សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានអនុញ្ញាតឲ្យឯកឧត្តម ត្រឹង កឹមទូ (Tran Kam Tu) លេខាធិការមជ្ឈឹមបក្ស និងជាប្រធានគណៈកម្មាធិការត្រួតពិនិត្យមជ្ឈឹមបក្សកុម្មុយនីស្តវៀតណាម ចូលជួបសម្តែងការគួរសម


នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១០ ខែមករាឆ្នាំ២០១៩ នៅវិមានរដ្ឋសភា ក្នុងឱកាសនោះសម្តេចប្រធានរដ្ឋសភា បានលើកឡើងថា កាលពីថ្ងៃអាទិត្យកន្លងទៅ ពោលគឺនៅថ្ងៃទី៧ ខែមករា ឆ្នាំ២០១៩ កម្ពុជាបានរៀបចំពិធីអបអរសាទរខួបទី៤០ ថ្ងៃជ័យជម្នះ ៧មករា (៧មករា ១៩៧៩-៧មករា ២០១៩ )យ៉ាងអធិកអធម។ សម្តេចបានគូសបញ្ជាក់ថា ៧មករា ឆ្នាំ១៩៧៩ ត្រូវបានប្រជាពលរដ្ឋកម្ពុជាចាត់ទុកថាជាថ្ងៃកំណើតទី២ ជាសករាជថ្មី ដែលនាំឲ្យ កម្ពុជា បានស្គាល់សុខសន្តភាពនិងការអភិវឌ្ឍដូចសព្វថ្ងៃនេះ។

សម្តេចប្រធានរដ្ឋសភា បានថ្លែងអំណរគុណចំពោះបក្សកម្មុយនីស្តវៀតណាម ប្រជាជន និងកងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានរួមចំណែកយ៉ាងធំធេង ក្នុងការជួយរំដោះប្រជាជនកម្ពុជា ឲ្យរួចផុតពីរបបប្រល័យពូជសាសន៍ប៉ុលពតនៅថ្ងៃទី៧ខែមករាឆ្នាំ១៩៧៩។ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានគូសបញ្ជាក់ថា រយៈ ៤០ឆ្នាំមកនេះ កម្ពុជាបានខិតខំយ៉ាងលំបាក ក្នុងការស្តា កសាង និងអភិវឌ្ឍប្រទេសជាតិ ឱ្យមានការរីកចម្រើនដូចពេលបច្ចុប្បន្ន ដោយមានការជួយឧបត្ថម្ភ គាំទ្រ ពីមិត្តភ័ក្តិ ប្រទេសជាមិត្តជិតឆ្ងាយ ជាពិសេសគឺ រដ្ឋាភិបាល និងប្រជាជនវៀតណាម។

ឯកឧត្តមប្រធានគណៈប្រតិភូ បានសម្តែងការអបអរសាទរចំពោះការអភិវឌ្ឍរបស់កម្ពុជាលើគ្រប់វិស័យ។ ឯកឧត្តមក៍បានអបអរសាទរផងដែរចំបោះលទ្ធផលបោះឆ្នោតជ្រើសតំាងសមាជិករដ្ឋសភានីតិកាលទី៦ នាពេលកន្លងទៅ។
ឯកឧត្តម ត្រឹង កឹមទូ បានសម្តែងសុទិដ្ឋិនិយមថាក្រោមម្លប់របស់ព្រះករុណាព្រះមហាក្សត្រ និងក្រោមការដឹកនាំរបស់សភា រាជរដ្ឋាភិបាល ប្រទេសកម្ពុជានឹងទទួលបានជោគជ័យថ្មីៗបន្តទៀត៕