ឯកឧត្តម សុខ ឥសាន បានស្នើប្រធានាធិបតី សហរដ្ឋអាមេរិក លោក ដូ ណាល់ត្រាំ ឲ្យណែនាំ និងប្រដៅកូនចៅ


ភ្នំពេញ៖ អ្នកនាំពាក្យ គណបក្សប្រជាជនកម្ពុជា ឯកឧត្តម សុខ ឥសាន បានស្នើប្រធានាធិបតី សហរដ្ឋអាមេរិក លោក ដូ ណាល់ត្រាំ ឲ្យណែនាំ និងប្រដៅកូនចៅឲ្យកែប្រែចរិតអសីលធម៌ និងខ្វះវិជ្ជាជីវៈផ្សព្វផ្សាយឡើងវិញផង ស្របពេលអាមេរិកប្រកាសថា មិនទទួលបន្ទុកចេញលុយ ដើម្បីការពារបណ្តាប្រទេសមួយចំនួន។

ក្នុងន័យនេះ ឯកឧត្តមចង់សំដៅទៅលើប្រព័ន្ធផ្សព្វផ្សាយ គឺវិទ្យុអាស៊ីសេរី និងវិអូអេ ដែលមានប្រភពមកពីអាមេរិក។

ឯកឧត្តម សុខ ឥសាន បានថ្លែងតាមរយៈបណ្ដាញសង្គមតេឡេក្រាម នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៨ថា លោកប្រធានាធិបតីអាមេរិក ដូ ណាល់ត្រាំ បានប្រកាសជាឱឡារិកថា អាមេរិកលែងដើរតួជាប៉ូលិសអន្តរជាតិទៀត ហើយចាប់ពីពេលនេះតទៅ ។ អាមេរិក មិនទទួលបន្ទុកចេញលុយ ដើម្បីការពារបណ្តាប្រទេស ដែលពួកគេសមតែចេញនោះទេ ។ វាមិនយុត្តិធម៌សម្រាប់អាមេរិកទេ ។

ឯកឧត្តមបន្តថា ការប្តេជ្ញាឈប់ដើរតួជាប៉ូលិសអន្តរជាតិ របស់ប្រធានាធិបតី ត្រាំ នឹងធ្វើឲ្យសភាពការណ៍ពិភពលោកប្រែប្រួល ទៅរកចំណុចវិជ្ជមាន និងបានធូរស្រាល ។

ឯកឧត្តមបញ្ជាក់ថា “ប៉ុន្តែទន្ទឹមនឹងនេះ ដើម្បីឲ្យស្របតាមឆន្ទៈ នៃរបត់នយោបាយថ្មីរបស់អាមេរិក សំណូមពរលោកប្រធានាធិបតីណែនាំ និងប្រដៅឆ្កែកាច របស់លោកប្រធានាធិបតី ឲ្យកែប្រែចរិតអសីលធម៌ និងខ្វះវិជ្ជាជីវៈផ្សព្វផ្សាយព័ត៌មាន ឲ្យមានឯករាជ្យភាព និងប្រកបដោយក្រមសីលធម៌ និងវិជ្ជាជីវៈផងកុំឲ្យមានចរឹក និងខួរក្បាលចក្រព័ត្តិជាង អាមេរិកតទៅទៀតផង” ។

នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៨នេះដែរ ស្ថានទូតអាមេរិកប្រចាំកម្ពុជា បានជូនដំណឹងដល់សាធារណជនថា ហ្វេសប៊ុកផេក របស់ស្ថានទូតអាមេរិកប្រចាំកម្ពុជា ក៏នឹងផ្អាកសកម្មភាពដោយសារ បញ្ហាថវិកាសម្រាប់ ចំណាយក្នុងរដ្ឋាភិបាលអាមេរិក ។

គួរបញ្ជាក់ថា លោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក បានគម្រាមបិទរដ្ឋាភិបាល បន្ទាប់ពីគណបក្សប្រជាធិបតេយ្យ បានបដិសេធ មិនព្រមផ្តល់មូលនិធិ ដើម្បីសាងសង់ជញ្ជាំង នៅតាមព្រំដែនជាមួយប្រទេសម៉ិកស៊ិក ខណៈលោក ត្រាំ កំពុងស្វែងរកថវិកាចំនួន ៥ពាន់លានដុល្លារពីសភា ដើម្បីចាប់ផ្តើមធ្វើការសាងសង់កំផែងនេះ ៕