សម្តេចប្រធានរដ្ឋសភាជួបពិភាក្សាការងារជាមួយប្រធានរដ្ឋសភាឡាវនិងបានចុះអនុស្សារណៈយោគយល់គ្នាជំរុញពង្រឹងកិច្ចសហប្រតិបត្តិការ


សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានទទួលជួបពិភាក្សាការងារជាមួយ លោកជំទាវ ផានី យ៉ាថូទូ ប្រធានរដ្ឋសភានៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នៅព្រឹកថ្ងៃទី១៤ ខែមករាឆ្នាំ២០១៩ នៅសណ្ឋាគារសុខាសៀមរាប ខណៈដែលលោកជំទាវ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា ឡាវ ចូលរួមវេទិកាសភាអាស៊ីប៉ាស៊ីហ្វិកលើកទី ២៧ នៅទឹកដីអង្គរ ព្រះរាជាណាចក្រកម្ពុជា។

ប្រធានរដ្ឋសភាកម្ពុជានិងឡាវ ក៏បានចុះអនុស្សារណៈយោគយល់គ្នាផងដែរក្នុងការពង្រឹងកិច្ចសហប្រតិការជាមួយគ្នាឲ្យកាន់តែរឹងមាំថែមទៀត។ សម្តេចនិងលោកជំទាវ ផានី យ៉ាថូទូ បានសម្តែងមោទនភាព ចំពោះកិច្ចសហប្រតិបត្តិការ រវាងរដ្ឋសភាយើងទាំងពីរ ដែលបានដំណើរការទៅដោយរលូន ជាពិសេសការគាំទ្រគ្នាទៅវិញទៅមក នៅលើវេទិកាអន្តរសភានានាទាំងក្នុងតំបន់ និងសកលលោក។

លោកជំទាវ ផានី យ៉ាថូទូ បានថ្លែងអំណរគុណនិងអបអរសារទចំពោះការរៀបចំកិច្ចប្រជុំប្រចាំឆ្នាំ APPF លើទី២៧របស់សភាកម្ពុជាថាបានដំណើរល្អជាមួយខ្លឹមសារដែលមានសារៈសំខាន់។ ជាមួយគ្នានេះ លោកជំទាវបានសង្កេតឃើញថាប្រទេសកម្ពុជាមានការីកចម្រើនគួរឲ្យកត់សម្គាល់នៅក្នុងរយៈពេលចុងក្រោយនេះ ដែលបង្ហាញឲ្យឃើញពីការដឹកនាំដ៏ត្រឹមត្រូវរបស់ គណបក្សប្រជាជនកម្ពុជា ដែលទើបតែទទួលបានជោគជ័យនៅក្នុងការបោះឆ្នោតកាលពីឆ្នាំ២០១៨ បន្តទៀត ។

លោកជំទាវ បានស្នើសូមសម្តេចប្រធានរដ្ឋសភាបន្តជំរុញកិច្ចសហប្រតិបត្តិការសភាប្រទេសទំាងពីរឲ្យកាន់តែរឹងមាំថែមទៀត ចាប់ពីថ្នាក់ដឹកនាំរហូតដល់គណៈកម្មការជំនាញ ជាពិសេសគួរបង្កើតឲ្យមានសិក្ខាសាលារួមគ្នា។ លោកជំទាវ ផានី យ៉ាថូទូ បានស្នើសូមរដ្ឋាភិបាលប្រទេសទំាងពីរជំរុញកិច្ចសហប្រតិបត្តិផ្នែកពាណិជ្ជកម្ម កម្ពុជា ឡាវ ដែលនៅមានកម្រិតឲ្យបានកើនឡើង។ រដ្ឋសភាប្រទេសឡាវបានថ្លែងអំណរគុណដែលកម្ពុជាបានសន្យាទិញថាមពលអគ្គិសនី៕

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានក៏កោតសរសើរចំពោះរដ្ឋសភាឡាវដែលបានរៀបចំកិច្ចប្រជុំប្រចំាឆ្នាំវេទិកាសភាអាស៊ី APPF លើកទី១៧ កាលពីឆ្នាំ២០០៩ ប្រកបដោយភាពជោគជ័យ និងបានរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹងប្រសិទ្ធភាពរបស់វេទិកានេះ ដើម្បីសម្រេចបាននូវចក្ខុវិស័យរួមរបស់តំបន់ គឺការកសាងសន្តិភាព ស្ថិរភាព និងវិបុលភាព៕