ព្រះមហាក្សត្រស្វាគមន៍វេទិកាACC លើកដំបូងនៅកម្ពុជា


សៀមរាប៖ ព្រះករុណា ព្រះបាទសម្តេចបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានព្រះរាជសព្វព្រះរាជហឫទ័យស្វាគមន៍ និងអបអរសាទរ ចំពោះវេទិកាក្រុមប្រឹក្សាវប្បធម៌អាស៊ី ហៅកាត់ថា ACC ដែលធ្វើនៅលើទឹកដីអង្គរ ខេត្តសៀមរាប ជាលើកដំបូង។

ព្រះរាជសាររបស់អង្គព្រះមហាក្សត្រ ផ្ញើជូនក្រុមប្រឹក្សាវប្បធម៌អាស៊ី ក្នុងឱកាសនៃពិធីប្រកាស ជាផ្លូវការ នៅថ្ងៃទី១៥ ខែមករា បានបញ្ជាក់ថា ព្រះអង្គពិតជាមានសេចក្ដីរំភើបរីករាយចំពោះតម្លៃនៃភាពសុខដុមរមនា និងការគោរពចំពោះភាពចម្រុះបែបនៃវប្បធម៌ ដែលជំរុញឱ្យមានគោលការណ៍ផ្ដួចផ្ដើមបង្កើតក្រុមប្រឹក្សាវប្បធម៌អាស៊ី ដែល ត្រូវប្រកាសជាផ្លូវការនៅថ្ងៃនេះ។ ការប្រកាន់ខ្ជាប់នូវគោលការណ៍ទាំងនេះ នាំឱ្យបង្កើតវប្បធម៌សន្ដិភាពថ្មីមួយ ដើម្បីបញ្ចប់វប្បធម៌សង្រ្គាមដែលធ្លាប់កើតមាននៅអតីតកាល និងបន្ដមកដល់ពេលបច្ចុប្បន្ន ក្នុងតំបន់មួយចំនួននៅអាស៊ី។ ព្រះរាជាណាចក្រកម្ពុជា ក៏ធ្លាប់បានរងទុក្ខដ៏ជូរចត់ជាច្រើនទសវត្សរ៍កន្លងមករហូតដល់ឆ្នាំ១៩៩៨ ជាពេលដែលយើងទទួលបានសន្ដិភាពដោយលំបាក និងជាពេលសម្រាប់ស្ដារឡើងវិញនូវ សន្ដិសុខ និងនាំមកនូវភាពរុងរឿង សម្រាប់ប្រជានុរាស្រ្តនៅទូទាំងប្រទេស។

ព្រះរាជសារអានដោយ ឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ បានបញ្ជាក់ថា អង្គព្រះមហាក្សត្របានអបអរសាទរចំពោះ​​សន្និសីទអន្តរជាតិនៃ​បណ្តាគណបក្សនយោបាយនៅអាស៊ី ហៅកាត់ថា ICAPP និងក្រុមប្រឹក្សាវប្បធម៌អាស៊ី ACC ដែលបានផ្ដួចផ្ដើមដ៏ឈ្លាសវៃក្នុងការចាប់ដៃគូជាមួយអង្គការយូណេស្កូ ដើម្បីអនុវត្តកម្មវិធីកិច្ចសហប្រតិបត្តិការផ្នែកវប្បធម៌ និងសកម្មភាពដទៃទៀតសម្រាប់ប្រយោជន៍មនុស្សជាតិ។ ព្រះអង្គជឿជាក់ថា សមិទ្ធផលនៃគំនិតផ្ដួចផ្ដើមនេះ នឹងត្រូវបានចាប់អារម្មណ៍ និងមានភាពល្បីល្បាញពាសពេញទ្វីបអាស៊ី និងខ្ទរខ្ទារដល់បណ្ដាទ្វីបដទៃទៀត។
ព្រះអង្គ មានព្រះបន្ទូលថា វប្បធម៌ និងសម្បត្តិបេតិកភណ្ឌ គឺជាបេះដូង និងព្រលឹងនៃប្រជាជនកម្ពុជា ហើយកម្ពុជាពិតជាមានកិត្តិយស និងមោទនភាព ក្នុងការរៀបចំពិធីប្រកាសក្រុមប្រឹក្សាវប្បធម៌ អាស៊ីជាផ្លូវការ នៅសៀមរាបអង្គរ ទឹកដីនៃរមណីយដ្ឋានបេតិកភណ្ឌពិភពលោក។

ព្រះរាជសារបន្តថា ភាពសុខដុមរមនា គឺជាស្មារតីដ៏សំខាន់នៃអរិយធម៌អង្គរដ៏អស្ចារ្យ ដូចដែលមានបង្ហាញតាមរយៈចម្លាក់នៅតាមប្រាង្គប្រាសាទរាប់រយ និងបូជនីយដ្ឋានផ្សេងៗ ដែលមិនត្រឹមតែមាននៅក្នុងឧទ្យានអង្គរប៉ុណ្ណោះទេ ប៉ុន្ដែថែមទាំងឃើញមាននៅប្រាសាទព្រះវិហារ និងប្រាសាទសំបូរព្រៃគុក ដែលសុទ្ធតែជាសម្បត្តិបេតិកភណ្ឌពិភពលោកផងដែរ។

រាជដ្ឋាភិបាលកម្ពុជា បានទទួលធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាវប្បធម៌អាស៊ី នៅលើទឹកដីអង្គរខេត្តសៀមរាប ពីថ្ងៃទី១៤-១៦ ខែមករា ក្រោមការដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដែលត្រូវបានបោះឆ្នោតឯកភាពឲ្យធ្វើជាប្រធានស្ថាបនិកកិត្តិយសនៃក្រុមប្រឹក្សាវប្បធម៌អាស៊ី ពី ICAPP ដែលមានតំណាងគណបក្សនយោបាយជាង៣៥០ មកពី៥២ប្រទេសក្នុងតំបន់។

សម្តេចតេជោ ហ៊ុន សែន នឹងចូលរួមជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាស ACC ជាផ្លូវការ នៅល្ងាចថ្ងៃទី១៥ ខែមករានេះ នៅទីលានជល់ដំរី ស្ថិតក្នុងរមណីយដ្ឋានអង្គរ ដែលមានអ្នកចូលរួមប្រមាណ៣០០រូប រួមមានឥស្សរជនជាន់ខ្ពស់សំខាន់ៗ រដ្ឋមន្ត្រីក្រសួងវប្បធម៌ពីក្នុងតំបន់ និងឥស្សរជនដទៃទៀតជាសមាជិក ICAPP ព្រមទាំងគណៈ​​ប្រតិភូវេទិកាស​ភាអាស៊ី-ប៉ាស៊ីហ្វិក ហៅកាត់ថា APPF។ ព្រមជាមួយគ្នានោះ សិល្បករ សិល្បៈការិនីល្បីៗ មកពីជាង ១០ ប្រទេស នឹងធ្វើការសម្តែងសិល្បៈ ដើម្បីស្វាគមន៍ ACC ដែលមានការិយាល័យនៅព្រះរាជាណាចក្រកម្ពុជា៕