ឯកឧត្តម ងួន រតនៈ ទទួលជួបសម្តែងការគួសម និងពិភាក្សាការងារជាមួយគណៈប្រតិភូកំណែទម្រង់ និងអភិវឌ្ឍន៍ខេត្តអានហ៊ុយ នៃសាធារណរដ្ឋប្រជាមានិតចិន នៅសាលាខេត្តបាត់ដំបង


នាព្រឹកថ្ងៃចន្ទ ១០កើត ខែមិគសិរ ឆ្នាំសំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៨នៈ ឯកឧត្តម ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបងទទួលជួបសម្តែងការគួសម និងពិភាក្សាការងារជាមួយគណៈប្រតិភូកំណែទម្រង់ និងអភិវឌ្ឍន៍ខេត្តអានហ៊ុយ នៃសាធារណរដ្ឋប្រជាមានិតចិន នៅសាលាខេត្តបាត់ដំបង ។ ចូលជួបសម្តែងដោយមានការចូលរួមពីភាគីចិនមានលោក Da Yiwu ប្រធានវិស្វករនៃគណៈកម្មាធិការកំណែទម្រង់និងខេត្តអានហ៊ុយ ជាប្រធានគណៈប្រតិភូ លោក Qin Jian នាយផ្នែកបុគ្គលិកនៃគណៈកម្មាធិការនៃគណៈកម្មាធិការកំណែទម្រង់និងអភិវឌ្ឍន៍ខេត្តអានហ៊ុយ ជាសមាជិក លោក Chen Huajun ទីប្រឹក្សាការិយាល័យការបរទេសទេសនៃ នាយកដ្ឋានទូទៅរដ្ឋាភិបាលប្រជាជនចិនខេត្តអានហ៊ុយ ជាសមាជិក និងប្រតិភូអមដំណើរមួយចំនួនទៀត និងភាគីកម្ពុជាចូលរួមមានលោក ប្រធានមន្ទីរពាណិជ្ជកម្មខេត្ត ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម និងសំណង់ខេត្ត និងមន្រ្តីជំនាញនានាចំណុះឲ្យសាលាខេត្តចូលរួមផងដែរ។

ឯកឧត្តម ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបងបានស្វាគមន៍យ៉ាងកក់ក្តៅ និងស្និទ្ធស្នាលដល់គណៈប្រតិភូនៃគណៈកម្មាធិការកំណែទម្រង់ និងអភិវឌ្ឍន៍ និងទំនាក់ទំនងសហប្រតិបត្តិការអន្តរជាតិនៃខេត្តអានហ៊ុយនៃសាធារណរដ្ឋប្រជាមានិតចិន ដែលបានអញ្ជើញមកធ្វើទស្សកិច្ច និងប្រជុំពិភាក្សាលើគម្រោងអភិវឌ្ឍន៍នៅក្នុងខេត្តបាត់ដំបងនាពេលនេះ។

ឯកឧត្តម ងួន រតនៈ បានលើកឡើងពីសក្តានុពលនិងប្រជាជនកម្ពុជារស់នៅខេត្តបាត់ដំបង ដែលភាគច្រើនបានប្រកបរបរកសិកម្ម ពាណិជ្ជកម្ម និងសេវាកម្មផ្សេងៗទៀត នៅលើទឹកដីខេត្តបាត់ដំបងមានធនធានធម្មជាតិជាច្រើន ហើយត្រូវការអ្នកវិនិយោគិនបន្ថែមទៀត ដើម្បីអភិវឌ្ឍន៍ខេត្តបាត់ដំបង ហើយបានផ្តល់ទីផ្សារការរងារនៅនឹងកន្លែងជាច្រើនដល់ប្រជាជនកម្ពុជា មានការងារធ្វើ មានជីវភាពធូធារ កាត់បន្ថយការចំណាកស្រុក បង្កើនជីវភាពរស់នៅជួបជុំគ្រួសារ ឱ្យកាន់តែប្រសើឡើង។

ឯកឧត្តមអភិបាលខេត្តបានសំណូមពរដល់គណៈប្រតិភូចិន ជួយដល់ភាគីកម្ពុជាក្នុងការវិនិយោគលើការកែច្នៃកសិផលទៅជាផលិតផលសម្រេចតាមបែបទំនើបដើម្បីនាំចេញលក់បានថ្លៃ និងសម្រួលការនាំចេញផលិតផលឱ្យបានលឿនប្រកបដោយគុណភាពនិឥងប្រសិទ្ធិភាព ដើម្បីលើកស្ទួយជីវភាពប្រជាជនក្នុងខេត្តមានជីវភាពកាន់តែរីកចំរើនឡើង។

លោក Da Yiwu ប្រធានវិស្វករនៃគណៈកម្មាធិការកំណែទម្រង់និងខេត្តអានហ៊ុយ បានរីករាយនិងទទួលសំណូមពររបស់ឯកឌត្តមអភិបាលខេត្តបាត់ដំបងយកទៅសិក្សាបន្ថែម និងណែនាំកៀងគរអ្នកវិនិយោគលើគ្រប់វិស័យមកអភិវឌ្ឍន៍នៅលើទឹកដីខេត្តបាត់ដំបងឲ្យមានការរីកចំរើនបន្ថែមទៀតនិងបន្តកិច្ចសហប្រតិបត្តិការជាមួយគ្នាជាដៃគូល្អនាពេលអនាគត់។

ឯកឧត្តមអភិបាលខេត្តបានថ្លែងអំណរគុណដល់ក្រុមហ៊ុនចិនមួយចំនួនដែលបានវិនិយោគនៅខេត្តបាត់ដំបងកន្លងមកនិងបន្តសហការគ្នារកស៊ីជាមួយគ្នាធ្វើឲ្យខេត្តបាត់ដំបងមានការអភិវឌ្ឍន៍កាន់តែរីចំរើនតទៅ។ បន្ទាប់មកពីបញ្ចប់កិច្ចពិភាក្សារួចមកភាគីទាំង២បានថតរូបនិងប្រគល់វត្ថុអានុស្សាវរីយ៍ជូនគ្នាទៅវិញទៅមក ក្រោមចំណងសាមគ្គីភាព មិត្តភាពកម្ពុជា ចិន យូរអង្វែងតទៅ។