ឯកឧត្តម ទិន ពន្លក បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​កិច្ចប្រជុំចុងក្រោយ នៃគណៈកម្មការគ្រប់គ្រងគម្រោង បង្កើត ទទួលបាន និងប្រើប្រាស់ព័ត៌មាន និងចំណេះដឹងពាក់ព័ន្ធនឹងអនុសញ្ញារីយ៉ូទាំងបី


នៅ​ព្រឹក​ថ្ងៃ​ទី​២៨ ខែ​ធ្នូ ឆ្នាំ​២០១៨​ ឯកឧត្តម ទិន ពន្លក អគ្គលេខាធិការ​ នៃ​អគ្គលេខាធិការដ្ឋាន​ក្រុម​ប្រឹក្សា​ជាតិ​អភិវឌ្ឍន៍​ដោយ​ចីរភាព (ក.ជ.អ.ច.) បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​កិច្ចប្រជុំចុងក្រោយ នៃគណៈកម្មការគ្រប់គ្រងគម្រោង «បង្កើត ទទួលបាន និងប្រើប្រាស់ព័ត៌មាន និងចំណេះដឹងពាក់ព័ន្ធនឹងអនុសញ្ញារីយ៉ូទាំងបី» នៅ​សណ្ឋាគារ​សាន់វ៉េ រាជធានី​ភ្នំពេញ។

កិច្ចប្រជុំ​នេះ​រៀបចំ​ឡើង​ក្នុង​គោលបំណង​ដើម្បី​៖ ១) បង្ហាញ​ពី​សមិទ្ធផល​គម្រោង​សំខាន់ៗជូនគណៈកម្មការគ្រប់គ្រងគម្រោង និង២) ការប្រកាសបិទគម្រោងជាផ្លូវការ។

គម្រោងអនុសញ្ញារីយ៉ូទាំងបី បានចាប់ដំណើរការក្នុងឆ្នាំ២០១៥ និងបញ្ចប់នៅខែធ្នូ ឆ្នាំ២០១៨នេះ។ គម្រោងបានអនុវត្តឡើងក្នុងគោលបំណងដើម្បីជំរុញការបង្កើត ទទួលបាន និងប្រើប្រាស់ព័ត៌មានទាក់ទងនឹងអនុសញ្ញារីយ៉ូទាំងបី រួមមានអនុសញ្ញាសហប្រជាតិស្តីពីជីវៈចម្រុះ អនុសញ្ញាក្របខណ្ឌសហប្រជាជាតិស្តីពីការបែ្រប្រួលអាកាសធាតុ និងអនុសញ្ញសហប្រជាជាតិប្រយុទ្ធប្រឆាំងនឹងរហោស្ថានកម្ម។

ក្នុងកិច្ចប្រជុំនេះ គម្រោងបានបង្ហាញពីសមិទ្ធិផល ជាច្រើនដែលគម្រោងផលិតបានកន្លងមក រួមមានឯកសារ សៀវភៅ ផ្ទាំងព័ត៌មានដែលបានបោះពុម្ភរួចរាល់ វីដេអូឯកសារ គេហទំព័រផ្លូវការ​របស់គម្រោងរីយ៉ូទាំងបី និងគម្រោងសាកល្បងនៃការបង្កើតមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសរកូល សុខ អាន ភ្នំគូលែន។