អ្នកនាំចេញកសិផលខេត្តបាត់ដំបង គាំទ្រយ៉ាងខ្លាំងនិងអរគុណ ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ដែលអនុញ្ញាតឲ្យរថយន្តដឹកជញ្ជូនកសិផលរត់ត្រង់ ដោយពុំចាំបាច់ឆ្លងកាត់បេនចំណតភាស៊ី


(បាត់ដំបង)៖ ក្រុមហ៊ុនប្រតិបត្តិករ អាជីវករ នាំចេញកសិផលខេត្តបាត់ដំបង បានគាំទ្រទាំងស្រុង និងថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុត ចំពោះអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលបានអនុញ្ញាតឲ្យរថយន្តដឹកជញ្ជូនកសិផលរត់ត្រង់ ពីព្រំដែនមកដឹកកសិផលប្រជាពលរដ្ឋតាមសៃឡូ និងទីលាន កសិផលផ្ទាល់ដោយពុំចាំបាច់ឆ្លងកាត់បេនចំណតភាស៊ី។ នេះបើតាមលិខិតថ្លែងអំណរគុណ ដែល​បណ្តាញព័ត៌មាន ទទួលបាន​នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៨នេះ។

ក្នុងលិខិតរបស់ក្រុមអ្នកនាំចេញបានចាត់ទុក សេចក្តីសម្រេចរបស់ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនី​រ័ត្ន យ៉ាងដូច្នេះថា «សេចក្តីសម្រេចដ៏មានអត្ថន័យដ៏ឧដុង្គឧត្តមរបស់ ឯកឧត្តម អគ្គបណ្ឌិត សភាចារ្យ ឧបនាយករដ្ឋមន្រ្តី ក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីកាត់បន្ថយភាព ក្រីក្រ និងទិសដៅជំរុញការនាំចេញកសិផលនៅកម្ពុជាឲ្យកាន់តែមានសុក្រិតភាព នេះគឺសបញ្ជាក់ពីការគិតគូរបស់ ឯកឧត្តម ក៏ដូចរាជរដ្ឋាភិបាល លើការចំណាយរបស់ប្រជាពលរដ្ឋ អាជីវករ នាំចេញកសិផលទាំងអស់ឲ្យកាន់តែមានភាពងាយស្រួលជាងមុន ក៏ដូចជាបានបើកផ្លូវឲ្យតម្លៃកសិផលមានការកើនឡើងមួយកម្រិតថែមទៀត ពីព្រោះតែអ្នកនាំចេញពុំមានចំណាយច្រើនដូចពីមុន»

សូមជម្រាបថា កាលពីខែកក្កដា ឆ្នាំ២០១៨កន្លងទៅ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន អូន ព័ន្ធមុនីរ័ត្ន បានចេញសេចក្តីសម្រេចមួយ ដោយបានណែនាំឲ្យការអនុវត្តន៍មួយចំនួន៖

១៖ ចំពោះរថយន្តដឹកជញ្ជូនទំនិញ ដែលមានលិខិតអនុញ្ញាតិពីស្ថាប័ន ឬអង្គភាពមានសមត្ថកិច្ចឲ្យដឹកជញ្ជូនទំនិញពីកំពង់ផែ ឃ្លាំង ទៅកន្លែងស្តុក ឬទៅបំរើការដ្ឋានសាងសង់មិនត្រូវបានដាក់របាំង ឬចាប់បង្ខំឲ្យចូលចត និងឲ្យបង់ភាស៊ីចំណតឡើយ។

២៖ ចំពោះមធ្យោបាយដឹកជញ្ជូនទំនិញកសិផលគ្រប់ប្រភេទសម្រាប់ការនាំចេញ ត្រូអនុញ្ញាតឲ្យដឹកជញ្ជូនត្រង់ និងបំពេញបែបបទនៅមាត់ច្រកព្រំដែនតែម្តង ដោយមិនចាំបាច់តម្រូវឲ្យឆ្លងកាត់ផែស្ងួត ឬភាស៊ីចំណតឡើយ។

៣៖ ចំពោះមធ្យោបាយដឹកជញ្ជូនទំនិញឆ្លងកាត់ព្រំដែន (ក្រៅពីការនាំចេញកសិផល) ត្រូវដឹកតាមតម្រាយផ្លូវ ស្របច្បាប់ចូលទៅកាន់ការិយាល័យគយ និងរដ្ឋាករ ឬផែស្ងួត ដើម្បីបំពេញបែបបទបញ្ចេញទំនិញពីគយ តាមបទប្បញ្ញត្តិជាធរមាន ដោយពុំតម្រូវឲ្យសមត្ថកិច្ចនៅតាមច្រកព្រំដែនកំណត់ ឬបញ្ជាម្ចាស់មធ្យោបាយដឹកទំនិញ ឲ្យចូលចតក្នុងអាជីវកម្មដ្ឋានភាស៊ីចំណតរថយន្តឡើយ។

៤៖ ករណីម្ចាស់រថយន្តត្រូវការប្រើប្រាស់ចំណត​រថយន្ត ឬផែស្ងួត ត្រូវបង់ថ្លៃសេវាឲ្យចំណតរថយន្ត ឬផែស្ងួតនោះ៕