ព្រឹកថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមកិច្ចប្រជុំវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក លើកទី២៧


(សៀមរាប)៖ នៅព្រឹកថ្ងៃអង្គារ ១០កើត ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាសមាជិកនៃរដ្ឋសភា អញ្ជើញចូលរួមបើកកិច្ចប្រជុំប្រចាំឆ្នាំ នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក លើកទី២៧ (APPF-27) ដែលប្រារព្ធធ្វើឡើងនៅសណ្ឋាគារសុខាអង្គរ ខេត្តសៀមរាប។

ការប្រកាសបើកជាផ្លូវជាផ្លូវការ នៃកិច្ចប្រជុំប្រចាំឆ្នាំនៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក លើកទី២៧នេះ ធ្វើឡើងក្រោមអធិបតីភាពសម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា និងមានការអញ្ជើញចូលរួមពីសមាជិកសភា មកពីប្រទេសក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិកចំនួន២១។ ក្នុងពិធីបើកកិច្ចប្រជុំនៅថ្ងៃនេះ ក្រៅពីការថ្លែងសុន្ទរកថាបើកដោយសម្តេចពញាចក្រី ហេង សំរិន ក៏មានការថ្លែងសុន្ទរកថាគន្លឹះដោយសម្តេចវិបុលសេនាភាក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា, សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាផងដែរ។

មុនឈានដល់ការប្រកាសបើកជាផ្លូវការនៅថ្ងៃនេះ កាលពីព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩ សម្តេច ហេង សំរិន ដែលជាប្រធានវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិកលើកទី២៧ បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិនៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក។ កិច្ចប្រជុំនេះ ធ្វើឡើងដើម្បីសម្រេចការងារសំខាន់ៗមួយចំនួនរបស់វេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក ដែលហៅកាត់ថា APPF ពិសេសរបៀបវារៈសម្រាប់កិច្ចប្រជុំប្រចាំឆ្នាំលើកទី២៧ APPF ដែលប្រារព្ធពិធីបើកជាផ្លូវការនៅថ្ងៃទី១៥ ខែមករានេះ។

គណៈប្រតិភូ APPF ដែលជាសមាជិកគណៈកម្មាធិការប្រតិបត្តិចូលរួមកិច្ចប្រជុំមាន ប្រទេសកម្ពុជា កាណាដា អូស្រ្តាលី ជប៉ុន ឈីលី ឡាវ ម៉ុងហ្គោលី រុស្ស៊ី ឥណ្ឌូណេស៊ី។

សូមជម្រាបថា សភាកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំប្រចំាឆ្នាំលើកទី២៧ APPF ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩ ក្រោមប្រធានបទ «ពង្រឹងភាពជាដៃគូសភាដើម្បីសន្តិភាព សន្តិសុខ និងកាអភិវឌ្ឍប្រកបដោយចីរភាព»។

វេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក ជាបណ្តុំស្ថាប័ននីតិប្បញ្ញត្តិមួយ ដែលបង្កើតឡើងក្នុងគោលបំណងជំរុញសុខសន្តិភាព និងការអភិវឌ្ឍដោយចីរភាព។ APPF បានបង្កើតនៅឆ្នាំ១៩៩៣ នៅក្នុងប្រទេសជប៉ុន បច្ចុប្បន្នមានសមាជិកចំនួន ២៧ប្រទេស។

សម្តេច ហេង សំរិន ក្នុងសារស្វាគមន៍លើគេហទំព័រកិច្ចប្រជុំនៃវេទិកាសភាតំបន់អាស៊ី-ប៉ាស៊ីហ្វិកបានគូសបញ្ជាក់ថា កិច្ចប្រជុំវេទិកាសភា តំបន់អាស៊ី-ប៉ាស៊ីហ្វិក គឺជាវេទិកាតំបន់មួយ ប្រកបដោយថាមពល ត្រូវបានបង្កើតឡើង ក្នុងគោលបំណងផ្តល់ឱកាសសម្រាប់សមាជិក សភាតំបន់មកជួបជុំគ្នាដើម្បីកំណត់ និងពិភាក្សា លើបញ្ហាមួយចំនួន នឹងនាំយក បញ្ហាទាំងនោះទៅពិភាក្សាក្នុងក្នុងបរិបទសកល។ វេទិកាសភាតំបន់អាស៊ី-ប៉ាស៊ីហ្វិក នឹងផ្តល់ឱកាស សម្រាប់សមាជិកសភា នៃ តំបន់អាស៊ី-ប៉ាស៊ីហ្វិក ដើម្បីពិនិត្យការវិវត្តថ្មីៗ ខាងផ្នែកនយោបាយសង្គម និង វប្បធម៌ ដែលកើតចេញពីសមាហរណកម្ម និងកំណើនសេដ្ឋកិច្ច។

សម្តេចប្រធានរដ្ឋសភា បានគូសបញ្ជាក់ថា ប្រធានបទ នៃវេទិកាស្តីពី «ការពង្រឹងភាពជាដៃគូរ ដើម្បីសន្តិភាព សន្តិសុខ និងការអភិវឌ្ឍប្រកបដោយចីរភាព» នឹងឆ្លុះ បញ្ចាំងអំពីនិន្នាការនៃការអភិវឌ្ឍទំនាក់ទំនងអន្តរជាតិ ការទូតសភា និងការចង្អុលបង្ហាញការដឹកនាំពិភាក្សារបស់យើង ដើម្បីឆ្ពោះទៅរកការចេញសេចក្តីថ្លែងការរួមមួយ ដែលគូសបញ្ជាក់អំពីការប្តេជ្ញាចិត្តរបស់សមាជិក នៃវេទិកាតំបន់ទាំងអស់ ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វប្បធ៌ម និងនៅក្នុងតំបន់ ដើម្បីសម្រេចឲ្យបាននូវសន្តិភាព សន្តិសុខ និង ការអភិវឌ្ឍប្រកបដោយចីរភាព៕