ប្រធានមន្ទីរអភិវឌ្ឍន៍ខេត្តកំពង់ធំ ជំរុញឲ្យមានការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យឱ្យដល់ទីជនបទ ដើម្បីលើកកម្ពស់សុខមាលភាពប្រជាជន


(កំពង់ធំ)៖ ដើម្បីឱ្យមានការផ្គត់ផ្គង់ទឹកស្អាត និងលើកកម្ពស់អនាម័យដល់ទីជនបទ ឱ្យកាន់តែល្អប្រសើរឡើង ឯកឧត្តម មុំ ចែម ប្រធានមន្ទីរអភិវឌ្ឍន៍ខេត្តកំពង់ធំ បានលើកឡើងថា គ្រប់មន្ត្រីពាក់ព័ន្ធទាំងអស់ ត្រូវជំរុញការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យដល់ទីជនបទឱ្យបានគ្រប់គ្រាន់ ដើម្បីលើកកម្ពស់សុខមាលភាព របស់ប្រជាពលរដ្ឋ និងចូលរូមកាត់បន្ថយភាពក្រីក្រ។

ឯកឧត្តមបានលើកឡើងដូចនេះ នៅព្រឹកថ្ងៃទី៣ ខែមករា ឆ្នាំ២០១៩នេះ ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំសម្រាប់ត្រីមាសទី៤ របស់ក្រុមការងារបច្ចេកទេសវិស័យផ្គត់ផ្គង់ទឹកស្អាត សុខភាព និងអនាម័យជនបទថ្នាក់ខេត្ត ពិធីនេះក៏មានការចូលរួមពីបណ្តាអង្គភាពមន្ទីរនានា អាជ្ញាធរ ក្រុង ស្រុក និងអង្គការដៃគូរអភិវឌ្ឍន៍ជាច្រើនផងដែរ។

ឯកឧត្តម មុំ ចែម បានលើកឡើងបន្តថា ក្នុងកំណើនវិនិយោគទុន លើវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ គឺជាការចាំបាច់សម្រាប់ប្រទេសកម្ពុជា ក្នុងការសម្រេចឲ្យបានជោគជ័យ នៅតំបន់ដាច់ឆ្ងាយពីវិស័យទឹកស្អាត និងអនាម័យសកល ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។ លទ្ធផល នៃវឌ្ឍនភាពជាវិជ្ជមាននៃអនាម័យ គឺកើតឡើងដោយសារការខិតខំប្រឹងប្រែងផ្ទាល់ របស់រាជរដ្ឋាភិបាល គួបផ្សំនឹងការចូលរួម សហការយ៉ាងជិតស្និទ្ធរវាងរាជរដ្ឋាភិបាល ជាមួយដៃគូអភិវឌ្ឍ ក៏ដូចជាផ្នែកពាក់ព័ន្ធផ្សេងៗ រួមទាំងវិស័យឯកជនផងដែរ។

ឯកឧត្តមបានស្នើឲ្យថ្នាក់ក្រុង ស្រុក ត្រូវលើកយករបៀបវារៈ ស្តីពីអនាម័យទឹកស្អាត នឹងសុខភាពមកដាក់ប្រជុំប្រចាំខែ ហើយបន្តរបញ្ច្រាបដល់ថ្នាក់ភូមិ ឃុំ ដើម្បីឱ្យប្រជាពលរដ្ឋបានយល់ពីការហូបស្អាត ផឹកស្អាត រស់នៅស្អាតក្នុងជីវភាពប្រចាំថ្ងៃ ដើម្បីជាចំណែកក្នុងការកាត់បន្ថយជំងឺ និងឈានដល់ការកាត់បន្ថយភាពក្រីក្រផងដែរ។

ឯកឧត្តម មុំ ចែម ក៏បានស្នើដល់ស្ថាប័នពាក់ព័ន្ធទាំងអស់ ត្រូវជួយយកទៅផ្សព្វផ្សាយ ដល់ប្រជាពលរដ្ឋឱ្យគិតពីបញ្ហាសុខភាព និងកៀគររកធនធានពីសប្បុរសជន ដៃគូអភិវឌ្ឍនានា ក្នុងការលើកកំពស់សុខភាព ហើយអាជ្ញាធរមូលដ្ឋាន ត្រូវពង្រឹងយន្តការរបស់ខ្លួនដឹកនាំធានា ឱ្យមានអនាម័យស្អាតក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ហើយអង្គភាពស្ថាប័នពាក់ព័ន្ធត្រូវរួមគ្នាដើម្បីផ្គត់ផ្គង់ទឹកស្អាត ដោយសហការជាមួយដៃគូអភិវឌ្ឍនានា នៅតាមមូលដ្ឋាន នៅតាមគ្រឹះស្ថានសិក្សា សាលាចំណេះទូទៅ ត្រូវយកចិត្តទុកដាក់ សាងសង់សម្ភារៈទឹកស្អាតអប់រំសិស្សឱ្យយល់ ពីផលវិបាកនៃការខ្វះអនាម័យនៅតាមសាលា និងគ្រួសារ ហើយគ្រប់គ្រួសារត្រូវសាងសង់បង្គន់អនាម័យ ដោយបញ្ឈប់ការបន្ទោរបង់ពាសវាលពាសកាលផងដែរ៕