់គ្រងឱសថបន្ថែមទៀត​ ដេីម្បីសុវត្ថិភាពសុខភាពប្រជាជនកម្ពុជា


ការលេីកឡេីងពីសារសំខាន់នៃការរាយការណ៌ពីប្រតិកម្មរំខានរបស់ឱសថ​ (ហ្វាម៉ាកូវីជីឡង់)​ជូនក្រសួងសុខាភិបាល​ គឺជាការចូលរួមពង្រឹងការងារគ្រប់គ្រងឱសថបន្ថែមទៀត​ ដេីម្បីសុវត្ថិភាពសុខភាពប្រជាជនកម្ពុជា​ បានធ្វេីឡេីងនាព្រឹកថ្ងៃច័ន្ទ ១០កើត ខែមិគសិរ ឆ្នាំច សំរិទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៨ នៅសណ្ឋាគារខេមរា ខេត្តកំពត ដោយលោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន ទីប្រឹក្សាក្រសួងសុខាភិបាលនិងជាអគ្គនាយកបច្ចេកទេសសុខាភិបាល ដែលបានអញ្ជើញជាគណៈអធិបតីបើកវគ្គបណ្តុះបណ្តាលស្តីពីហ្វាម៉ាកូវីជីឡង់ (ប្រតិកម្មរំខានរបស់ឱសថ)​ ដល់មន្ត្រីសុខាភិបាលសាធារណៈដោយមានការគាំទ្រថវិកា និងបច្ចេកទេសពីអង្គការសុខភាពពិភពលោក និងមានសមាជិក សមាជិការចូលរួមចំនួន ៤៩នាក់ ។ សមាសភាពអ្នកចូលរួមទាំងអស់អញ្ជើញមកពី នាយកដ្ឋានមន្ទីរពេទ្យ មជ្ឈមណ្ឌលជាតិ មន្ទីរពេទ្យជាតិ មន្ទីរសុខាភិបាលរាជធានី-ខេត្ត និងមន្ទីរពេទ្យខេត្ត ចំនួន១០រាជធានី-ខេត្ត (ភ្នំពេញ កំពង់ឆ្នាំង ស្វាយរៀង កណ្តាល កែប កោះកុង កំពត កំពង់ស្ពឺ ព្រះសីហនុ និងតាកែវ)។

ឆ្លៀតក្នុងឱកាសនេះ​ លោកជំទាវ អគ្គនាយកបច្ចេកទេសសុខាភិបាល បានពាំនាំនូវការកោតសរសើរពីសំណាក់ឯ.ឧ.​ រដ្ឋមន្ត្រីក្រសួងសុខាភិបាល​ សាស្ត្រាចារ្យ​ ម៉ម​ ប៊ុនហេង​ ដល់ការខិតខំប្រឹងប្រែងកន្លងមករបស់មន្ត្រីសុខាភិបាលគ្រប់ជាន់ថ្នាក់ និងដៃគូពាក់ព័ន្ធទាំងអស់ ដែលធ្វេីឲ្យវិស័យមួយនេះមានវឌ្ឍន:ភាពគួរជាទីមោទន:​ ហេីយលោកជំទាវក៏បានបញ្ជាក់បន្ថែមថាលោកជំទាវបន្តគាំទ្រសកម្មភាពហ្វាម៉ាកូវីជីឡង់​ និងសូមឲ្យមានសកម្មភាពលេីកិច្ចការនេះ​ ដេីម្បីជួយដល់ការងារគ្រប់គ្រងឱសថឲ្យមានប្រសិទ្ធិភាពបន្ថែមទៀត។

លោកជំទាវ អគ្គនាយកបច្ចេកទេសសុខាភិបាល ក៏បានបញ្ជាក់នៅក្នុងវគ្គបណ្តុះបណ្តាលស្តីពីហ្វាម៉ាកូវីជីឡង់នេះ ដោយសង្កត់ធ្ងន់ទៅលើការយល់ដឹងពីគុណភាពឱសថ ឱសថអន់គុណភាព ឱសថក្លែងក្លាយ និងការយល់ច្រលំនិយមន័យឱសថក្លែងក្លាយ​ ដេីម្បីកុំឲ្យមានការបកស្រាយខុសលេីពាក្យឱសថក្លែងក្លាយ នៅក្នុងប្រទេសយេីង​ និងសូមឲ្យយកចិត្តទុកដាក់លើការអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុទ្ធ ដែលមានស្រាប់ ព្រមទាំងត្រូវមានការតាមដាននិងពង្រឹងការគ្រប់គ្រងឱសថឲ្យបានល្អ​ កុំអោយមានការដាក់លក់ឱសថតាមចាប់ហួយ​ តាមកន្លែងលក់ឥវ៉ាន់​ ឫតាមកញ្ច្រែងដូចកាលពី២០ឆ្នាំមុននោះឲ្យសោះ​ ហេីយត្រូវខិតខំជម្រុញការអនុវត្តការប្រើប្រាស់ឱសថសមស្រប (Rational use of Medicine) ជាពិសេសការប្រើប្រាស់ថ្នាំអង់ទីប៊ីយូទិច (Antibiotics)​ ស្របទៅតាមមគ្គុទេសន៍ព្យាបាល (Clinical Practice Guideline) របស់ក្រសួងសុខាភិបាល ដើម្បីកាត់បន្ថយគ្រោះថ្នាក់ដែលកើតឡើងដោយសារឱសថ និងភាពស៊ាំឱសថផងដែរ។ ទន្ទឹមនឹងនោះ​ ចំពោះការប្រើប្រាស់ឱសថ សូមបន្តការយកចិត្តទុកដាក់លេីការផ្តល់ឱសថឲ្យត្រូវនិងចំតាមសភាពជំងឺ​ ដោយមានការព្យាបាលកុំឲ្យខុសឆ្គង​(Medication Error) ចៀសវាងការប្រើលើសកម្រិត(Overdose) យល់ដឹងពីអន្តរកម្មរបស់ឱសថ(Drug interaction) និងការហាមប្រើ (Contra-indication) ដែលបង្កអោយមានប្រតិកម្មរំខានរបស់ឱសថកើតឡើង។

លោកជំទាវបានសង្កត់ធ្ងន់បន្ថែមលើភាពចាំបាច់នៃការរាយការណ៍អំពីប្រតិកម្មរំខានរបស់ឱសថ និងបានណែនាំអោយពិនិត្យមើលឡើងវិញនូវគោលការណ៍ណែនាំក្នុងការរាយការណ៍អំពីប្រតិកម្មរំខានរបស់ឱសថ ពេលបញ្ចប់រួចត្រូវរៀបចំការផ្សព្វផ្សាយគោលការណ៍ណែនាំទាំងនោះជូនដល់ជនបង្គោលហ្វាម៉ាកូវីជីឡង់។​ ចំពោះជនបង្គោលហ្វាម៉ាកូវីជីឡង់តាមបណ្តារាជធានី-ខេត្តត្រូវពិនិត្យរៀបចំឡើងវិញ ឲ្យមានគ្រប់ខេត្ត​ ព្រមទាំងសូមសំណូមពរដល់អង្គការសុខភាពពិភពលោកជួយឧបត្ថម្ភ និងគាំទ្រដល់សកម្មភាពហ្វាម៉ាកូវីជីឡង់ ដោយចាប់ផ្តើម ០៣ ខេត្តដំបូង​ (កំពង់ធំ​ កំពង់ស្ពឺ​ និងកំពត)​ ដែលកំពុងតែអនុវត្តកម្មវិធីពង្រឹងប្រ័ន្ធសេវាសុខាភិបាលដេីម្បីការទទួលបានការគ្របដណ្តប់សុខភាពជាសកល (UHC) ដែលឧបត្ថម្ភគាំទ្រដោយអង្គការសុខភាពពិភពលោក​ ដោយនាយកដ្ឋានឱសថ​ ត្រូវធ្វើការពិភាក្សារជាមួយនាយកដ្ឋានមន្ទីរពេទ្យ និងអង្គការសុខភាពពិភពលោក ដើម្បីជម្រុញសកម្មភាពហ្វាម៉ាកូវីជីឡង់ដើម្បីជាកិច្ចចាប់ផ្តើមនៃការងារនេះផងដែរ។

ព័ត៌មានទទួលបានពី មណ្ឌលព័ត៌មានឱសថកម្ពុជា នៃនាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសំអាងនៃក្រសួងសុខាភិបាល។