គណៈកម្មការផលិតទូក ដើម្បីបំបែកឯកទគ្គកម្មពិភពលោក យកថវិកាជាង១ម៉ឺនដុល្លារ ប្រគល់ជូនមន្ទីរពេទ្យគន្ធបុប្ផា


(ភ្នំពេញ)៖ ឯកឧត្តម ងិន បាណាល់ អនុប្រធានគណៈ​កម្មការផលិតទូក ដើម្បីបំបែកឯកទគ្គកម្មពិភពលោក និងក្រុមការងារតំណាងឯកឧត្តម ស សុខា នៅព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៨នេះ​ បាននាំយកថវិកាចំនួន ៤០,៦៥៨,០០០រៀល (ប្រមាណជាង១ម៉ឺនដុល្លារ) ជូនដល់មន្ទីរពេទ្យគន្ធបុប្ផា ដើម្បីជួយសម្រួលដល់ការចំណាយ សម្រាប់ពិនិត្យ និងព្យាបាលជំងឺកុមារកម្ពុជា រាប់រយរាប់ពាន់នាក់ក្នុងមួយថ្ងៃៗ​។

ឯកឧត្តម ងិន បាណាល់ បានបញ្ជាក់ថា ថវិកាខាងលើនេះ គឺបានមកពីការលក់សម្ភារផ្សេងៗដូចជា​៖ អាវ បន្តោងសោរ និងកងដៃក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក និងការដាក់តាំង បង្ហាញនៅមុខវាលព្រះមេរុហ៍ នាពេលកន្លងមក​។​

សូមជម្រាបថា មន្ទីរពេទ្យគន្ធបុប្ផា ​មានចំនួន៥ទីតាំង ក្នុងនោះ៤កន្លែង នៅរាជធានីភ្នំពេញ និងមួយទីតាំងទៀត នៅខេត្តសៀមរាប។ ក្នុងមួយថ្ងៃៗមន្ទីរពេទ្យគន្ធបុប្ផា ទទួលការព្យាបាលកុមារកម្ពុជាចាប់ពី១៦០០ ទៅ ២០០០នាក់ ដោយមិនគិតកំរៃសេវានោះទេ៕