សម្តេចតេជោ ហ៊ុន សែន ឯកភាពលើសំណើ៣ចំណុច របស់សមាគមគ្រឹះស្ថានឧត្តមសិក្សា ក្នុងការបង្កើនគុណភាព និងប្រសិទ្ធភាពអប់រំ


(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានឯកភាពឲ្យអនុវត្តន៍លើសំណើចំនួន៣ចំណុចរបស់គ្រឹះស្ថានឧត្តមសិក្សាក្នុងការបង្កើនគុណភាព និងប្រសិទ្ធភាពអប់រំនៅកម្ពុជា។ សំណើទាំង៣នោះរួមមាន៖ ទី១. បង្កើតក្រុមការងារគុណវុឌ្ឍជាតិ ដើម្បីចូលរួមពិនិត្យកែសម្រួលគុណវុឌ្ឍជាតិកម្ពុជា, ទី២. បង្កើតក្រុមការងាររវាងសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា ជាមួយក្រសួងអប់រំ និងទី៣. បង្កើតក្រុមការងាររវាងសមាគមគ្រឹះស្ថានឧត្តមសិក្សា ជាមួយក្រសួងសុខាភិបាល។

សំណើទាំង៣របស់សមាគមគ្រឹះស្ថានឧត្តមសិក្សា បានធ្វើឡើងក្នុងពេលថ្នាក់ដឹកនាំសមាគមមួយនេះដឹកនាំដោយលោក ហេង វ៉ាន់ដា ប្រធានសមាគម ត្រូវបានសម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឲ្យចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព នៅព្រឹកថ្ងៃទី០២ ខែមករា ឆ្នាំ២០១៩នេះ។

បើតាមលោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោ បានឲ្យដឹងថា សំណើទាំង៣នេះ ត្រូវបានសម្ដេចតេជោនាយករដ្ឋមន្ត្រី សម្រេចថាទី១. បង្កើតគណៈកម្មការរួមមួយរវាងស្ថាប័នពាក់ព័ន្ធ និងគ្រឹះស្ថានអប់រំទាំងអស់, ទី២. ជូនរដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ជាប្រធាន និងទី៣. បង្កើតលេខាធិការដ្ឋានមួយនៅក្នុងក្រោមចំណុះក្រសួងអប់រំ ហើយនៅពេលគណៈកម្មការនេះបង្កើត ត្រូវពិនិត្យបង្កើតយន្តការមួយឲ្យបានច្បាស់លាស់ និងត្រូវរៀបចំពិនិត្យឡើងវិញ​នូវអនុក្រឹត្យពាក់ព័ន្ធគុណវុឌ្ឍជាតិ ដែលជាធម្មនុញ្ញភាពសម្រាប់វិស័យអប់រំ។

ក្នុងជំនួបនោះ លោក ហេង វ៉ាន់ដា​​ ក៏បានគោរពរាយការណ៍ជូនសម្ដេចតេជោពីសកម្មភាពរបស់សមាគមគ្រឹះស្ថានឧត្តមសិក្សាឆ្នាំកន្លងទៅ ពាក់ព័ន្ធវិស័យអប់រំផង ពាក់ព័ន្ធនឹងវិស័យមនុស្សធម៌ផង រួមទាំងបញ្ហាសង្គមផង។ លើសពីនេះទៀត លោក​ក៏បានគោរពជម្រាបជូនសម្តេចតេជោ អំពីយុទ្ធសាស្រ្តរបស់​សមាគមគ្រឹះស្ថានឧត្តមសិក្សាផងដែរ។ ​

សម្ដេចតេជោ ហ៊ុន សែន បានកត់សម្គាល់ឃើញថា ឆ្នាំកន្លងមក មានសំណើជាច្រើនពាក់ព័ន្ធការអនុគ្រោះពន្ធលើបរិក្ខារអប់រំជាដើម ប៉ុន្តែជំនួបលើកនេះពុំមានសំណើទៀតឡើយ គឺមានតែសំណូមពរទាក់ទងការបង្កើនគុណភាព ប្រសិទ្ធភាព នៃដំណើរការការងារលើវិស័យអប់រំ ដែលនេះបង្ហាញឲ្យឃើញពីការរួមចំណែកដល់ការលើកកម្ពស់អប់រំនៅកម្ពុជា។

សូមបញ្ជាក់ថា សមាគមគ្រឹះស្ថានឧត្តមសិក្សា គឺជាអង្គការក្រៅរដ្ឋាភិបាលមួយ ដែលបានចងក្រងឡើងបណ្តុំគ្រឹះស្ថានឧត្តមសិក្សានៅកម្ពុជា ក្នុងបំណងចូលរួមជារាជរដ្ឋាភិបាលកម្ពុជាក្នុងលើកកម្ពស់ការសិក្សានៅថ្នាក់ឧត្តមសិក្សាឲ្យកាន់តែល្អប្រសើរ។ សមាគមមួយនេះ តែងទទួលបានការអនុញ្ញាតពីសម្តេចតេជោ ហ៊ុន សែន ឲ្យចូលជួបសម្តែងការគួរសម និងពិភាក្សាគ្នា ដើម្បីដោះស្រាយបញ្ហាប្រឈម និងរិះរកយុទ្ធផ្សេងៗធ្វើឲ្យការអប់រំនៅឧត្តមសិក្សាកាន់តែល្អប្រសើរ៕