ជំនួបសម្តែងការគួរសមពីសំណាក់បេក្ខជនបេក្ខនារីជ័យលាភីអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៃ រដ្ឋាភិបាលប្រទេសណូវែលហ្សេឡង់


ថ្ងៃអង្គារ ៣កើត ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៩ នៅទីស្តី ការក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម តូច ចាន់កុសល តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានទទួលជួបសម្តែងការគួរសមពីសំណាក់បេក្ខជនបេក្ខនារីជ័យលាភី អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៃរដ្ឋាភិបាលប្រទេសណូវែលហ្សេឡង់ ដោយមានការចូលរួមពី មន្ត្រីជាន់ខ្ពស់ក្រសួងផងដែរ។

ជំនួបសម្ដែងការគួរសមនេះ ធ្វើឡើងដើម្បីទទួលបាននូវអនុសាសន៍ ចំណេះដឹង និងបទពិសោធន៍ល្អៗ ទាក់ទងនឹងវិស័យផ្សេងៗ ជាពិសេស វិស័យសាធារណការ និងដឹកជញ្ជូន ដែលនឹងក្លាយជាទស្សនទានដ៏មានតម្លៃសម្រាប់ការសិក្សានៅប្រទេសណូវែលហ្សេឡង់។

បេក្ខជនបេក្ខនារីជ័យលាភីអាហារូបករណ៍ទាំងនេះមានចំនួន១៨រូប ជាមន្ត្រីរាជការស្ថាប័នរដ្ឋ និងបុគ្គលិកមកពីក្រុមហ៊ុនឯកជន បានប្រឡងជាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ សិក្សារយៈពេលពីរឆ្នាំលើមុខជំនាញគោលនយោបាយសាធារណៈ សម្រាប់ឆ្នាំសិក្សា២០១៩ និងឆ្នាំ២០២០។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមរដ្ឋលេខាធិការ បានថ្លែងប្រាប់បេក្ខជនបេក្ខនារីជ័យលាភីអំពី គម្រោង សំខាន់ៗមួយចំនួនរួមមាន៖ គម្រោងសាងសង់ផ្លូវល្បឿនលឿនពីភ្នំពេញទៅក្រុងព្រះសីហនុដើម្បីសម្រួល ដល់ការដឹកជញ្ជូន គម្រោងសិក្សាលទ្ធភាពសាងសង់ផ្លូវរថភ្លើងលើអាកាស(AGT) គម្រោងសិក្សារថភ្លើង ក្នុងទីក្រុង (Tramway) និងការដាក់ឱ្យប្រើប្រាស់កម្មវិធីថែទាំផ្លូវ ROAD CARE app។

ឯកឧត្តមរដ្ឋលេខាធិការ ក៏បានលើកឡើងផងដែរអំពីសមិទ្ធផលសម្រេចបានសំខាន់ៗរួមមាន៖ ការដាក់ឱ្យ ដំណើរការឡើងវិញនូវផ្លូវដែកភាគខាងជើង ពីប៉ោយប៉ែត-ភ្នំពេញក្រោយកាត់ផ្តាច់ដោយសង្គ្រាមអស់រយៈពេល៤៥ឆ្នាំ ការដាក់ឱ្យប្រើប្រាស់កាណូតដឹកអ្នកដំណើរតាមផ្លូវទឹក ការដាក់ឱ្យដំណើរការប្រព័ន្ធស្វ័យប្រវត្តិកម្មដើម្បី បង្ខិតសេវាឱ្យកៀកទៅនឹងប្រជាពលរដ្ឋ ដូចជាប្រព័ន្ធអនឡាញក្នុងការចុះបញ្ជីយានយន្តនិងយានជំនិះ ជាដើម។

ឯកឧត្តមរដ្ឋលេខាធិការ បានស្នើឱ្យបេក្ខជនបេក្ខនារីជ័យលាភីប្តេជ្ញាចិត្តខិតខំប្រឹងប្រែងរៀនសូត្រ រក្សា អាកប្បកិរិយាល្អនៅពេលទៅសិក្សានៅប្រទេសគេ និងផ្តាំផ្ញើឱ្យធ្វើខ្លួនជាឯកអគ្គរដ្ឋទូតសុច្ឆន្ទៈសម្រាប់ ប្រទេសកម្ពុជាផងដែរ៕