ឯកឧត្តម គួច វែងស្រ៊ុន បានដឹកនាំក្រុមការងារ ចុះពិនិត្យហេដ្ឋារចនាសម្ព័ន្ធធារាសាស្ត្រ និងការងារបង្កបង្កើនផលនៅក្នុងខេត្តកោះកុង


ថ្ងៃចន្ទ ២រោច ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ ២០១៨ ឯកឧត្តម គួច វែងស្រ៊ុន អនុរដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំក្រុមការងារ ចុះពិនិត្យហេដ្ឋារចនាសម្ព័ន្ធធារាសាស្ត្រ និងការងារបង្កបង្កើនផលនៅក្នុងខេត្តកោះកុង ។

លោក សាញ់ មុន្នីរ័ត្ន ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកោះកុង បានជម្រាបជូនឯកឧត្តម​អនុរដ្ឋលេខាធិការថា នៅក្នុងឆ្នាំ ២០១៨ នេះ ការដាំដុះដំណាំស្រូវវស្សានៅទូទាំងខេត្ត សម្រេចបានលើផ្ទៃដីចំនួន ១០.៤១៧ ហិកតា លើផែនការដែលបានដាក់ចុះចំនួន ១០.៥១៥ ហិកតា ។ មកដល់ពេលនេះ ប្រជាកសិករបានធ្វើការប្រមូលផលចប់សព្វគ្រប់ហើយ ដោយសម្រេចបាន ១០០% នៃផ្ទៃដីដែលបានដាំដុះ ជាមួយនឹងទិន្នផលជាមធ្យមពី ២,៦០-២,៨០ តោន/ហិកតា ។ លោកប្រធានបន្តថា ចំពោះស្ថានភាពប្រព័ន្ធធារាសាស្ត្រនានាវិញ គឺមានសភាពល្អប្រសើរ និងអាចប្រើប្រាស់បានស្របតាមតម្រូវការទៅតាមប្រព័ន្ធនីមួយៗ ។

ទន្ទឹមការប្រមូលផលស្រូវវស្សាបានបញ្ចប់ ឯកឧត្តមអនុរដ្ឋលេខាធិការ ក៏បានណែនាំដល់លោកប្រធានមន្ទីរ ឲ្យបន្តយកចិត្តទុកដាក់ក្នុងការចុះតាមដាននូវស្ថានភាពប្រព័ន្ធធារាសាស្ត្រដែលមានក្នុងខេត្តទាំងអស់ និងលើកផែនការធ្វើការជួសជុល និងថែទាំឲ្យបានជាប្រចាំ ដើម្បីធានាការប្រើប្រាស់បានយូរអង្វែង ។