ប្រធានការិយាល័យកុងស៊ុលចិន ប្រចាំនៅខេត្តសៀមរាប សម្តែងការ គួរសម និងប្រគល់កំព្យូទ័រលើតុចំនួន១០គ្រឿងជូន ឯកឧត្តម អភិបាល នៃគណៈអភិបាលខេត្តសៀមរាប


នាថ្ងៃទី ០៤ ខែ មករា ឆ្នាំ២០១៩នេះ ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្ត បានអនុញ្ញាតឲ្យឯកឧត្តម LIU ZHIJIE ប្រធានការិយាល័យកុងស៊ុលចិន ប្រចាំនៅខេត្តសៀមរាប ចូលជួបសម្តែងការគួសម និង ពិភាក្សា ជូនពរក្នុងឱកាសឆ្លងឆ្នាំសកល និង ទទួល តំណែងជា អភិបាលខេត្ត ព្រមទាំងនាំយកនូវកុំព្យូទ័រ១០គ្រឿងជូនដល់សាលាខេត្តសៀមរាបផងដែរ។

មានប្រសាសន៍នោះ ឯកឧត្តម LIU ZHIJIE បានបញ្ជាក់ថាទំនាក់ ទំនងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា ចិន គឺមានតាំងពីសម័យកាលដ៏យូរលុងមកហើយ ព្រមទាំងបានធ្វើការពង្រឹងពង្រីកចំណងមិត្តភាពនេះកាន់តែរឹងមាំក្រោមព្រះរាជដឹកនាំរបស់ព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋិ និងត្រូវបានបន្តកិច្ចសហប្រតិបត្តិការនេះ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានធ្វើ ឲ្យចំណងមិត្តភាពនៃប្រទេសទាំងពីរកាន់តែមានភាពរឹងមាំទ្វេរឡើង។ ឯកឧត្តមបានលើកផងដែរ ពីកិច្ចទំនាក់ទំនងសហប្រតិបត្តិការរវាង ខេត្តសៀមរាប និងខេត្ត ក្រុង នៃសាធារណរដ្ឋប្រជាមានិតចិនផងដែរ។ ក្នុងនោះដែរឯកឧត្តមក៏បានលើកផងដែរ អំពីវិស័យទេសចរណ៍នៅ ខេត្តសៀមរាប ដោយមានប្រជាជនចិន ចូលមកធ្វើទេសចរណ៍នៅខេត្តសៀមរាបឆ្នាំ២០១៨កន្លងមកនេះ មានចំនួនជាង១លាននាក់។ ឯកឧត្តមក៏មានសង្ឃឹមជឿជាក់ផងដែរថា នៅពេលដែលការសាងសង់ព្រលានយន្តហោះដ៏ធំ នៅខេត្តសៀមរាបបានរួចរាល់ ដែលជាគម្រោង របស់រដ្ឋាភិបាលនៃប្រទេសទាំងពីរ ក្នុងពេលបើកដាក់ឲ្យដំណើរការ ចំនួនភ្ញៀវទេសចរណ៍និងមានការកើនទ្វេរឡើងទៀតផង។ ឯកឧត្តម បានបន្តទៀតថាដើមី្បធ្វើឲ្យចំណងនៃកិច្ចទំនាក់ទំនងសហប្រតិបត្តិការ ជាមួយបណ្តាខេត្ត ក្រុងសម្ព័ន្ធមេត្រីភាព ឯកឧត្តមប្រធានការិយាល័យ កុងស៊ុលចិន សូមឲ្យអាជ្ញាធរខេត្តសៀមរាប បង្កើននូវការទំនាក់ទំនង ដោយធ្វើការផ្លាប់ប្តូរបទពិសោធន៍ពីគ្នា តាមរយៈទស្សនកិច្ចសិក្សា ស្វែងយល់ អំពីការងារសេដ្ឋកិច្ច វប្បធម៌ និងការងារបណ្តុះបណ្តាលធនធានមនុស្សជាដើម។ ឯកឧត្តមក៏បានបញ្ជាក់ថា ដើមី្បទទួលសាទរ ឆ្នាំថ្មី និង ការចូលកាន់តំណែងរបស់ឯកឧត្តមអភិបាលខេត្ត ក្នុងនាមចំណងមិត្តភាពឯកឧត្តមប្រធានការិយាល័យកុងស៊ុល ក៏បាននាំយកនូវ កុំព្យូទ័រ ចំនួន១០គ្រឿងសម្រាប់ឆ្នាំថ្មី ទុកសម្រាប់ប្រើប្រាស់ក្នុងការិយាល័យនៃសាលាខេត្តសៀមរាប។

ឯកឧត្តម ទៀ សីហា ក៏បានបញ្ជាក់ថា កិច្ចទំនាក់ទំនងរវាងកម្ពុជា ចិន មានតាំងពីសម័យកាលយូរលុងមកហើយ ដោយមានចារឹកនៅ ថ្មជញ្ជាំងប្រាសាទបាយ័ន ក្នុងវិស័យពាណិជ្ជកម្ម។ ការទំនាក់ទំនងនេះត្រូវបានពង្រីក និង ពង្រឹងយ៉ាងស្អិតរមួត ក្រោមព្រះរាជកិច្ចដឹកនាំរបស់ព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋិ។ ឯកឧត្តមបានបន្តទៀតថា ដោយឈរលើមូលដ្ឋាន កិច្ចសហប្រតិបត្តិការទ្វេរភាគី រវាងប្រទេសទាំងពីរ ត្រូវបានឆ្លុះបញ្ចាំងផងដែរ តាមរយៈក្នុងផ្លាស់ប្តូរទស្សនកិច្ច រវាងថ្នាក់ដឹកនាំប្រទេស ក៏ដូចការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន។ ឯកឧត្តម ទៀ សីហា ក៏បានគូសបញ្ជាក់ ក្នុងកិច្ចទំនាក់ទំនងសហប្រតិបត្តិការរវាងខេត្តសៀមរាប និងខេត្តក្រុង នៃសាធារណ រដ្ឋប្រជាមានិតចិន ទទួលបានសមទ្ធិផលសំខាន់លើវិស័យកសិកម្ម ទេសចរណ៍ និងសុខាភិបាល ក្រោមកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ឲ្យកាន់តែមានភាពរឹងមាំ។ ក្នុងនោះដែរខេត្តសៀម រាប ក៏បានទទួលបានការឧបត្ថម្ភលើវិស័យជាច្រើន ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធរូប វន្ត័អរូបវ័ន្ត ក្នុងការបណ្តុះបណ្តាលធនធាន មនុស្ស កសិកម្ម និង ការអភិរក្សជួសជុលប្រាង្គប្រាសាទ បុរាណក្នុងតំបន់អង្គរ។ ម៉្យាងទៀតខេត្តសៀមរាប ក៏ទទួលបាននូវការគម្រោងសាងសង់អាយានដ្ឋានមួយដ៏ធំ ដែលសាងសង់ឡើងដោយក្រុមវិស្វករនៃខេត្តយូណានទៀតផង។ក្នុងនោះឯកឧត្តមក៏បានលើកនូវសំណូមពរមួយចំនួន ដល់ឯកឧត្តមប្រធានការិយាល័យកុងស៊ុលចិន ចូលរួមសហការជាមួយអាជ្ញាធរខេត្ត សំខាន់ក្នុងការជម្រុញប្រជាជន និងអ្នកវិនិយោគ ចូលមកធ្វើទេសចរណ៍ និងវិនិយោគនៅក្នុងខេត្ត សៀមរាប។ ម៉្យាងទៀតខេត្តសៀមរាប ក៏មានសាលារៀនភាសាចិន ដែលបង្កើតឡើងសមាគមន៍ខ្មែរ ចិនខេត្តសៀមរាប ព្រមទាំងបានដំណើរការទៅដោយរលូនទៀតផង។ ក្នុងនោះឯកឧត្តមក៏បានថ្លែង អំណរគុណ ចំពោះឯកឧត្តមប្រធានការិយាល័យកុងស៊ុលចិន ដែលបានផ្តល់ជាសម្ភារៈការិយាល័យ (កុំព្យូទ័រ) ដល់ សាលាខេត្តសៀមរាប ក្នុងចំណងដៃឆ្នាំថ្មីនេះផងដែរ ៕