ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានអញ្ជើញបន្តដឹកនាំគណប្រតិភូក្រសួង ទៅជួបពិភាក្សាការងារជាមួយ លោក Yulin Zheng ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Hubei Laker Group នៅឯទីស្នាក់ការកណ្តាលក្រុមហ៊ុន នាទីក្រុង Qiangjiang ខេត្ត Hubei


នៅរសៀលថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៨ ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានអញ្ជើញបន្តដឹកនាំគណប្រតិភូក្រសួង ទៅជួបពិភាក្សាការងារជាមួយ លោក Yulin Zheng ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Hubei Laker Group នៅឯទីស្នាក់ការកណ្តាលក្រុមហ៊ុន នាទីក្រុង Qiangjiang ខេត្ត Hubei។ គោលបំណងនៃជំនួបនេះ គឺដើម្បីពិភាក្សាអំពីគម្រោងវិនិយោគវារីវប្បកម្មបង្កងនៅកម្ពុជា និងកិច្ចសហប្រតិបត្តិការរវាងក្រុមហ៊ុន និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកម្ពុជា។
លោកប្រធានក្រុមប្រឹក្សាភិបាល បានបញ្ជាក់ថាការវិនិយោគរបស់ក្រុមហ៊ុននៅប្រទេសជួបបញ្ហាប្រឈមពីរធៀបនឹងកម្ពុជាគឺ ១.អាកាសធាតុនៅចិនមានស៊ីតុណ្ហភាពត្រជាក់ខ្លាំងនៅរដូវរងារ ដែលអាចធ្វើឲ្យបង្កងមិនអាចលូតលាស់បាន និង ២.ពលកម្មសម្រាប់ធ្វើការកែច្នៃមានតម្លៃខ្ពស់ដែលធ្វើឲ្យតម្លៃផលិតផលសម្រេចមានកម្រិតខ្ពស់។ ហេតុដូចនេះក្រុមហ៊ុនមានបំណងចង់ទៅបោះទុនវិនិយោគលើការចិញ្ចឹម និងកែច្នៃបង្កងនៅកម្ពុជាដោយស្នើឲ្យករសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងរាជរដ្ឋាភិបាលកម្ពុជាជួយគាំទ្រដល់គម្រោងនេះ។
ឯកឧត្តមរដ្ឋមន្រ្តី បានសម្តែងក្តីត្រេកអរ និសូមស្វាគមន៍គម្រោងវិនិយោគវារីវប្បកម្មបង្កងនៅកម្ពុជា ដោយការវិនិយោគនេះអាចជួយជំរុញកំណើនជីវភាពកសិករ និងសេដ្ឋកិច្ចជាតិ។ ឯកឧត្តមរដ្ឋមន្រ្តី បានស្នើឲ្យក្រុមហ៊ុនចាត់បុគ្គលិកជំនាញចុះទៅពិនិត្យ និងសិក្សាពីទីតាំងដែលមានសក្តានុពលនៅកម្ពុជា ដោយសហការជាមួយរដ្ឋបាលជលផល និងរៀបចំសេចក្តីព្រាងអនុស្សារណៈយោគយល់រវាងក្រុមហ៊ុន និងក្រសួង ដើម្បីឈានទៅអនុវត្តគម្រោងវិនិយោគនេះឲ្យបានឆាប់នាពេលខាងមុខនេះ។