សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានទទួលជួបសវនាការ ជាមួយ ឯកឧត្តម វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិន ដែលទើបតែងតាំងថ្មី


សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបសវនាការ ជាមួយ ឯកឧត្តម វ៉ាង វិនធៀន ( Wang Wentian) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិន ដែលទើបតែងតាំងថ្មី ប្រចាំព្រះរាជាណាចក្រកម្ពុជានាព្រឹកថ្ងៃច័ន្ទ ២រោច ខែមិគសិរ ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៨ នៅវិមានរដ្ឋសភា។

សម្តេចបានសូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ស្ថានទូតចិន អតីតឯកអគ្គរដ្ឋទូតចិនមុនៗប្រចំាកម្ពុជា ក្នុងកិច្ចការទំនាក់ទំនង ពង្រីកពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ។ ឆ្នាំ២០១៨នេះជាឆ្នាំខួបទី៦០នៃទំនាក់ទំនងការទូតជាប្រវត្តិសាស្រ្តរវាង កម្ពុជា-ចិន ដែលបានកសាងឡើងដោយ អតីតព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ ព្រះបាទនរោត្តម សីហនុ ជាមួយនិងអតីតប្រមុខដឹកនាំប្រទេសចិន។

សម្តេចប្រធានរដ្ឋសភា បានគូសបញ្ជាក់ថាចាប់ពីឆ្នាំ២០១០មក ទំនាក់ទំនងប្រទេសទាំងពីរបានឈានដល់កម្រិតជាប្រវត្តិសាស្រ្តមួយគឺ “ កិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ ” ដែលបាននិងកំពុងផ្តល់ផ្លែផ្កាជាក់ស្តែងលើគ្រប់វិស័យ ដល់សង្គមជាតិទាំងពីរ។

ឯកឧត្តម វ៉ាង វិនធៀន បានលើកឡើងថាទំនាក់ទំនងកម្ពុជា ជាទំនាក់ទំនង បងប្អូន មិត្តភ័ក្តិ យ៉ាងជិតស្និទ្ធ គោរព យោគយល់ និងបានគំាទ្រគ្នាទៅវិញទៅមក។ ប្រទេសចិនបានគាំទ្រដល់ការសម្រេចចិត្តរបស់ កម្ពុជាតាមមាគ៌ារបស់ខ្លួន ដើម្បីបូរណភាពទឹកដី និងឯករាជ្យភាព។

ឯកឧត្តម ឯកអគ្គរដ្ឋទូតបានអះអាងថា ធ្លាប់បានមកទស្សនកិច្ចនៅកម្ពុជាក្នុងកំឡុងឆ្នាំ២០០០ ហើយបានសង្កេតឃើញថា រយៈ១៨ឆ្នាំកន្លងមកនេះ កម្ពុជាមានការអភិវឌ្ឍគូរឲ្យកត់សម្គាល់ ក្រោមម្លប់ព្រះមហាក្សត្រ និងថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ព្រមទាំងសភា ដែលធ្វើឲ្យកម្ពុជា មានសុខសន្តិភាព។

ឯកឧត្តម ក៏បានបញ្ជាក់បន្ថែមថាលទ្ធផលនៃការបោះឆ្នោត ជ្រើសតាំងសមាជិករដ្ឋសភានីតិកាលទី៦ គឺជាការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់ពលរដ្ឋ ហើយប្រទេសចិនបន្តគំាទ្រដល់ការអភិវឌ្ឍនៅកម្ពុជា តទៅទៀតតាមលទ្ធភាពជាក់ស្តែង៕