ពិធីបើកសន្និបាតបូកសរុបការងារពាណិជ្ជកម្មឆ្នាំ២០១៨ និងលើកទិសដៅអនុវត្តន៍ការងារឆ្នាំ២០១៩


(ភ្នំពេញ)៖ នៅទីស្តីការក្រសួងពាណិជ្ជកម្ម នាព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៨ មានរៀបចំពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារពាណិជ្ជកម្មឆ្នាំ២០១៨ និងលើកទិសដៅអនុវត្តន៍ការងារឆ្នាំ២០១៩ ក្រោមអធិបតីភាព ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីជាន់ខ្ពស់អន្តរក្រសួង ព្រមទាំងតំណាងវិស័យឯកជន និងបណ្តាញសារព័ត៌មានប្រមាណជាង ៣០០នាក់។

គោលបំណងនៃសន្និបាត គឺដើម្បីត្រួតពិនិត្យ និងវាយតម្លៃលទ្ធផលការងារ ដែលក្រសួង និងមន្ទីរពាណិជ្ជកម្ម សម្រេចបានផ្អែកលើទិសដៅការងារពាណិជ្ជកម្មឆ្នាំ២០១៨ និងពិភាក្សាសំដៅប្រមូលធាតុចូល សម្រាប់ចងក្រងផែនការយុទ្ធសាស្រ្តអនុវត្តការងារពាណិជ្ជកម្មក្នុងឆ្នាំ២០១៩ ជាពិសេសប្រែក្លាយវិស័យពាណិជ្ជកម្ម ឱ្យទៅជាវិស័យឈានមុខមួយ ដើម្បីចូលរួមជំរុញកំណើនសេដ្ឋកិច្ចជាតិ ស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល អណត្តិទី៦ នៃរដ្ឋសភា។

នៅក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងអំពីសមិទ្ធផលសង្ខេប ដែលក្រសួងសម្រេចបាននៅក្នុងឆ្នាំ២០១៨ និងបានសំណូមពរអង្គសន្និបាត ធ្វើការពិភាក្សា និងវាយតម្លៃអំពីបញ្ហាប្រឈមនានា ទាក់ទងវិស័យពាណិជ្ជកម្មជាតិ ដោយផ្ដោតទៅលើចំណុចសំខាន់ៗដូចជា៖

– ការអនុវត្តកម្មវិធីកំណែទម្រង់រដ្ឋបាល ហិរញ្ញវត្ថុ សេវាសាធារណៈ និងប្រតិភូកម្មជូនថ្នាក់ក្រោមជាតិ
– ការចងក្រងសេចក្តីព្រាងច្បាប់ និងបទដ្ឋានគតិយុត្ត ដើម្បីបម្រើដល់ការអភិវឌ្ឍវិស័យពាណិជ្ជកម្ម
– ការងារជំរុញពាណិជ្ជកម្ម និងអភិវឌ្ឍន៍ទីផ្សារ
– ការពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មអន្តរជាតិ
– ការងារពាណិជ្ជកម្មក្នុងប្រទេស និងអភិវឌ្ឍវិស័យឯកជន
– ការអនុវត្តគោលនយោបាយជាតិ ស្តីពីស្រូវ-អង្ករ
– ការងារគ្រប់គ្រងគុណភាព និងសុវត្ថិភាពទំនិញ
– ការងារស្ថិរភាពថ្លៃទំនិញ-គ្រប់គ្រងអតិផរណា និងកិច្ចការចម្បងមួយចំនួនទៀត។

បន្ថែមលើសនោះទៀត ឯកឧត្តមរដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ ក៏បានសម្តែងនូវការកោតសរសើរ និងថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៅក្រសួង និងមន្ទីពាណិជ្ជកម្មគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំប្រឹងប្រែងយកចិត្តទុកដាក់បំពេញការងារយ៉ាងសកម្ម ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងបុព្វហេតុបម្រើជាតិ និងមាតុភូមិ ព្រមទាំងឧត្តមប្រយោជន៍របស់ប្រជាជនកម្ពុជាគ្រប់រូប។

សូមជម្រាបថា ក្រសួងពាណិជ្ជកម្មនឹងចងក្រងលទ្ធផល ដែលទទួលបានពីកិច្ចពិភាក្សានៅក្នុងអង្គសន្និបាតថ្ងៃនេះ ដើម្បីធ្វើជាធាតុចូល សំដៅរៀបចំផែនការយុទ្ធសាស្រ្តអនុវត្តការងារពាណិជ្ជកម្មឆ្នាំ២០១៩ និងស្នើសុំការគាំទ្រពី ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅរសៀលថ្ងៃស្អែក​ ទី២៥ ខែធ្នូ ឆ្នាំ២០១៨ សម្រាប់អនុវត្តជាផ្លូវការ៕