លោកជំទាវ ចាន់ សុម៉ាលី និងក្រុមការងាររបស់នាយកដ្ឋានជីវៈចម្រុះបានចុះពិនិត្យ និងរៀបចំបន្ថែមសួនកេសរកូលព្រៃនៃមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសរកូល សុខ អាន ភ្នំគូលែន


កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨ លោកជំទាវ ចាន់ សុម៉ាលី អគ្គលេខាធិការរងក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងក្រុមការងាររបស់នាយកដ្ឋានជីវៈចម្រុះបានចុះពិនិត្យ និងរៀបចំបន្ថែមសួនកេសរកូលព្រៃនៃមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសរកូល សុខ អាន ភ្នំគូលែន។

ជាលទ្ធផល ក្រុមការងារបានសហការជាមួយឧទ្យានុរក្សរៀបចំ​លម្អរ និងបន្ថែមមែកឈើសម្រាប់ដាំកេសរកូលបានចំនួន ០៨ដើម និងបានរៀបចំទីតាំងសម្រាប់ប្រភេទនីមួយៗបានមួយចំនួនទៀត។ រហូតដល់បច្ចុប្បន្ន ក្រុមការងារបានប្រមូល និងចងក្រងកេសរកូលព្រៃបានចំនួន ៨០ប្រភេទ រក្សាទុកនៅក្នុងសួន ហើយមាន​កេសរកូលព្រៃជាង ៤០% បាន និងកំពុងចេញផ្កានៅក្នុងសួន។ ជាមួយគ្នានេះដែរ លោកជំទាវ ចាន់ សុម៉ាលី បានណែនាំ និងជំរុញឱ្យឧទ្យានុរក្សសហការអនុវត្តការងារសំខាន់ៗ និងបន្ទាន់មួយចំនួនរួមមាន៖
-ការប្រមូលប្រភេទសំខាន់ៗជាបន្តទៀត
-ការរៀបចំលម្អរអាងទឹកក្នុងសួន
-ការរៀបចំបង្កាន់ដៃស្ពាន និង
-ការរៀបចំដាំកេសរកូលនៅតាមមែកឈើ។

ក្រៅពីនេះ ក្រុមការងារក៏បានជួបពិភាក្សាជាមួយប្រធានអង្គការ Fauna in Focus ដើម្បីស្វែងរកកិច្ចសហការផ្នែកចងក្រង និងផលិតឯកសារសម្រាប់ការកសាងសមត្ថភាព និងលើកកម្ពស់ចំណេះដឹងផ្នែកអភិរក្សធនធានជីវៈចម្រុះ ជាពិសេសគឺការអនុវត្តការងាររួមគ្នារវាងវិស័យប្រែប្រួលអាកាសធាតុ ការគ្រប់គ្រងជីវៈចម្រុះ និងការគ្រប់គ្រងដីសម្រាប់ការអភិវឌ្ឍន៍ប្រកបដោយចីរភាព។