ក្រសួងសាធារណការ ដាក់ចុះទិសដៅការងារសំខាន់ ១១ចំណុច សម្រាប់អនុវត្តនៅឆ្នាំ២០១៩


(ភ្នំពេញ)៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រកាសដាក់ចុះនូវទិសដៅការងារសំខាន់ៗចំនួន ១១ចំណុច សម្រាប់អនុវត្តបន្តនៅឆ្នាំ២០១៩ ដែលពាក់ព័ន្ធនឹងការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ និងស្របតាមអនុសាសន៍របស់រាជរដ្ឋាភិបាល។

ទិសដៅការងារនៅឆ្នាំ២០១៩នេះ ត្រូវបានលើកឡើងដោយឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងឱកាសបិទសន្និបាតបូកសរុបការងារ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន នៅសាលសន្និសីទចតុមុខ នាថ្ងៃទី១០ ខែមករា ឆ្នាំ២០១៩។ ពិធីនេះធ្វើឡើងក្រោមអធិបតីភាពឯកឧត្តមឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន តំណាងសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

ទិសដៅទាំង១១ចំណុចនោះ រួមមាន៖

១៖ ការងារដឹកជញ្ជូនផ្លូវគោក៖
* បង្កើនទំនាក់ទំនង និងកិច្ចសហការរវាងក្រសួងសាធារណការ និងដឹកជញ្ជូន អគ្គនាយកដ្ឋាន និងរដ្ឋាករ អគ្គនាយកដ្ឋានពន្ធដារ និងអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ដើម្បីបង្កភាពងាយស្រួលក្នុងការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ។
* បញ្ចប់សេចក្ដីព្រាងអនុក្រឹត្យស្ដីពីស្លាកសេខពិសេស ដើម្បីប្រមូលថវិកាជូនរដ្ឋ ផ្ដល់ជម្រើសងាយស្រួលដល់ម្ចាស់ម្មសិទ្ធិយានយន្ត និងពង្រឹងការគ្រប់គ្រងយានយន្ត។

២៖ ការងារសុវត្ថិភាពចរាចរណ៍៖
* រៀបចំបទប្បញ្ញត្តិ និងសេចក្ដីណែនាំដល់មន្ត្រីរាជការ និងបុគ្គលិកទាំងអស់នៃបណ្ដាស្ថាប័ន ក្រុមហ៊ុន និងគ្រឹះស្ថានអប់រំ ឱ្យចូលរួមអប់រំផ្សព្វផ្សាយច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ដើម្បីរួមចំណែកសម្រេចនូវគោលដៅទសវត្សរ៍របស់អង្គការសហប្រជាជាតិ ស្ដីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក្នុងការកាត់បន្ថយអត្រានៃការរងរបួសធ្ងន់ឱ្យបាន ៥០% ត្រឹមឆ្នាំ២០២០។
* បន្តយុទ្ធនាការចែកចំណាំងផ្លាតសុវត្ថិភាព និងមួកសុវត្ថិភាពដល់អ្នកបើកបរទោចក្រយានយន្ត ផលិតស្ពតផ្សព្វផ្សាយបន្ថែម បំពាក់កាំមេរ៉ាត្រួតពិនិត្យតំបន់ដែលមានគ្រោះថ្នាក់ញឹកញាប់ និងកែលម្អទីតាំងទាំងនោះ។
* សិក្សា និងរៀបចំវិធានការបំពាក់ប្រព័ន្ធ GPS តាមដានលើរថយន្តដឹកទំនិញ។

៣៖ ការងារទប់ស្កាត់ការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់៖
* អនុវត្តឱ្យបានម៉ឹងម៉ាត់ និងត្រួតពិនិត្យលើការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់។
* ចាត់វិធានការបិទទីតាំងយានដ្ឋានកែច្នៃរថយន្តខុសបច្ចេកទេសដែលគ្មានច្បាប់ (៧៧កន្លែង គិតត្រឹមឆ្នាំ២០១៨ ថយចុះពីចំនួន ៣,០០០កន្លែង)។
* បង្កើតក្រុមការងារត្រួតពិនិត្យរថយន្តដឹកជញ្ជូនទំនិញទាំងអស់ នៅតាមគោលដៅកំពង់ផែស្វយ័តទាំងពីរ ដើម្បីទប់ស្កាត់ការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ការគ្មានបណ្ណបើកបរ និងការកែច្នៃរថយន្តខុសលក្ខណៈបច្ចេកទេស។
* បង្កើតប្រព័ន្ធតាមដាន និងគ្រប់គ្រងរថយន្ត ដែលបានផាកពិន័យរួច និងអាចឈានទៅដល់ការបិទក្រុមហ៊ុន ឬមិនអនុញ្ញាតឱ្យធ្វើចរាចរណ៍លើផ្លូវថ្នល់ ក្នុងករណីមិនរាងចាល។

៤៖ ការងារដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ (ឆ្នាំ២០១៩ ជាឆ្នាំជំរុញសេវាដឹកជញ្ជូនតាមផ្លូវទឹក)៖
* បន្តរៀបចំបញ្ចប់សេចក្ដីព្រាងច្បាប់ស្ដីពីកំពង់ផែ និងច្បាប់ស្ដីពីការដឹកជញ្ជូនតាមផ្លូវទឹក។
* សិក្សានីតិវិធីនៃការចុះបញ្ជីនាវាទង់ជាតិកម្ពុជាឡើងវិញ។
* ជំរុញការដឹកជញ្ជូនតាមផ្លូវទឹកឱ្យមានប្រសិទ្ធភាពខ្ពស់។

៥៖ ការងារផ្លូវដែក៖
* ដាក់ឱ្យដំណើរការក្បាលរថភ្លើងថ្មីពីស្ថានីយភ្នំពេញ ទៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ និងពីភ្នំពេញទៅក្រុងព្រះសីហនុ។
* រៀបចំស្ពតវីដេអូស្ដីពីសុវត្ថិភាពចរាចរណ៍ សម្រាប់កាត់បន្ថយគ្រោះថ្នាក់នៅតាមផ្លូវរថភ្លើង។
* ជំរុញការដឹកជញ្ជូនទំនិញតាមផ្លូវដែក ដើម្បីកាត់បន្ថយការខូចខាតផ្លូវថ្នល់។
* បញ្ចប់ការសិក្សាសាងសង់ប្រព័ន្ធរថភ្លើងស្វ័យប្រវត្តិ (AGT) និង Tramway។
* ពន្លឿន និងបញ្ចប់ការចរចាកិច្ចព្រមព្រៀងសម្បទានផ្លូវដែកកម្ពុជា។
* ចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្ដីពី ការដឹកជញ្ជូនឆ្លងកាត់ព្រំដែន តាមផ្លូវដែកកម្ពុជា-ថៃ។

៦៖ ការងារសាធារណការ៖
* ពង្រឹងការអនុវត្តកម្មវិធីថែទាំផ្លូវឱ្យមានប្រសិទ្ធភាពខ្ពស់។
* រៀបចំ ត្រួតពិនិត្យ និងតាមដានស្ថិតិសំបុកមាន់ ស្រកានាគ នៅតាមបណ្ដារាជធានី-ខេត្ត ក្រុង។
* រៀបចំនីតិវិធីបន្ថែម និងបង្កើនសកម្មភាពត្រួតពិនិត្យគុណភាព បច្ចេកទេសសាងសង់ផ្លូវថ្នល់ ស្ពាន ការគ្រប់គ្រង និងថែទាំដីចំណីផ្លូវ។
* ពង្រឹងការអនុវត្តថវិកាជំពូក ៦១ និងជំពូក ២១ ឱ្យមានប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់ (កែសម្រួលនីតិវិធីការងារស្នើសុំ ផ្ដល់ជូន គ្រប់គ្រង តាមដាន និងត្រួតពិនិត្យ ដើម្បីពន្លឿនការងារជួសជុល និងថែទាំផ្លូវ)។
* បង្កើតទីតាំងផលិតគ្រួស ថ្ម និងកៅស៊ូ AC សម្រាប់បង្កលក្ខណៈងាយស្រួលដល់ការងារសាងសង់ផ្លូវ។
* បញ្ចប់សេចក្ដីព្រាងច្បាប់ស្ដីពី ប្រព័ន្ធចម្រោះទឹកកខ្វក់ និងបញ្ចប់ការសិក្សាផែនការមេស្ដីពី ប្រព័ន្ធចម្រោះទឹកកខ្វក់នៅតាមទីរួមខេត្ត ទីក្រុងសំខាន់ៗ និងចាប់អនុវត្តគម្រោងសាងសង់ប្រព័ន្ធចម្រោះទឹកកខ្វក់នៅខេត្តព្រះសីហនុ។
* បើកការដ្ឋានសាងសង់ផ្លូវក្រវាត់ក្រុងខ្សែទី៣ ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ២២ ផ្លូវជាតិលេខ៧១សេ ផ្លូវជាតិលេខ១៥៥១ និងស្ពានឆ្លងកាត់ទន្លេមេគង្គ ខេត្តក្រចេះជាដើម។
* សម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវជាតិលេខ៥៨ ផ្លូវជាតិលេខ៥៥ ផ្លូវជាតិលេខ៧ ផ្លូវក្រវាត់ក្រុងទី២ ផ្លូវជាតិលេខ៥១ ស្ពានជ្រោយចង្វា កម្ពុជា-ជប៉ុន ផ្លូវជាតិលេខ២១ ផ្លូវជាតិលេខ១៣ និងផ្លូវជាតិលេខ៥៣ ជាដើម។

៧៖ ការងារភស្តភារកម្ម៖
* រៀបចំគោលនយោបាយ ច្បាប់ លិខិតបទដ្ឋានសម្រាប់គ្រប់គ្រង និងអនុវត្តភស្តុភារកម្មនៅកម្ពុជា។
* បញ្ចប់ផែនការមេថ្នាក់ជាតិស្ដីពី ការដឹកជញ្ជូន និងភស្តុភារកម្ម ដើម្បីស្នើសុំការអនុម័តពីក្រុមប្រឹក្សាជាតិភស្តុភារកម្ម និងបញ្ជូនទៅទីស្ដីការគណៈរដ្ឋមន្ត្រី។
* បន្តសហការជាមួយក្រុមជំនាញការធនាគារអភិវឌ្ឍន៍អាស៊ី សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ និងស្ថាប័នពាក់ព័ន្ធ ដើម្បីសិក្សាគម្រោងអភិវឌ្ឍន៍មជ្ឈមណ្ឌលភស្តុភារកម្មនៅតំបន់សំខាន់ៗ (ភ្នំពេញ និងព្រះសីហនុ)។
* សិក្សាពីស្ថិតិរថយន្តដឹកជញ្ជូនទំនិញ និងរថយន្តសណ្ដោង ចរាចរណ៍នៅកម្ពុជា និងតម្លៃឡូជីស្ទិកដែលពាក់ព័ន្ធ។

៨៖ កំពង់ផែភ្នំពេញ៖
* ជំរុញការសាងសង់កំពង់ផែទន្លេបិទ គម្រោងអភិវឌ្ឍន៍ចំណតកំពង់ផែកុងតឺន័រជំហានទី៣ និងការសាងសង់ចំណតកំពង់ផែរណបតាមដងទន្លេ ការសាងសង់ចំណតកំពង់ផែទំនិញ និងបង្កើតតំបន់គាំទ្រកំពង់ផែ ឃ្លាំងស្ងួត-ឃ្លាំងត្រជាក់ ដើម្បីបង្កើនសមត្ថភាព និងសម្រួលដល់សេវាដឹកជញ្ជូនតាមផ្លូវទឹក។

៩៖ កំពុងផែក្រុងស្វយ័តក្រុងព្រះសីហនុ៖
* បើកការដ្ឋានសាងសង់ចំណតផែកុងតឺន័រប្រវែង ៣៥០ម៉ែត្រ ជម្រៅទឹក ១៤.៥ម៉ែត្រ ទីលានកុងតឺន័រការងារបូមស្ដារអាងនាវា និងឃ្លង់នាវាជម្រៅ ១៤.៥ម៉ែត្រ ដោយកម្ចីជប៉ុន (២០៣លានដុល្លារ)។
* សិក្សាបន្ថែមនៅតំបន់សេដ្ឋកិច្ចពិសេសកំពង់ផែព្រះសីហនុ។

១០៖ ភ្នាក់ងារនាវាចរកម្ពុជា (កាំសាប)៖
* អនុវត្តគម្រោងប្រព័ន្ធផ្លាស់ប្ដូរទិន្នន័យអេឡិចត្រូនិចនៅកំពង់ផែ (Port EDI)។
* បង្កើត និងតភ្ជាប់គម្រោងប្រព័ន្ធផ្លាស់ប្ដូរទិន្នន័យអេឡិចត្រូនិចនៅកំពង់ផែ ទៅនឹងគម្រោងប្រព័ន្ធច្រកចេញចូលតែមួយជាតិ (National single Window)។

១១៖ មន្ទីរពិសោធន៍សំណង់​ និងសាធារណការ៖
* ពង្រឹងគុណភាពមន្ទីរពិសោធន៍សំណង់ និងសាធារណការតាមស្ដង់ដារ ISO/IEC ១៧០២៥។
* ជំរុញបង្កើតសាខាមន្ទីរពិសោធន៍សំណង់ និងសាធារណការតាមបណ្ដាខេត្តអភិវឌ្ឍន៍សំខាន់ៗ ដូចជាបាត់ដំបង សៀមរាប ក្រចេះ និងព្រះសីហនុ៕