ឯកឧត្តម ឈឹម ផលវរុណ ថាការព្រមាននេះគ្រាន់តែ ជាការបំពងសំឡេង របស់ក្រុមការងារថ្នាក់ទាប របស់សហភាពអឺរ៉ុប តែប៉ុណ្ណោះខណៈថ្នាក់ដឹងនាំ កំពូលនៃសមាជិកសហភាពអឺរ៉ុប មិនទាន់បានដឹងរឿង


ភ្នំពេញ៖ ក្រោយពីសហភាពអឺរ៉ុប (EU) បានប្រកាសបន្តនីតិវិធី របស់ខ្លួនដើម្បីធ្វើការ ដកប្រព័ន្ធអនុគ្រោះពន្ធ លើទំនិញគ្រប់ មុខរបស់កម្ពុជាលើកលែង តែគ្រឿងសព្វាវុធ ហៅកាត់ថា(EBA) អ្នកនាំពាក្យគណបក្ស ប្រជាជនកម្ពុជា ( ប្រ.ជ) ឯកឧត្តម ឈឹម ផលវរុណបានបញ្ចេញប្រតិកម្ម តបថាការព្រមាននេះគ្រាន់តែ ជាការបំពងសំឡេង របស់ក្រុមការងារថ្នាក់ទាប របស់សហភាពអឺរ៉ុប តែប៉ុណ្ណោះខណៈថ្នាក់ដឹងនាំ កំពូលនៃសមាជិកសហភាពអឺរ៉ុប មិនទាន់បានដឹងរឿង ចង់ដកEBAចេញពីកម្ពុជា នៅឡើយទេ។

សូមរំលឹកថាសហភាព អឺរ៉ុបបានទុករយៈចំនួន១២ខែ ឲ្យកម្ពុជាដើម្បីស្ដារ ស្ថានការណ៍នយោបាយឡើង វិញក្នុងនោះសហភាពអឺរ៉ុប ទាមទារឲ្យមានការដោះលែង អ្នកទោសនយោបាយបើកផ្លូវ ឲ្យមន្រ្តីអតីតគណបក្សសង្រ្គោះជាតិ ទាំង១១៨រូបធ្វើនយោបាយឡើងវិញនិងបើកផ្លូវ ឲ្យអង្គការសង្គមស៊ីវិលនានា ចូលរួមធ្វើសកម្មភាព ដោយសេរីនៅក្នុងសង្គមជាដើម។

ក្នុងសន្និសីទសារព័ត៌មាន ក្រោយបញ្ចប់សន្និបាតគណបក្សប្រជាជនកម្ពុជា នៅរាត្រីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៨ លោកឈឹម ផលវរុណបានលើកឡើងថា កម្ពុជាមិនឱនក្បាលដូរឯករាជ្យ និងអធិបតេយ្យភាពជាតិ ដើម្បីទទួលយកការអនុគ្រោះពន្ធឬជំនួយរបស់បរទេសណាមួយជាដាច់ខាត។

ឯកឧត្តមបន្តថា “EBAជាក់ស្ដែងគ្រាន់តែជាការ បំពងសំឡេង របស់ក្រុមការងារសហភាពអឺរ៉ុបEUទេ។ ថ្នាក់ដឹកនាំកំពូល នៃបណ្ដាប្រទេសនានា ជាសមាជិកសហភាពអឺរ៉ុបពុំទាន់ដឹងរឿងហ្នឹងផង។ ហើយការពិតទៅវាគ្រាន់ តែជាគម្រោង ដក EBAមិនទាន់ជាគម្រោងដកទេ គម្រោងប៉ុនប៉ងដកទៅទៀត ។ ចឹងបានន័យថាវានៅជាកម្រិតវែងឆ្ងាយ របស់ក្រុមការងារថ្នាក់ទាប របស់សហភាពអឺរ៉ុបតែប៉ុណ្ណោះ”។
អ្នកនាំពាក្យសង្កត់ធ្ងន់ថា ក្រុមងារថ្នាក់ទាបរបស់ សហភាពអឺរ៉ុបមិនបានផ្ដោតខ្លាំងលើបញ្ហានៃគោលការណ៍ ដែលមានកំណត់នៅ ក្នុងពាណិជ្ជកម្មពិភព លោកឡើយ។តែបែរជាបម្រើ ឲ្យនយោបាយរបស់អតីតបក្សប្រឆាំង (CNRP)ទៅវិញ ។

ឯកឧត្តមបញ្ជាក់ថា កម្ពុជាបានត្រៀមខ្លួនរួច ហើយពីព្រោះក្រោយ កម្ពុជាឈានទៅដល់ប្រទេសដែលមានប្រាក់ចំណូល មធ្យមកម្រិតខ្ពស់ នោះកម្ពុជានឹងត្រូវមាន កាតព្វកិច្ចច្រើនផ្សេងទៀតគឺ កម្ពុជានឹងត្រូវបានបាត់បង់ ការអនុគ្រោះពីបណ្ដាប្រទេសមួយចំនួនប៉ុន្តែកម្ពុជា ក៏មានលទ្ធភាពក្នុងការ អភិវឌ្ឍន៍ប្រទេសឲ្យមានការរីកចម្រើនទៅមុខទៀតបានដែរ។ ក្នុងន័យនេះលោកចង់ បញ្ជាក់ថា ការបាត់បង់ការអនុគ្រោះពន្ធ EBA ពីសហភាពអឺរ៉ុបនោះ មិនមែនជាការបិទទីផ្សារ កម្ពុជាឡើយ។គ្រាន់តែខុសគ្នាត្រង់កម្ពុជាត្រូវធ្វើការ បង់ពន្ធឲ្យសហភាពអឺរ៉ុបតែប៉ុណ្ណោះ។

ឯកឧត្តមបន្តថាបើសិន ជាសភាហភាពអឺរ៉ុបយក បញ្ហាEBA ដាក់សម្ពាធមកលើកម្ពុជាក្នុងការបំពានឯករាជ្យ និងអធិបតេយ្យភាព របស់កម្ពុជានោះ មានន័យថានៅពេលដែលសហភាពអឺរ៉ុបEU លែងផ្ដល់EBA ដល់កម្ពុជា សហភាពអឺរ៉ុប ក៏គ្មានឱកាសអ្វីមកនិយាយរឿងប្រជាធិបតេយ្យ និងសិទ្ធិមនុស្សជាមួយ កម្ពុជាបានដែរ។ សូមរំលឹកថាប្រព័ន្ធអនុគ្រោះពន្ធ ក្រោមកម្មវិធី ទំនិញគ្រប់មុខ លើកលែងគ្រឿងសព្វាវុធ ត្រូវបានសហភាពអឺរ៉ុប បង្កើតឡើងកា លពីឆ្នាំ២០០១ ដូច្នេះកម្ពុជាទទួលបាន ប្រព័ន្ធអនុគ្រោះពន្ធនេះ កាលពីឆ្នាំ២០១២ ក្រោមប្រព័ ន្ធអនុគ្រោះពន្ធ នេះកម្ពុជាបានរួចផុត ពីកាតព្វកិច្ចពន្ធ ជិត៧រយលានដុល្លារ ក្នុងមួយឆ្នាំៗ ចំពោះទំនិញនាំចេញទៅទីផ្សារអឺរ៉ុប។

សូមបញ្ជាក់ថា ក្នុងករណីដែលសហភាពអឺរ៉ុប សម្រេចជាផ្លូវការដក EBA ពីកម្ពុជា គឺទីផ្សារអឺរ៉ុបនៅតែបើកចំហរ សម្រាប់កម្ពុជាដដែល។ ប៉ុន្តែគ្រាន់តែមានបន្ថែមតម្លៃ ពន្ឋដារមួយចំនួនប៉ុណ្ណោះ។ កម្ពុជាត្រូវតែខិតខំកសាងអភិវឌ្ឍន៍ ខ្លួនអោយរួចផុត ពីភាពក្រីក្រដើម្បីមាន កម្លាំងសេដ្ឋកិច្ចរឹងមាំ នៅពេលនោះហើយ EBA ក៏នឹងត្រូវដក ចេញជាស្វ័យប្រវត្តិ។ ការផ្តល់នូវប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម (EBA) គឺសម្រាប់ប្រទេសក្រីក្រ ក្នុងការនាំយកផលិតផល និងទំនិញនានាមកកាន់ទីផ្សា EU ដោយមានការអនុគ្រោះពន្ធ ហើយមិនអាចផ្តល់ជូន ជារៀងរហូត នោះបានឡើយ៕ ដោយ៖ធី លីថូ