វគ្គបណ្តុះបណ្តាលស្ដីពី​អន្តរាគមន៍អភិវឌ្ឍន៍សមត្ថភាពជូន​មន្ត្រី​រាជការ​នៃ​រដ្ឋ​បាល​ខេត្ត​កែប​


ខេត្តកែប៖ ព្រឹកថ្ងៃចន្ទ ១០កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៨​ នៅ​សាល​ប្រជុំ​តូចសាលា​ខេត្ត​ មានពិធីបើកវគ្គបណ្តុះបណ្តាល​ស្ដីពី​អន្តរាគមន៍អភិវឌ្ឍន៍សមត្ថភាពជូន​មន្ត្រី​រាជការ​នៃ​រដ្ឋ​បាល​ខេត្ត​កែប​ ក្រោម​អធិបតីភាព​ លោក​ សោម​ ពិសិដ្ឋ​ អភិបាល​រង​ខេត្ត​ និង​ជា​ប្រធាន​គណៈកម្មាធិការ​គ្រប់គ្រង​មណ្ឌល​អភិវឌ្ឍន៍​ធនធាន​មនុស្ស​ខេត្ត​ ។

គូស​បញ្ជាក់​ថា​វគ្គ​បណ្ដុះបណ្ដាល​នេះ​ ប្រព្រឹត្តទៅ​មាន​រយៈពេល​ ០៣ថ្ងៃ​ ចាប់ពីថ្ងៃទី​១៧-១៩​ ខែ​ធ្នូ​ ឆ្នាំ​២០១៨​ សមាសភាព​អញ្ជើញចូលរួមមាន៖​ នាយករងរដ្ឋបាល នាយក នាយករងទីចាត់ការ ប្រធាន​ អនុប្រធាន​អង្គភាព​ ប្រធាន អនុប្រធានការិយាល័យ​ មន្ត្រី​ មន្ត្រី​កិច្ច​សន្យា​ ចំណុះរចនាសម្ព័ន្ធរដ្ឋបាលខេត្ត សរុបចំនួន ៦៥រូប។

ឆ្លៀតក្នុងឱកាសនេះ លោក​អភិបាល​រងខេត្ត​ ក៏បានមានប្រសាសន៍ថា តាមរយៈការបណ្តុះបណ្តាលខាងលើនេះ លោក​ លោកស្រី អ្នកនាង​កញ្ញានឹងទទួលបាននូវទស្សនទានថ្មីៗ ព្រមទាំងបទពិសោធន៍នានា​ពាក់ព័ន្ធ​នឹង​កិច្ចការ​ការងារ​រដ្ឋបាល​រាជធានី​ ខេត្ត​ ក្រុង​ ស្រុក​ ខណ្ឌ​ ព្រមទាំង​មេរៀន​ពាក់ព័ន្ធទៅ​នឹង​អភិបាលកិច្ច​ល្អ​ ដែល​ជា​ស្នូល​សំខាន់​របស់​យុទ្ធសាស្ត្រ​ចតុកោណ​​​​។

ជា​ចុង​បញ្ចប់​ លោកអភិបាលរង​ បានស្នើដល់មន្ត្រីរាជការទាំងអស់​ យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​ក្រេប​ជញ្ជក់​យក​ចំណេះដឹង​ពី​ក្រុម​អ្នក​សម្របសម្រួល​មកពី​ក្រសួង​មហាផ្ទៃ​ ហេីយក្រោយពីទទួលបានចំណេះដឹងនៃ​វគ្គ​បណ្ដុះបណ្ដាល​នេះហើយ​ ត្រូវខិតខំបំពេញតួនាទី ភារកិច្ច នៅតាម​ទីចាត់ការ​ និង​អង្គភាពរបស់ខ្លួនឲ្យប្រកបដោយ គុណភាព ប្រសិទ្ធភាព និងភាពជឿជាក់៕