សម្តេចភក្តី សាយ ឈុំ អញ្ជើញជាអធិបតីក្នុងសម័យប្រជុំលើកទី២ព្រឹទ្ធសភា នីតិកាលទី៤


ព្រឹកថ្ងៃសុក្រ ៦កើត ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩ វេលាម៉ោង០៨:០០នាទី នៅវិមានព្រឹទ្ធសភា សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងសម័យប្រជុំលើកទី២ ព្រឹទ្ធសសភា នីតិកាលទី៤ ដោយមានសមាជិក សមាជិកា ព្រឹទ្ធសភាចំនួន ៥២រូប ចូលរួមនិងមានរបៀបវារៈដូចខាងក្រោម៖
១-ពិនិត្យ និងឲ្យយោបល់លើសេចក្តីស្នើច្បាប់ស្តីពី វិសោធនកម្មច្បាប់ស្ដីពី ការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ។

២-ពិនិត្យ និងឲ្យយោបល់លើសេចក្តីស្នើច្បាប់ស្តីពី វិសោធនកម្មច្បាប់ស្ដីពី ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ ។
តំណាងក្រុមតំណាងរាស្រ្តហត្ថលេខី ចំនួន៦រូប ដឹកនាំដោយឯកឧត្តមបណ្ឌិតរដ្ឋ ជាម យៀប អមដោយមន្ត្រីជាន់ខ្ពស់ និង មន្ត្រីជំនាញ ចំនួន៣រូប បានអញ្ជើញចូលបំភ្លឺសេចក្តីស្នើច្បាប់ទាំង២។
ជាលទ្ធផលអង្គព្រឹទ្ធសភា នៃសម័យប្រជុំលើកទី២ ព្រឹទ្ធសភានីតិកាលទី៤ ក្រោយពីបានស្តាប់របាយការណ៍ ស្តីពីការពិនិត្យសិក្សាលើសេចក្តីស្នើច្បាប់ទាំង២ របស់ឯកឧត្តម អ៊ុក ប៊ុនឈឿន ប្រធានគណៈកម្មការនីតិកម្ម និងយុត្តិធម៌ និងស្តាប់មតិពីភាក្សាផ្តល់យោបល់ របស់សមាជិកសមាជិកាអង្គប្រជុំ ស្តាប់មតិបំភ្លឺរបស់តំណាងក្រុមតំណាងរាស្ត្រហត្ថលេខីរួចមក អង្គព្រឹទ្ធសភា បានអនុម័តយល់ព្រមដោយឥតកែប្រែ និងចាត់ទុកជាការប្រញាប់ នូវសេចក្តីស្នើច្បាប់ក្នុងរបៀបវារៈទី១ និងរបៀបវារៈទី២ ខាងលើ៕