នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ៖ វិមានឈ្នះ-ឈ្នះ នឹងដាក់ក្នុងកម្មវិធីសិក្សារបស់ក្រសួងអប់រំ និងកម្មវិធីសិក្សារបស់កងទ័ព


នាយឧត្ដមសេនីយ៍ ណឹម សុវត្ថិ ប្រធានក្រុមការងារសិក្សាស្រាវជ្រាវសាងសង់សំណង់វិមានឈ្នះ-ឈ្នះ បានលើកឡើងថា សំណង់វិមានឈ្នះ-ឈ្នះ អាចនឹងដាក់ក្នុងកម្មវិធីសិក្សារបស់ក្រសួងអប់រំ យុវជន និងកីឡា និងក្នុងកម្មសិក្សារបស់កងទ័ព នាពេលខាងមុខនេះ ដោយសារវិមាននេះ ប្រៀបបានដូចជាមជ្ឈមណ្ឌលផ្ទុកឯកសាររបស់ជាតិទាំងមូល សម្រាប់ទុកឱ្យកូនខ្មែរជំនាន់ក្រោយ បានសិក្សារៀនសូត្រ ពីប្រវត្តិសាស្ត្រកម្ពុជា។

ការលើកឡើងរបស់ នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ បានធ្វើឡើង នាថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៨ ម្សិលមិញ នៅក្នុងឱកាសដែល នាយឧត្តមសេនីយ៍ បានរៀបចំសន្និសីទទាក់ទងជុំវិញនៃការសាងសង់វិមានឈ្នះ-ឈ្នះ។ ជាមួយគ្នានេះដែរ នាយឧត្ដមសេនីយ៍ ណឹម សុវត្ថិ បានបន្តថា វិមានឈ្នះ-ឈ្នះ នេះគឺតំណាងឱ្យវីរភាពរបស់ សម្ដេចតេជោ ហ៊ុន សែន ដែលសម្ដេចបាននាំប្រទេសមកនូវសុខសន្តិភាព និងការអភិវឌ្ឍ ហើយវិមាននេះ ក៏ជាមជ្ឈមណ្ឌលដ៏ធំមួយផ្ទុកនូវឯកសារដ៏ប្រវត្តិសាស្ត្រ របស់កម្ពុជា ក៏ដូចជាសម្ដេចតេជោ ហ៊ុន សែន ទាំងមូលផងដែរ។

សូមជម្រាបថា វិមានឈ្នះ-ឈ្នះ បានចាប់ផ្ដើមសាងសង់ឡើង កាលពីខែកុម្ភៈ ឆ្នាំ២០១៦ លើទំហំដី ៨ហិចតា ស្ថិតនៅសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ហើយនឹងត្រូវសម្ពោធជាផ្លូវការចំនួន៣ ថ្ងៃគឺចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ ខាងមុខនេះ និងចំថ្ងៃដែលរាជរដ្ឋាភិបាលប្រារព្ធពិធីខួប២០ឆ្នាំ នៃគោលនយបាយឈ្នះ-ឈ្នះ ផងដែរ ដែលកម្មវិធីនេះ នឹងប្រព្រឹត្តិធ្វើឡើងក្រោមអធិបតីភាព សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

សំណង់វិមានឈ្នះ-ឈ្នះ នេះតំណាងឱ្យវីរភាពរបស់សមមិត្ត ហ៊ុន សែន ដែលហ៊ានប្រថុយជីវិតធ្វើដំណើរទៅកាន់ប្រទេសវៀតណាម ដើម្បីស្នើសុំកម្លាំងភាគីវៀតណាមជួយផ្ដួលរំលំ របបប្រល័យពូជសាសន៍ «ប៉ុល ពត»។ មួយវិញទៀតការសាងសង់វិមាន ឈ្នះឈ្នះ គឺជានិម្មិតរូប នៃសុខសន្តិភាព ដែលកម្ពុជា ទទួលបានក្រោយពីបញ្ចប់សង្គ្រាមស៊ីវិល ដ៏រ៉ាំរ៉ៃជាច្រើនទសវត្សរ៍កន្លងមក និងក៏ទុកជាកេរមរតកសម្រាប់កូនចៅជំនាន់ក្រោយជាដើមផងដែរ។

នាយឧត្ដមសេនីយ៍ ណឹម សុវត្ថិ ក៏បានបញ្ជាក់ថា សម្រាប់រូបចម្លាក់ដែលឆ្លាក់ព័ទ្ធជុំវិញនៃវិមាន គឺភាគច្រើននិយាយអំពី ប្រវត្តិសាស្ត្រកម្ពុជា ក្នុងអំឡុងទសវត្សរ៍ ៨០ និង៩០ ជាពិសេស គឺនិយាយអំពីដំណើររបស់សមមិត្ត ហ៊ុន សែន និងយុទ្ធមិត្តផ្សេងទៀត ដែលបានចាប់ផ្ដើមធ្វើដំណើរទៅកាន់ប្រទេសវៀតណាម ដើម្បីស្នើសុំកម្លាំងភាគីវៀតណាម មកជួយរំដោះប្រទេសកម្ពុជា ឱ្យរួចផុតពីរបបប្រល័យពូជសាសន៍ «ប៉ុល ពត» និងដំណើររឿងរបស់កម្ពុជា ចាប់តាំងពីទសវត្សរ៍ទី៧០ រហូតមកដល់សព្វថ្ងៃនេះជាដើម៕