ការ​តាំង​ពិព័រណ៍​វិទ្យាសាស្រ្ត និង​បច្ចេកវិទ្យា នៅ​អគារ​ខេមរានី


រាជធានី​ភ្នំពេញ៖ ពិព័រណ៍​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា ត្រូវ​បាន​រៀប​ចំ​ឡើង​ដោយ​អនុញ្ញាត​ឱ្យ​ចូល​សាធារណជន​ពិសេស​យុវជន ​ចូលរួម​ទស្សនា​ដោយ​សេរី ដើម្បី​បណ្ដុះ​ស្មារតី​សិស្ស-និស្សិត ឱ្យ​ស្រលាញ់ ចូលចិត្ត និង​មានឱកាស​សាកល្បង​ផ្ទាល់​លើ​វិទ្យាសាស្រ្ត និង​បច្ចេកវិទ្យា ។

ឯកឧត្តម​បណ្ឌិត សាន វឌ្ឍនា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន បាន​ចូលរួម​ទស្សនា​ការ​តាំង​ពិព័រណ៍​នេះ នា​ព្រឹក​ថ្ងៃព្រ​ហស្បតិ៍​ ៥​រោច ខែ​មិគសិរ ឆ្នាំ​ច សំរឹទ្ធិស័ក ព.ស. ២៥៦២ ​​​​​​នៅ​អគារ​ខេមរានី ដែល​ស្ថិត​ក្នុង​ភូមិព្រែកលៀប សង្កាត់​ព្រែកលៀប ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ។ ក្នុង​ឱកាស​នោះ​ឯកឧត្តម​បណ្ឌិត បាន​សង្កត់​ធ្ងន់​លើ​ការ​ផ្សារភ្ជាប់ការតាំងពិព័រណ៍​នេះ ជាមួយ​បណ្តាមេរៀនពាក់ព័ន្ធក្នុងកម្មវិធីសិក្សា រួមមាន​មុខវិជ្ជារូបវិទ្យា គណិតវិទ្យា និង​មុខវិជ្ជា​មួយ​ចំនួន​ទៀត​ផ្នែកវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា នៅ​សាកលវិទ្យាល័យ។

ឯកឧត្តម​​ក៏​បានលើកទឹកចិត្តឲ្យសិស្ស និងនិស្សិត​គ្រប់វ័យ ​មកចូលរួមទស្សនា និងសាកល្បងដកបទពិសោធន៍ដោយផ្ទាល់ ជាមួយគ្រឿងម៉ាស៊ីន និង​សម្ភារៈ​ឧបទេស​ជាង​៧០គ្រឿង រួម​ទាំង​ការទស្សនាវីដេអូ 3D នៅ​ក្នុង​ផ្ទះ​អឌ្ឍគោល ដែល​ដំណើរ​ការ​ចាប់​ពី​ថ្ងៃ​អង្គារ ដល់​ថ្ងៃ​អាទិត្យ រៀងរាល់​ម៉ោង​ធ្វើការ៕